ចិន​ធ្វើការ​ជាមួយ​អាស៊ាន​ដើម្បី​ជំរុញ​កិច្ចចរចា​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា​

04-04-2021 2:26 pm 789

​ប្រទេស​ចិន​នឹងធ្វើ​ការប្រាស្រ័យ​ទាក់ទង​និង​សម្របសម្រួល​ជាមួយ​គ្រប់ភាគី​ទាំងអស់ ខណៈពេលដែល​កំពុងធ្វើកា​រ​រួមគ្នា​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ដើម្បី​ជំរុញ​កិច្ចពិភាក្សា​សន្តិភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​ជួយ​សម្រួល​ដល់​ស្ថានភាព​ដែល​កំពុងតែ​តានតឹង​ខ្លាំង​នៅក្នុង​ប្រទេស​នេះ​។ នេះ​បើតាម​ការ​ថ្លែង​របស់​សមាជិក​ក្រុមប្រឹក្សារដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក​Wang Yi ។ 

លោក​Wang Yi បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុងពេល​ជួបពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ម្តងម្នាក់ មួយ​ទល់​មួយ ស្តីពី ស្ថានភាព​មី​យ៉ាន់​ម៉ា ជាមួយ​សម​ភាគី​របស់​លោក​មកពី​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​និង​ហ្វីលីពីនសុទ្ធតែជាប្រទេសសមាជិកអាស៊ាន ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​Nanping​ខេត្ត​Fujian​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​៣១​ខែមីនា​ដល់​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២១​។ នៅពេល​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក​Teodoro Locsin​កាលពី​ថ្ងៃ​សុក្រ លោក​Wang Yi​បាន​សង្ខេប​ជំហរ​របស់​ចិន​លើ​បញ្ហា​មី​យ៉ាន់​ម៉ា​គឺមាន​“​បី​ការគាំទ្រ​” និង​“​បី​ចៀសវាង​” ។​

​ប្រមុខ​ការទូត​ជាន់ខ្ពស់​ចិន​រូបនេះ​និយាយថា ប្រទេស​ចិន​គាំទ្រ​គ្រប់ភាគី​ទាំងអស់ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ការស្វែងរក​ដំណោះស្រាយ​នយោបាយ នៅក្នុង​ក្របខ័ណ្ឌ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​។ ប្រទេស​ចិន​គាំទ្រ​អាស៊ាន​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន នៃ​ការមិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​និង​ចូលរួម​ក្នុងន័យ​ស្ថាបនា ដើម្បី​ជួយ​សម្រួល​ដល់​ស្ថានភាព​ប្រទេស​មី​យ៉ាន់​ម៉ា​។ លោកWang​បាន​និយាយ​បន្ថែមថា ប្រទេស​ចិន​ក៏​គាំទ្រ​ផងដែរ នូវ​សំណើរ​នៃ​ការប្រជុំ​ពិសេស​របស់​មេដឹកនាំ​អាស៊ាន ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។ ចំណែក​“​បី​ចៀសវាង​” វិញ លោក​វ៉ាង​បាន​អំពាវនាវ​ឲ្យ​ចៀ​សពី​ការ​បង្ហូរឈាម​និង​ការស្លាប់​និង​របួស​ជន​ស៊ីវិល​បន្ថែមទៀត​នៅ​ក្នុងប្រទេស ហើយ​ការអន្តរាគមន៍​ដែល​មិន​សមរម្យ​នៅក្នុង​ស្ថានភាព​របស់​មី​យ៉ាន់​ម៉ា ក៏​គួរតែ​ត្រូវបាន​ជៀសវាង​ផងដែរ​។ លោក​បាន​និយាយ​បែបនេះ ដោយ​សំដៅ​ទៅលើ​កម្លាំង​ខាងក្រៅ​មួយចំនួន ដែល​កំពុង​ព្យាយាម​ធ្វើឲ្យ​អស្ថិរភាព​ប្រទេសមី​យ៉ាន់​ម៉ា​។​

