ចិន​ផ្តល់​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​១៥​ម៉ឺន​ដូ​សដល់​ប្រទេស​អែល​សាវ៉ាឌ័​រ​

05-04-2021 11:48 am 292

​ប្រធានាធិបតី​នៃ​ប្រទេស​អែល​សាវ៉ាឌ័រ លោក​Nayib Bukele​និយាយ​នៅ​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២១​ថា ចិន​នឹង​បរិច្ចាក​វ៉ាក់សាំង​ការពារ​មេ​រោគកូ​វីដ​-១៩​ប្រភេទ​ស៊ីណូ​វ៉ាក់​ចំនួន​១៥​ម៉ឺន​ដូស ដល់​ប្រជាជាតិ​អាមេរិ​កណ្តាល​មួយនេះ​។ នេះ​ជា​ជំនួយ​បន្ថែម ពីលើ​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​ចំនួន​២​លាន​ដូស ដែល​រដ្ឋាភិបាល​អែល​សាវ៉ាឌ័​របាន​កុម្មង់​ទិញ​ពី​ចិន​រួចទៅហើយ​។​

​ការផ្តល់​បន្ថែម​នូវ​វ៉ាក់សាំង​របស់​ចិន​នេះ នឹង​រួមចំណែក​ជួយ​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រទេស​អែល​សាវ៉ាឌ័រ ដែលមាន​ប្រជាជន​ប្រមាណ​៦.៥​លាន​នាក់​។ អែល​សាវ៉ាឌ័រ​បានចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​រោគកូ​វីដ​-១៩ ជាមួយនឹង​វ៉ាក់សាំង AstraZeneca​កាលពី​ខែកុម្ភៈ​។ សូម​ជម្រាបជូន​ថា ប្រទេស​អែល​សាវ៉ាឌ័​របាន​រាយការណ៍​ថា​មាន​មនុស្ស​៦៤,៤៣១​នាក់ ឆ្លង​មេ​រោគកូ​វីដ​-១៩​និង​២,០២៥ នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ​។​

​គួរ​កត់សំគាល់ថា ចិន​ជា​ប្រទេសមួយ​ដែល​ផលិត​វ៉ាក់សាំង​បាន​ដោយ​ខ្លួនឯង និង​មានចិត្ត​ទូលាយ​ចែករំលែក​វ៉ាក់សាំង​នេះ តាមរយៈ​ការលក់ដូរ​ផង​និង​ផ្តល់​ដោយ​ឥត​គិត​ប្រាក់​ផង ដល់​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក ជាពិសេស​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ​៕ ដោយ​៖​អ៊ុន សុ​ឡា​

ព័ត៌មានផ្សេងទៀត