ពុំទាន់​មាន​ករណី​បិទ​ការនាំចេញ​ស្រូវ​ពី​ខេត្តតាកែវ​ទៅ​វៀតណាម​នោះទេ​

05-04-2021 11:50 am 381

​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ឲ្យដឹងថា ខេត្តតាកែវ​នៅតែ​បន្ត​ការនាំ​ស្រូវ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​ជាធម្មតា ដោយ​គ្រាន់តែ​ខាង​ភាគី​ប្រទេស​វៀតណាម​មានការ​រឹតបន្តឹង​នៅតាម​មាត់ច្រក ទាក់ទង​ទៅនឹង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាល​នៃ​វីរុស​កូវី​ដ​-១៩​តែប៉ុណ្ណោះ​។ ការបញ្ជាក់​របស់លោក​រដ្ឋមន្ត្រី​កសិកម្ម ដោយ​យោងតាម​របាយការណ៍​ពី​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តតាកែវ កាលពី​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២១​។​

​ជាមួយគ្នានេះ លោក​វេង សាខុន​បាន​គូសបញ្ជាក់​បន្ថែមថា ក្នុង​ថ្ងៃទី​០៤​ខែ​មេសា កម្ពុជា​បាន​នាំចេញ​ស្រូវ​ពី​ខេត្តតាកែវ​ទៅកាន់​ប្រទេស​វៀតណាម​ចំនួន​៣,៨៤៨​តោន តាម​ច្រក​កំពង់​អំពិល ក្នុងស្រុក​បូរី​ជលសារ និង​តាម​ច្រក​ភ្នំ​ដិន​ក្នុងស្រុក​គិរីវង់​។ ចំណែកឯ​តម្លៃ​ស្រូវ​សើម​វិញ នៅតែ​ទទួលបាន​តម្លៃ​ល្អ​ដដែល គឺ​តម្លៃ​ស្រូវ​ទិញ​ដល់​ស្រែ​៨៥០​រៀល​ក្នុង​១​គីឡូក្រាម និង​លក់​ដល់​មាត់ច្រក​មានតម្លៃ​៩៣០​រៀល​ក្នុង​១​គីឡូក្រាម​។​

​គួរ​ជម្រាប​ថា នៅក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២១​នេះ លទ្ធផល​នៃ​ការនាំចេញ​ស្រូវ​និង​អង្ករ​កម្ពុជា​ទៅ​ក្រៅប្រទេស ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ទទួលបាន​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ​(National Phytosanitary Database)​បង្ហាញថា ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០២១​នេះ ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម និង​ថៃ មាន​ចំនួន​សរុប​១,៨៧៣,៧៧៩​តោន កើនឡើង​ចំនួន​៩៩៨,២៩៧​តោន ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។ ក្នុងនេះ​ការនាំចេញ​ផ្លូវការ​មាន​ចំនួន​៦៥៨,៣៥០​តោន កើនឡើង​ចំនួន ៦៣២,២៥០​តោន​។ ដោយឡែក​សម្រាប់​ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ​មាន​ចំនួន​១,២១៥,៤២៩​តោន កើនឡើង​ចំនួន ៣៦៦,០៤៧​តោន​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ 

​ចំពោះ​លទ្ធផល​នៃ​ការនាំចេញ​អង្ករ បរិមាណ​អង្ករ​នាំចេញ​ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០២១ មាន​ចំនួន ១៥៣,៦៨៨​តោន មាន​ការថយចុះ​ចំនួន​៧៧,២៦០​តោន​(-៣៣,៤៥%) តិចជាង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០២០​។ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន​១០៧,៣៣៩​តោន ស្មើនឹង​៦៩,៨៤% អង្ករ​ស​គ្រប់​ប្រភេទ​មាន​ចំនួន​៤៣,៧៧៧​តោន ស្មើនឹង​២៨,៤៩% និង​អង្ករ​ចំហុយ​មាន​ចំនួន​២,៥៧២​តោន ស្មើនឹង​១,៦៧%​។ ក្នុងចំណោម​អង្ករ​ក្រអូប​ទាំងនោះ អង្ករ​ផ្ការំដួល​/​ផ្កាម្លិះ​មាន​ចំនួន​៥៧,៧១៤​តោន ស្មើនឹង​៣៧,៥៥%៕

​ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០២១​នេះ មាន​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន​៥១​ក្រុមហ៊ុន បាន​នាំ​អង្ករ​ចេញ​ទៅកាន់​ទិសដៅ​ចំនួន​៤១​ប្រទេស​។ ទាំង​៤១​ប្រទេស​នោះ​ប្រទេស​ចិន​ឈរ​លំដាប់​ទី​១, បារាំង​លេខ​២, ម៉ាឡេស៊ី​លេខ​៣, ហ្គា​បុងលេខ​៤, ណេ​ដឺ​ឡែ​ន​លេខ​៥, អូស្ត្រាលី​លេខ​៦, ចក្រភព​អង់គ្លេស​លេខ​៧, អេ​ស្ប៉ាញ​លេខ​៨, អាល្លឺម៉ង់​លេខ​៩ និង​បែលហ្ស៊ិក​លេខ​១០៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 បញ្ចប់ការបិទខ្ទប់តែស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋពិសេសអាជីវករមិនទាន់ល្អឡើងវិញទេ

 ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រំពឹងថា​សេដ្ឋកិច្ចកម្ពុជា​​នឹង​កើន​៦%​ក្នុង​ឆ្នាំក្រោយ​​

 អ្នកសេដ្ឋកិច្ច៖ ការបើកផ្សាររដ្ឋឡើងវិញផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនិងសង្គម

 រដ្ឋាភិបាលប្ដេជ្ញាប្រែក្លាយវិបត្ដិកូវីដជាឱកាសធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅស្ដារវិស័យសេដ្ឋកិច្ច

 ធនាគារពិភពលោក​កត់សម្គាល់ថា កម្ពុជា​វិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ប្រសើរ​ជាង​មុន​

 ​ADB៖ សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​​ក្នុង​ឆ្នាំ​២០២១ ហើយ​កើន​ខ្ពស់​ក្នុង​ឆ្នាំ​២០២២​

 អ្នក​លក់ដូរ​ក្នុង​ផ្សារ អ្នករត់ម៉ូតូឌុប​និង​ដឹកជញ្ជូន​នៅ​ភ្នំពេញ​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូវី​ដ​

 ហ្វីលីពីន​បិទ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​ដោយសារកូ​វីដ​១៩

 ក្រសួងសេដ្ឋកិច្ច៖ កម្ពុជាមិនខ្វះលុយទិញវ៉ាក់សាំងទេ ខ្លាចតែមិនមានវ៉ាក់សាំងសម្រាប់ទិញ

 ធនាគារពិភពលោក​៖​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​នឹង​ធ្លាក់​ចុះ​១០%​នៅ​ឆ្នាំ​នេះ​