អ៊ីរ៉ង់​នឹងមិន​បញ្ឈប់​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ា​ញ៉ូម បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​

30-03-2021 3:31 pm 133

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​ដកស្រង់​សំដី​របស់​មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​មួយរូប និយាយ​នៅ​ថ្ងៃទី​៣០​ខែ​មីនាឆ្នាំ​២០២១​ថា ទីក្រុង​តេ​ហេ​រ៉ង់​នឹង​បញ្ឈប់​ការបង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​២០​ភាគរយ​របស់ខ្លួន លុះត្រាតែ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំងអស់​លើ​អ៊ីរ៉ង់​ជាមុនសិន​។ មិនតែប៉ុណ្ណោះ​មន្ត្រី​រូបនោះ​បាន​និយាយថា ទីក្រុង​តេ​ហេ​រ៉ង់​នឹង​កាត់បន្ថយ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​បន្ថែមទៀត ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ប្រសិនបើ​សហរដ្ឋអាមេរិក​មិន​ដក​ទណ្ឌកម្ម​ទាំងអស់ ជាមួយនឹង​ការព្រមាន​ថា​ទីក្រុង​វ៉ាស៊ីនតោន​ជិត​អស់​ពេល នៅក្នុង​ការស្តា​កិច្ចព្រមព្រៀង​នេះ​ទៀតផង​។ ក្នុងន័យនេះ អ៊ីរ៉ង់​ចង់ឲ្យ​អាមេរិក​ប្រញាប់ប្រញាល់​ធ្វើតាម​ការស្នើ​របស់ខ្លួន គឺ​លើកលែង​ទណ្ឌកម្ម​មុននឹង​ចាប់ផ្តើម​ការចរចា ហើយ​ក្រោយ​លើកលែង​ទណ្ឌកម្ម អ៊ីរ៉ង់​នឹង​បន្ត​អនុវត្តតាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នោះ​តាម​ក្រោយ​។​

​ការចេញ​មក​បញ្ជាក់​ជំហរ​របស់​អ៊ីរ៉ង់​យ៉ាង​ដូច្នេះ ជា​ការឆ្លើយតប​នឹង​សារព័ត៌មាន​អាមេរិក​ដែល​បាន​ចុះផ្សាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ផ្តល់ជូន​នូវ​សំណើ​ថ្មី​មួយ ដើម្បី​ចាប់ផ្តើម​ការចរចា​។ សារព័ត៌មាន​Politico បាន​រាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បង្ហាញ​ជំហរ​ផ្ទុយគ្នា​ពី​អ៊ីរ៉ង់​ថា អាមេរិក​នឹង​ស្នើឲ្យ​អ៊ីរ៉ង់​បញ្ឈប់​សកម្មភា​ពនុយ​ក្លេ​អ៊ែរ​មួយចំនួន​របស់ខ្លួន ដូចជា​ការផ្អាក​នូវ​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​សារធាតុ​អ៊ុយរ៉ា​ញ៉ូម ដល់​កម្រិត​២០​ភាគរយ​ជាដើម មុននឹង​ទទួលបាន​នូវ​ការធ្វើឲ្យ​ធូរស្បើយ​ខ្លះ​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច​។ តាម​ការកំណត់​នៅក្នុង​កិច្ចព្រមព្រៀង គេ​អនុញ្ញាតឲ្យ​អ៊ីរ៉ង់​មាន​បរិមាណ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ត្រឹមតែ​៣,៦៧​ភាគរយ​ប៉ុណ្ណោះ ដែល​បរិមាណ​ប៉ុណ្ណេះ គ្រប់គ្រាន់​ល្មម​នៅក្នុង​ការប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​វិស័យ​ថាមពល​។ 

​រដ្ឋបាល​អាមេរិក​ក្រោម​ការដឹកនាំ​របស់​លោកចូ បាយដិន​បាននិងកំពុ​ង​ព្យាយាម​ចូលរួម​ជាថ្មី ជាមួយ​អ៊ីរ៉ង់ ក្នុង​ការពិភាក្សា​អំពី​ការបន្ត​ការអនុលោម​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ក្រោយ​លោក​ដូណាល់ ត្រាំ​អតីត​ប្រធានាធិបតី​អាមេរិក ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​២០១៨ និង​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាង​ពេញទំហឹង​លើ​អ៊ីរ៉ង់​។ តែ​មកទល់ពេលនេះ​ភាគី​ទាំងពីរ នៅ​មិនទាន់​ចុះសម្រុង​គ្នា ដើម្បី​ឈានទៅរក​ការចរចា​ស្តា​កិច្ចព្រមព្រៀង​នេះ​វិញ​នៅឡើយ​ទេ ដោយ​ម្ខាងៗ​នៅតែ​រក្សា​ជំហ​រដាច់​ណា​ត់រៀងៗ​ខ្លួន គ្មាន​សោះឡើយ​នូវ​សញ្ញា​នៃ​ការធ្វើសម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​គួរ​ជម្រាបជូន​ថា ក្រោយ​សង្ស័យថា​អ៊ីរ៉ង់​សំងំ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​និង​អង្គការសហប្រជាជាតិ បាន​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១០​។ បន្ទាប់មក​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ត្រូវបាន​ចងក្រង​ឡើង ដើម្បី​គៀង​អ៊ីរ៉ង់​ឲ្យ​ដើ​រចូលក្នុង​គន្លង​ដ៏​ត្រឹមត្រូវ ចៀសវាង​ការងា​ក​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។ កិច្ចព្រមព្រៀង​នេះ​ការពារ ធ្វើយ៉ាងណា​កុំឲ្យ​អ៊ីរ៉ង់​បង្កើន​សារធាតុ​អ៊ុយរ៉ា​ញ៉ូម​លើស​កម្រិត​រហូតដល់​៩០​ភាគរយ​នោះ គឺអាច​យកទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ហើយ​។ 

​តែ​ដំណើការ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​មិន​ប្រព្រឹត្តទៅ​ដោយ​រលូន​ទេ ដោយ​អ៊ីរ៉ង់​តែងតែ​រង​នូវ​ការស្តីបន្ទោស​ថា មិនបាន​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង បើទោះបីជា​អ៊ីរ៉ង់​បាន​បដិសេធ​ក៏ដោយ​។ រហូត​ឆ្នាំ​២០១៨​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ ដោយ​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង និង​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​យ៉ាង​ពេញទំហឹង ហើយ​ទណ្ឌកម្ម​នៅតែមាន​សុពលភាព​មកទល់​បច្ចុប្បន្ន​។ ចាប់តាំងពី​ពេល​នោះមក អ៊ីរ៉ង់​បាន​គំរាម​បង្កើន​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម ប្រសិនបើ​ប្រទេស​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ រួមមាន​អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន​និង​រុស្ស៊ី មិន​ធ្វើ​អន្តរាគមន៍​បន្ធូរបន្ថយ​ទណ្ឌកម្ម លើ​វិស័យ​ប្រេង​និង​ហិរញ្ញវត្ថុ ដែល​បានដាក់​នៅពេល​លោក​ដូណាល់ ត្រាំ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​។ តែ​ការទាមទារ​របស់​អ៊ីរ៉ង់​មិនដែល​ទទួលបាន​ជោគជ័យ​ទេ​មកទល់​បច្ចុប្បន្ន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត