ហេតុអ្វី​ពេលនេះ​​អាមេរិក​​មិនអាច​ចែកចាយ​​វ៉ាក់សាំង​កូវី​ដ​​ទៅកាន់​ពិភពលោក​​ដូច​ចិន​?

30-03-2021 6:56 pm 6002

​ចំនួន​មនុស្ស​ឆ្លង​ជំងឺ​កូវី​ដ​-១៩​នៅលើ​ពិភពលោក​គិត​ត្រឹម​ពេលនេះ  បាន​កើនឡើង​ដល់​ជិត​១៣០​លាន​នាក់​ហើយ ខណៈ​ស្លាប់មាន​ជិត​៣​លាន​នាក់​។ ការណ៍​នេះ​បានធ្វើឲ្យប​ណ្ដា​ប្រទេស​នានា​រិះរក​មធ្យោ​បាយ​ធ្វើយ៉ាងណា​ទប់ស្កាត់​ការឆ្លង និង​កុំឲ្យ​មាន​មនុស្ស​ស្លាប់​កាន់តែច្រើន​។ យន្ដការ​ដែល​ត្រូវ​ប្រើប្រាស់​មាន​ការដាក់ចេញ​វិធានការ​សុវត្ថិភាព ហើយ​ជាពិសេស​គឺ​ការ​ស្វះស្វែង​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់ឲ្យ​ពលរដ្ឋ​។​

​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ជាច្រើន​ប្រភេទ​ទទួលបាន​ការអនុញ្ញាតឲ្យ​ប្រើប្រាស់ ដូចជា​វ៉ាក់សាំង​Sinovac, Sinofarm របស់​ចិន Johnson&johnson, Moderna និង​Pfizer​របស់​អាមេរិក Sputnik V​របស់​រុស្ស៊ី និង​Astrazeneca​របស់​អង់គ្លេស​។ មួយចំនួន​ក្នុងចំណោម​វ៉ាក់សាំង​ទាំងនេះ បាន​ចែកចាយ​ទៅកាន់​ពិភពលោក​តាមរយៈ​ការបញ្ជាទិញ​ដោយផ្ទាល់​ផង និង​តាមរយៈ​យន្ដការ​ចែកចាយ​វ៉ាក់សាំង​កូវ៉ាក់​(Covax)​របស់​អង្គការ​សុខភាព​ពិភពលោក​ផង​។ ប៉ុន្ដែ​លើកលែង​វ៉ាក់សាំង​របស់​អាមេរិក ដែល​មិនទាន់បាន​នាំចេញ​ទៅ​ក្រៅប្រទេស ដូចជា​វ៉ាក់សាំង​របស់​ចិន រុស្ស៊ី និង​អង់គ្លេស​។​

​តើ​ហេតុអ្វី​វ៉ាក់សាំង​របស់​អាមេរិក មិនទាន់​អាច​ចែកចាយ​ទៅកាន់​ពិភពលោក​បាន​?

​ជា​ការពិត​មិនអាច​ប្រកែក​បាន​ដែលថា ប្រទេស​ចិន​បាន​នាំចេញ​វ៉ាក់សាំង​របស់ខ្លួន​រាប់លាន​ដូស​ទៅកាន់​បណ្ដា​ប្រទេ​សដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។ យ៉ាងតិច​បំផុត​ក៏មាន​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាង​២០​ដែរ បានទទួល​វ៉ាក់សាំង​ចិន​រួមទាំង​កម្ពុជា​ផង​។ នេះ​បើ​ផ្អែក​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​VOA​កាលពី​ថ្ងៃ​២២​ខែ​មីនា​។ វ៉ាក់សាំង​ចិន​ដែល​នាំ​ចេញទៅ​មាន​ស៊ីណូ​វ៉ាក់និង​ស៊ីណូ​ហ្វាម ហើយ​ចិន​មាន​គោលដៅ​នឹង​នាំចេញ​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍ​រហូតដល់​៥៣​ប្រទេស​។ យើង​មិន​និយាយ​ពី​ហេតុផល​ដែល​ជំរុញ​ឲ្យ​ចិន​ធ្វើ​ដូច្នេះ​ទេ មិន​ថា​ជា​ហេតុផល​សេដ្ឋកិច្ច នយោបាយ ឬក៏​ហេតុផល​ណាមួយ​ក៏ដោយ​។ 
​ចំពោះ​សហរដ្ឋអាមេរិក ជា​ការពិត​ដែល​អាមេរិក​មិនទាន់​ស្ទុះស្ទារ​ចែកចាយ​វ៉ាក់សាំង​របស់ខ្លួន​ទៅកាន់​ពិភពលោក​ដូច​ចិន​ឡើយ​។ សំណួរ​សួរថា​ហេតុអ្វី​?