​ចិន​ត្រូវគេ​មើលឃើញថា ជា​ប្រទេសមួយ​មាន​ឥទ្ធិពល​លើ​មី​យ៉ាន់​ម៉ា​ជាង​ប្រទេស​ឯទៀត​នៅលើ​ពិភពលោក​។ ដោយសារតែ​ទីតាំង​ភូមិសាស្ត្រ មី​យ៉ាន់​ម៉ា​និង​ចិន​មាន​ព្រំដែន​ជាប់​គ្នា ហើយ​ចិន​ជា​ប្រទេស​មួយគត់​ដែលនៅតែមាន​ទំនាក់ទំនងជិតស្និទ្ធ​ទាំង​ផ្នែក​នយោបាយ​និង​ពាណិជ្ជកម្ម រួមទាំង​ការផ្គត់ផ្គង់​ផ្នែក​សព្វាវុធ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ចន្លោះពេល​មី​យ៉ាន់​ម៉ា​ស្ថិតក្រោម​ការដឹកនាំ​ដោយ​យោធា​។ អំឡុងពេល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​របប​យោធា អស់​រយៈពេល​ប្រមាណ​៤៩​ឆ្នាំ រាប់​តាំងពី​ឆ្នាំ​១៩៦២​ដល់​២០១១ ពុំ​សូវ​មាន​ប្រទេស​ណា​បើកចំហ​ទំនាក់ទំនង​ជាមួយ​មី​យ៉ាន់​ម៉ា​ទេ ហើយ​បានធ្វើឲ្យ​មី​យ៉ាន់​ម៉ា​ក្លាយជា​ប្រទេស​ឯកោ​លើ​ឆាក​អន្តរជាតិ​។ យ៉ាងណា​បើទោះបីជា​មី​យ៉ាន់​ម៉ា​ផ្លាស់ប្តូរ​ការដឹកនាំ​មក​តាម​បែបផែន​ស៊ី​វី​ល​នៅ​ឆ្នាំ​២០១១ ឥទ្ធិពល​ចិន​លើ​មី​យ៉ាន់​ម៉ា​នៅតែ​មិន​សាប​សូន្យ​។ 

​ពោល ក្រោយ​ឈ្នះឆ្នោត​ក្លាយជា​អ្នកដឹកនាំ​ប្រទេស​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​បាន​បោះជំហាន​ជាន់​ទឹកដី​ចិន​មុន​ប្រទេស​ណាៗ​ទាំងអស់ ដើម្បី​ពឹងពាក់​ចិន​ឲ្យជួយ​ផ្សះផ្សារ​ជម្លោះ​ជាមួយ​ជនជាតិភាគតិច​ប្រដាប់អាវុធ​នៅ​មី​យ៉ាន់​ម៉ា​។ ក្នុងពេល​ដំណាលគ្នា​ដែល​ចិន​រឹតចំណង​មិត្តភាព​ជាមួយ​របប​យោធា​មី​យ៉ាន់​ម៉ា ចិន​ក៏​បន្ត​មាន​ទំនាក់​ជាមួយ​ជនជាតិភាគតិច ដែលជា​សត្រូវ​របស់​យោធា​មី​យ៉ាន់​ម៉ា​ផងដែរ​។ ទំនាក់ទំនង​រវាង​ចិន​និង​ជនជាតិភាគតិច​មី​យ៉ាន់​ម៉ា មាន​​ភាពស្អិតល្មួតរ​ហូត​មាន​ប្រភពព័ត៌មាន​ខ្លះ​ថា ចិន​ធ្លាប់​លួច​ផ្គត់ផ្គង់​អាវុធ​ដល់​ជនជាតិភាគតិច​រស់នៅ​ក្នុងប្រទេស​យោធា​មី​យ៉ាន់​ម៉ា​ទៀតផង​។ ការណ៍​នេះក៏​បង្ហាញឲ្យឃើញដែរថា ចិន​រាប់អាន​មនុស្ស​ស្ទើរតែ​គ្រប់​ស្រទាប់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ឲ្យតែ​ផ្តល់​ផលប្រយោជន៍ដល់​ខ្លួន​។​

​ម្យ៉ាង វិបត្តិ​ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២១​នៅ​មី​យ៉ាន់​ម៉ា​ដែល​នៅតែ​រក​ច្រកចេញ​មិនទាន់​ឃើញ​នៅឡើយ​នេះ ចំពេល​ចិន​កំពុងតែ​ព្យាយាម ពង្រីក​ឥទ្ធិពល​កាន់តែ​ខ្លាំងក្លា​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ការ​រឹតចំណង​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​។ ប្រសិនបើ​ចិន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពិតប្រាកដ  បញ្ចុះបញ្ចូល​គ្រប់ភាគី​នៅ​មី​យ៉ាន់​ម៉ា ឲ្យ​បន្ថយ​ស្ថានការណ៍​ដែល​កំពុងតែ​ធ្លាក់​ដុនដាប​ឲ្យ​ប្រសើរឡើង​បាននោះ អាចធ្វើឲ្យ​ចិន​កាន់តែ​មានភាព​លេចធ្លោ​បន្ថែមទៀត ខណៈ​ចិន​ជា​ប្រទេស​មហាអំណាច​តំបន់​ដោយ​មិនអាច​ប្រកែក​បាន​រួចទៅហើយ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត