ជនជាតិ​ចិន​អាយុ​៤២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ជា​ករណី​ទី​២១

05-04-2021 11:27 am 972

​បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​៤២​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ នៅ​យប់​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២១​ជា​ករណី​ទី​២១​។ បុរស​ដែល​ស្លាប់​រស់​នៅក្នុង​អគារ Prince Tower សង្កាត់​វាលវង់ រាជធានី​ភ្នំពេញ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​សុខាភិបាល​។​

​ក្រសួង​សុខាភិបាល​ឲ្យដឹង​បន្ថែ​ម​ថា អ្នកជំងឺ​ម្នាក់នេះ​ត្រូវបាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២១ និង​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ដោយសារ​តែ​ស្ថានភាព​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​តាំងពី​ចូល​សម្រាក​ពេទ្យ​ដំបូង តម្រូវឱ្យ​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម​ជាប់​ជានិច្ច​។​ប៉ុន្ដែ​ទោះបីជា​ក្រុម​គ្រូពេទ្យ​បាន​ខិតខំ​ជួយ​សង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស​យ៉ាងណា​ក៏ដោយ​នៅ​តែ​មិន​អាច​ជួយ​បាន ដែល​បណ្តាលឱ្យ​ស្លាប់​បាត់​បង់​ជីវិត នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​២២:០០​នាទី​។​បើ​តាម​ការសន្និដ្ឋានរ​បស់​ក្រុមគ្រូពេទ្យ​អ្នកជំងឺ​រូបនេះ​បាន​ស្លាប់​ដោយសារ​ខ្សោយ​សួត​ធ្ងន់ធ្ងរ និង​រលាក​សួត​សងខាង​ដោយ​សារ​ជំងឺ​កូវី​ដ​១៩៕ ដោយ​៖​វណ្ណ យ៉ា​រី 

ព័ត៌មានផ្សេងទៀត