​សូមបញ្ជាក់ថា គិត​ត្រឹម​ពេលនេះ​អាមេរិក​មាន​មនុស្ស​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ជាង​៣១​លាន​នាក់​ហើយ និង​ស្លាប់​កើន​ដល់​ជាង​៥៦​ម៉ឺន​នាក់ នេះ​បើ​យោងតាម​ទិន្នន័យ​ចុះផ្សាយ​ដោយ​គេហទំព័រ​worldometers​។ បច្ចុប្បន្ន​អាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​នៅក្នុង​ពិភពលោក ជា​ប្រទេស​ដែលមាន​មនុស្ស​ឆ្លង​និង​ស្លាប់​ច្រើនជាងគេ​បំផុត​។ ជា​ចម្លើយ​នៃ​សំណួរ​ខាងលើ​គឺថា ដោយមាន​អ្នក​ឆ្លង​និង​ស្លាប់​ច្រើន ទើប​អាមេរិក​ត្រូវ​គិតគូរ​ពី​ការ​ផ្គត់​ផ្គង់​នៅក្នុង​ប្រទេស​ខ្លួនឯង​សិន​។​

​បើ​មើល​ឲ្យ​មែនទែនទៅ វា​ជា​រឿង​ត្រឹមត្រូវ​ព្រោះ​បើ​ពលរដ្ឋ​អាមេរិក​កំពុង​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​កូវី​ដ​-១៩  ចាំបាច់​អាមេរិក​ត្រូវតែ​ជួយ​ពលរដ្ឋ​ខ្លួន​មុនគេ ទោះបី​អាមេរិក​ជា​មេដឹកនាំ​ពិភពលោក​ក៏ដោយ​។ មានមតិ​ខ្លះ​និយាយ​បែប​ចំអក​ផង​និង​រិះគន់​ផង​ថា អាមេរិក​អាត្មានិយម​ចង់​រស់​តែឯង​មិន​ខ្វល់​ប្រទេស​ផ្សេង​។ ប៉ុន្ដែ​យើង​អាច​ប្រៀបធៀប​បាន​ថា ក្នុងពេល​ដំណាលគ្នា​នៅពេល​កូន​យើង​ឈឺ យើង​មិន​ជួយ​ទុកឲ្យ​ស្លាប់​ហើយរ​ត់​ទៅជួ​យកូន​អ្នកដទៃ​ទៅវិញ​? ករណីនេះ​គឺ​មិន​អាចទៅរួច​ទេ ឪពុកម្ដាយ​ច្បាស់​ជា​ស្រឡាញ់​កូន​ខ្លួនឯង​ជាង គឺ​អាមេរិក​ច្បាស់​ជា​ស្រឡាញ់​ពលរដ្ឋ​ខ្លួនឯង​ជាង​។​

​មួយវិញទៀត ករណី​អាមេរិក​មិនទាន់​អាច​ចែកចាយ​វ៉ាក់សាំង​ដែល​ខ្លួន​ផលិត​បាន​ទៅ​ក្រៅប្រទេស បើតាម​ប្រធានាធិបតី​ថ្មី​អាមេរិក​លោកចូ បាយ​ដិន លោក​ប្រកាស​តាំងពី​ថ្ងៃ​ចូល​កាន់អំណាច​ថា ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង​នៃ​ការ​កាន់តំណែង លោក​នឹង​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​-១៩​ដល់​ពលរដ្ឋ​អាមេរិក​ឲ្យបាន​១០០​លាន​ដូស ប៉ុន្ដែ​គិត​សព្វថ្ងៃ​គោលដៅ​នេះ​គឺ​សម្រេចបាន​គ្រប់​រួចទៅហើយ​មិនទាន់​ដល់ពេល​កំណត់​ផង​។ ដូច្នេះ​លោក​បានកំណត់​គោលដៅ​ថ្មី គឺ​ចាក់​ឲ្យបាន​២០០​លាន​ដូស​ក្នុងរយៈពេល​១០០​ថ្ងៃ​ដំបូង​នៃ​តួនាទី​ជា​ប្រធានាធិបតី​។ ដើម្បី​សម្រេច​ផែនការ​ថ្មី ចាំបាច់​ត្រូវតែមាន​វ៉ាក់សាំង​ក្នុង​ដៃ​ឲ្យ​គ្រប់​ចំនួន ដូច្នេះហើយ​បានជា​អាមេរិក​គ្មាន​ជម្រើស​ផ្សេង គឺ​ត្រូវតែ​ទុក​វ៉ាក់សាំង​ប្រើ​ខ្លួនឯង​សិន​ក្នុងដំណាក់កាល​នេះ​។​

​តើ​អាមេរិក​បាន​ហាមឃាត់​ទៅ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​មិនឲ្យ​លក់​ចេញឬ​?

​បើតាម​ការបញ្ជាក់​ពី​មន្ដ្រីជាន់ខ្ពស់​នៃ​សេត​វិមាន អាមេរិក​មិនបាន​ហាមប្រាម​ឬ​ដាក់​កំហិត​ណាមួយ​ទៅលើ​ការនាំចេញ​វ៉ាក់សាំង​នោះទេ​។ រដ្ឋមន្ដ្រី​ព័ត៌មាន​នៃ​សេត​វិមាន​លោកស្រី​Jen Psaki​បានឲ្យដឹងថា រដ្ឋាភិបាល​អាមេរិក​ពិតជា​មិនបាន​ធ្វើបែបនេះ​ឡើយ សំខាន់ឲ្យ​តែ​ក្រុមហ៊ុន​ផលិត​ទាំងនោះ​បំពេញ​តាម​លក្ខខណ្ឌ​ដែល​កំណត់​។ ក្រុមហ៊ុន​អាច​សហការ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​បាន ប្រសិន​ពួកគេ​អនុវត្ដ​ទៅតាម​អ្វីដែល​ជា​តម្រូវការ​របស់​អាមេរិក​។ លោកស្រី​បន្ថែមថា តាមរយៈ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​កន្លងមក គឺ​អាមេរិក​ចង់​ផ្ដោត​យកចិត្ដទុកដាក់​ទៅលើ​ពលរដ្ឋ​ខ្លួន​សិន ដើម្បី​ធានាថា​ពួកគេ​កំពុង​ទទួលបាន​វ៉ាក់សាំង​។ នោះ​គឺជា​ជម្រើស​អាទិភាព​សម្រាប់​រដ្ឋាភិបាល​។ ប៉ុន្ដែ​ក្នុងពេល​តែមួយ​អាមេរិក​ក៏​បាននិងកំពុង​ចូលរួម​និង​ធ្វើការ​ជាមួយ​សហគមន៍​អន្ដរជាតិ រក​វិធី​គ្រប់គ្រង​ការឆ្លង​រាតត្បាត​ផងដែរ​។ ការចូលរួម​មិន​ត្រឹមតែ​តាមរយៈ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ក៏មាន​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត គ្រាន់តែ​ថា​មិនបាន​ផ្ដល់ជំនួយ​វ៉ាក់សាំង​។ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ក៏​នៅតែ​អាច​ធ្វើការ​ជាមួយ​ប្រទេស​នានា​ជុំវិញ​ពិភពលោក សម្រាប់​ផែនការ​ទិញយក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ តែ​សម្រាប់​អាមេរិក​ក៏ត្រូវ​ការទិញ​វ៉ាក់សាំង​តាម​ផែនការ​អាទិភាព សម្រាប់​ចាក់​ជូន​ដល់​ពលរដ្ឋ​។ 

​អាមេរិក​បានបញ្ជាក់​ក្នុងពេល​ថ្មីៗ​នេះដែរ​ថា​នឹង​ចែកចាយ​វ៉ាក់សាំង​ទៅដល់​បណ្ដា​ប្រទេស​ផ្សេងៗ ប្រសិនបើ​ខ្លួន​អាច​បញ្ចប់​បាន​ករណី​ឆ្លង​ដែល​កំពុង​កើនឡើង​។ លោកចូ បាយដិន​ធ្លាប់​និយាយថា នៅពេល​អាមេរិក​ទប់ស្កាត់បាន​ហើយ អាមេរិក​នឹង​ចែករំលែក​ទៅកាន់​ពិភពលោក តែ​សំខាន់​គឺ​ជួយ​ពលរដ្ឋ​អាមេរិក​មុនគេ ជួយ​ពលរដ្ឋ​បរទេស​ជា​រឿង​តាម​ក្រោយ​។​

​រហូត​មកដល់ពេលនេះ តើ​អាមេរិក​បាន​បញ្ចេញ​វ៉ាក់សាំង​ប៉ុន្មាន​លាន​ដូ​សហើយ​ទៅ​ចាក់ជូន​ពលរដ្ឋ​?

​ពលរដ្ឋ​អាមេរិក​យ៉ាងហោចណាស់​ជាង​១៤០​លាន​នាក់​ហើយ​បានទទួល​វ៉ាក់សាំង​ការពារកូ​វីដ​-១៩ ដូសទី​១​។ ចំណែក​ពលរដ្ឋ​ប្រមាណ​៣​លាន​នាក់​ទៀត​ចាក់​វ៉ាក់សាំង​Johnson&Johnson ដែលជា​វ៉ាក់សាំង​ចាក់​តែមួយ​ដូស​។ រីឯ​ពលរដ្ឋ​ជាង​៥១​លាន​នាក់​បាន​ចាក់​គ្រប់​ចំនួន​ពី​រដូស​។ គ្រប់​ចំនួន​ពីរដូ​សគឺ​សំដៅលើ​ការចាក់​វ៉ាក់សាំ​ង​Moderna​និង​Pfizer​។ 

​សេត​វិមាន​បានឲ្យដឹងថា អាមេរិក​នឹងមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ចាក់​ដល់​មនុស្សពេញវ័យ​នៅត្រឹម​ចុងខែ​ឧសភា​ឆ្នាំនេះ​។ រីឯលោក​បាយដិន​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃទី​១១​មីនា លោក​និយាយថា​លោក​នឹង​ដឹកនាំ​ធ្វើយ៉ាងណាឲ្យ​មនុស្សពេញវ័យទាំងអស់​នៅក្នុង​កុល​សម្ពន្ធ និង​តំបន់​នានា​របស់​អាមេរិក អាចទៅទទួលវ៉ាក់សាំងបានគ្រប់គ្នាចាប់ពី​​ថ្ងៃទី​០១​ខែ​ឧសភា​។ ចំពោះ​ការ​ចែកចាយ​វ៉ាក់សាំង​នៅ​អាមេរិក រដ្ឋបាល​ស្បៀងអាហារ​និង​ឱសថ​អាមេរិក​បញ្ជាក់ថា នៅ​ខែឧសភា​វ៉ាក់សាំង​Pfizer​និង​Moderna​នឹង​អាច​ចែកចាយ​បាន​១០០​លាន​ដូស​ក្នុង​មួយខែ លឿន​ជាង​ការរំពឹងទុក​កន្លងមក​ដែល​គិតថា​រហូតដល់​ខែមិថុនា​ទើប​អាច​ធ្វើបាន​។​

​តើ​ពេលណា​ទើប​អាច​បញ្ចប់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​នៅ​សហរដ្ឋអាមេរិក​បាន​?

​បើតាម​លោកចូ បាយដិន​ធ្លាប់​និយាយថា នៅត្រឹម​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំនេះ​មនុស្ស​នឹង​អាច​ជួបជុំគ្នា​ជា​ក្រុម​តូចៗ​វិញ​បាន ហើយ​អាមេរិក​អាច​នឹង​វិល​ទៅរក​សភាព​ធម្មតា​នៅ​ចុង​ឆ្នាំនេះ​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​លោក​ក៏​មិន​ប្រាកដ​ដាច់ខាត​ថា​នឹង​ល្អ​១០០​ភាគរយ​នោះដែរ​។ ទាំង​លោក​បាយដិ​ននិង​លោក​Fauci​ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ដ្រ​បាន​សង្កត់ធ្ងន់ថា មាន​ភាពមិនប្រាកដប្រជា​ច្រើន​ដែល​អាច​ជះឥទ្ធិពល​ដល់​ដំណើរការ​នៃ​ភាពល្អប្រសើរ​នេះ​។ មេរោគ​បំប្លែង​ថ្មី​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ឬ​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​វ៉ាក់សាំង ការផលិត​និង​ចាក់​វ៉ាក់សាំង​អាច​ជាប់គាំង​ក្នុង​ហេតុផល​ណាមួយ​ក៏​ថា​បាន​។ ប៉ុន្ដែ​អ្វីដែល​សំខាន់​គឺ​រដ្ឋាភិបាល​អាមេរិក​បាន​ប្ដេជ្ញា​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ លោក​Fauci​បញ្ជាក់​ពេល​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​CNN​ថា ទោះបី​ស្ថានភាព​មិនល្អ​ដូច​កាលពី​ចុងឆ្នាំ​២០១៩ ពោលគឺ​មុនពេល​ផ្ទុះ​កូវី​ដ​-១៩​នៅ​អាមេរិក ប៉ុន្ដែ​យ៉ាងហោចណាស់​ស្ថានភាព​នៅ​ចុង​ឆ្នាំនេះ ក៏​នឹង​ល្អ​ជាង​ពេលបច្ចុប្បន្ន​ដែរ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត