លោក​វ្លា​ឌី​មៀ លេនីន ជន​បដិវត្តន៍​ដ៏​ល្បីល្បាញ​​របស់​រុស្ស៊ី​

28-03-2021 9:09 pm 385

​ឈ្មោះ​វ្លា​ឌី​មៀ លេនីន ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក ហើយក៏​មាន​មេដឹកនាំ​មិនតិច​ប្រទេស​ទេ បាន​យក​ទស្សនៈ​នយោបាយ​បុរស​ជនជាតិ​រុស្ស៊ី​រូបនេះ​ទៅ​អនុវត្ដ គឺ​ទស្សនៈ​នយោបាយ​តាមបែប​កុម្មុយនីស្ដ​។ ការចូលរួម​សកម្មភាព​បដិវត្ដន៍​រហូត​ធ្វើឲ្យ​លោក​ត្រូវបាន​ចាប់ខ្លួននិង​និរទេស​ចេញទៅ​ក្រៅប្រទេ​ស ប៉ុន្ដែ​ទីបំផុត​លោក​បាន​ត្រឡប់មក​ប្រឆាំង​របបរាជានិយម​នៅ​រុស្ស៊ី​វិញ និង​ថែមទាំង​ទទួលបាន​ជោគជ័យ​ក្លាយជា​មេដឹកនាំ​រុស្ស៊ី​ទៀតផង​។ តើ​លេនីន​មាន​ប្រវត្ដិ​យ៉ាងណាខ្លះ​?

ជី​វប្រ​វត្ដិ​សង្ខេប​

​ទីក្រុង​Simbirsk​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ប្រទេស​រុស្ស៊ី គឺជា​ទីកន្លែង​កំណើត​របស់លោក​វ្លា​ឌី​មៀ លេនីន (Vladimir Lenin)​។ តាមពិត​ឈ្មោះ​ដើម​របស់លោក​គឺ​វ្លា​ឌី​មៀ អ៊ី​លី​ច អ៊ូ​ល្យា​នូវ​(Vladimir Ilyich Ulyanov) ប៉ុន្ដែ​បាន​ប្ដូរ​ទៅជា​លេនីន​នៅ​ឆ្នាំ​១៩០១ ដើម្បី​បិទបាំង​ពី​ការ​តាម​ចាប់ខ្លួន​របស់​អាជ្ញាធរ នៅពេល​លោក​ប្រឡូក​កាន់តែ​ជ្រៅ​នឹង​ចលនា​បដិវត្ដន៍​។ លោក​កើត​នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​១៨៧០ ក្នុង​គ្រួសារ​មាន​ជីវភាព​សមរម្យ​មួយ ដោយមាន​ម្តាយ​និង​ឪពុក​ជា​អ្នកមានចំណេះដឹង​ជ្រៅជ្រះ ហើយ​ឪពុក​ក៏​ជា​នាយក​សាលា​ផងដែរ​។ មាន​បងប្អូន​ចំនួន​៦​នាក់ លេនីន​ជា​កូន​ទី​៣​នៅក្នុង​គ្រូ​សារ​។ 

​ការសិក្សា​

​និយាយ​អំពី​ការសិក្សា​វិញ មិនមាន​អ្វី​ជា​បញ្ហា​អ្វី​ធំដុំ​មក​រាំងស្ទះ​ឡើយ ព្រោះ​ដូច​ដឹង​ស្រាប់​គ្រួសារ​របស់​លេនីន​គឺជា​អ្នកមាន​ជីវភាព​ធូរធារ និង​ផ្តល់​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​ការសិក្សា​។ ដូច្នេះ​កូនៗ​ទាំងអស់​រួមទាំង​លេនីន សុទ្ធតែ​បានទទួល​ការអប់រំ​ច្រើន​ទាំង​ក្នុងផ្ទះ​និង​នៅ​សាលា បើ​ធៀប​ទៅនឹង​ក្មេងៗ​ដទៃទៀត​ដែល​រស់នៅក្នុង​តំបន់​ជាមួយគ្នា​។ តាំងពីក្មេង​មក​វ្លា​ឌី​មៀ លេនីន​ត្រូវបានគេទទួលស្គាល់​ជា​មនុស្ស ដែល​រៀន​ពូកែ មាន​ការជឿជាក់​ខ្ពស់ និង​តែងតែ​ទ​ទូល​បាន​លទ្ធផល​ល្អៗ​ជាច្រើន​នៅក្នុង​ថ្នាក់​។ ម្យ៉ាងវិញទៀត លោក​ជា​មនុស្ស​សាមញ្ញា​និង​ស្អប់​អំពើ​ជិះជាន់ អំពើពុករលួយ​ក្នុងសង្គម​។ តែ​យ៉ាងណាក៏ដោយ លោក​ក៏​ត្រូវបាន​គេ​រិះគន់ថា​ជា​មនុស្ស​មាន​លក្ខណៈ​រឹងរូស​បន្ដិច​។ 

​តាមរយៈ​ការសិក្សា​រៀនសូត្រ លោក​បាន​អាន​សៀវភៅ​ល្បីៗ និង​រៀនសូត្រ​ពី​ទស្សនៈ​របស់​មេដឹកនាំ​អឺរ៉ុប​ជាច្រើន ជាពិសេស​សៀវភៅ​ដែលជា​ស្នាដៃ​របស់លោក​នី​កូឡាយ ឆើ​នី​ហ្សេ​វ​ស្គី (Nikolay Chernyshevsky)​ដែលជា​មេដឹកនាំ​បដិវត្តន៍​ដ៏​ល្បីល្បាញ​របស់​រុស្ស៊ី​ក្នុង​ទសវត្ស​ឆ្នាំ​១៨៦០ ដែល​បុគ្គល​រូបនេះ​ហើយ​ត្រូវ​វ្លា​ឌី​មៀ លេនីន​ចាត់ទុកជា​វីរបុរស​របស់ខ្លួន​តាំងពីក្មេង​មក​។ ម្យ៉ាងវិញទៀត​លេនីន​ក៏​ជា​អ្នក​យល់​យ៉ាង​ស៊ីជម្រៅ​នូវ​ទ្រឹស្ដី​ម៉ាក្ស​និយម​របស់លោក​កាល ម៉ាក្ស ហើយ​ព្រមទាំង​បាន​ដក់​ចិត្តនឹង​ទ្រឹស្តី​កុម្មុយនីស្ត​របស់​ទស្សន​វិទូ​អាល្លឺម៉ង់​រូបនេះ​ផងដែរ​។ 

​ការ​ប្រឡូក​ក្នុង​ចលនា​បដិវត្ដន៍​

​ដ្បិតថា​ពុំដែល​ព្រួយបារម្ភ​ពី​បញ្ហា​ជីវភាព​និង​ការរៀនសូត្រ ប៉ុន្ដែ​លេនីន​បាន​តក់ស្លុត​យ៉ាងខ្លាំង​នឹង​អំពើ​ជិះជាន់ គាបសង្កត់​ពី​សំណាក់​ក្រុម​អភិជន សក្ដិភូមិ ទៅលើ​ពលរដ្ឋ​ក្រីក្រ ជា​កម្មករ អ្នក​ស្រែចម្ការ​។ លេនីន​មាន​បងប្រុស​ម្នាក់​ឈ្មោះ​អា​ឡិច​ហ្សា​ន់​ឌ័​រ​(Alexander) គឺជា​សមាជិក​ក្រុម​បដិវត្តន៍​នៅ​ក្នុងប្រទេស​រុស្ស៊ី​។ នោះ​ក៏​ជាហេតុ​នាំឲ្យ​រូបលោ​កឈាន​ជើង​ចូលក្នុងស​កម្ម​ភាព​នេះ​ផងដែរ ជាពិសេស​ក្រោយពេល​ឪពុក​បាន​ស្លាប់​ឆ្នាំ​១៨៨៧​។ អា​ឡិច​ហ្សា​ន់​ឌ័​រ​ត្រូវគេ​ស្គាល់​ថា ជា​ជន​ដ៏​សកម្ម​ម្នាក់​ក្នុង​ចលនា​បដិវត្តន៍ តែ​ត្រូវបាន​ចាប់ខ្លួនបាន​នៅ​ឆ្នាំ​១៨៨៧ និង​ត្រូវបាន​កាត់ទោស​ដោយ​ព្យួរក​។ ក្រោយពី​ឃើញ​បងប្រុស​ត្រូវបាន​គេ​កាត់ទោស​របៀបនេះ  វ្លា​ឌី​មៀ លេនីន​ក៏​រឹងរឹតតែ​ខឹងសម្បា បាន​ចូលខ្លួន​កាន់តែ​ជ្រៅ​ជាមួយនឹង​សកម្មភាព​បដិវត្តន៍​។ មិន​ខុសពី​បងប្រុស លេនីន​ក៏​ត្រូវបាន​គេ​តាម​ចាប់​ជា​ច្រើនលើកច្រើនសារ​។ ប្រការនេះ​ធ្វើឲ្យ​លេនីន​គេចខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​ជៀស​ផុតពី​ការ​តាម​ចាប់ខ្លួន រហូត​បាន​ប្ដូរ​ឈ្មោះ​ពី​វ្លា​ឌី​មៀ អ៊ី​លី​ច អ៊ូ​ល្យា​នូវ មក​វ្លា​ឌី​មៀ លេនីន​នេះឯង ដើម្បី​បន្លំ​ខ្លួន​កុំឲ្យ​គេ​ស្គាល់​។ 

​នៅពេល​លេនីន​ចូលរៀន​ច្បាប់​និង​នយោបាយ​នៅ​សាកលវិទ្យាល័យ​Kazan​នៅ​ឆ្នាំ​១៨៨៧ លោក​រៀន​មិនបាន​ជាប់លាប់​ក៏​ដោយសារ​ការ​តាម​ចាប់ខ្លួន​។ កាលនោះ​លោក​បានធ្វើ​សកម្មភាព​បដិវត្តន៍​ជាមួយនឹង​ក្រុមនិស្សិត​ដទៃទៀត ទើប​នាំ​ទុកដាក់​ខ្លួន​ហើយ​ទីបំផុត​លោក​សម្រេចចិត្ត​រត់គេច​ទៅ​រស់នៅក្នុង​ទីក្រុង​Saint Petersburg​វិញ ហើយ​បន្ត​ការសិក្សា​នៅ​ទីនោះ​។​

​ក្រោយពី​បាន​ទៅ​សិក្សា​នៅក្នុង​ទីក្រុង​Saint Petersburg លោក​ក៏​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​១៨៩១​។ ២​ឆ្នាំ​ក្រោយមក លេនីន​បាន​ក្លាយទៅជា​មេធាវី​មួយរូប ហើយ​ពេលនោះ​លោក​កាន់តែ​ចូល​ស៊ប់​ក្នុង​ចលនា​បដិវត្តន៍​ប្រឆាំង​របបរាជានិយម​រុស្ស៊ី​។ លេនីន​ក៏​ចូលរួម​ជាមួយនឹង​ចលនា​ក្រុម​ខុសច្បាប់​មួយ ដើម្បី​បង្រៀន​ទ្រឹស្តី​កាល​ម៉ាក្ស​ទៅដល់​ពួកកម្មករ ដោយ​មិនយូរប៉ុន្មាន​លោក​ក៏​បានទទួល​តំណែង​ជា​ប្រធាន​ក្រុម​នេះ​។ តែ​ក្រោយមក​លេនីន​ត្រូវបាន​ចាប់ឃុំខ្លួន​អស់​រយៈពេល​មួយឆ្នាំ ហើយក៏​ត្រូវ​កាត់ទោស​ដោ​យ​ឲ្យ​និរទេស​ចេញពី​រុស្ស៊ី​ទៅ​រស់នៅក្នុង​តំបន់​ស៊ី​បេរី​ជាច្រើន​ឆ្នាំ​។ ទីនោះ​ហើយ​ដែលជា​កន្លែង​ដ៏​សំខាន់​មួយ ផ្តល់ឱកាស​និង​ពេលវេលា​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ទៅលើ​ទស្សនៈ​នយោបាយ​របស់​ជ​ន​ល្បីៗ​នៅលើ​ពិភពលោក ជាពិសេស​នោះ​គឺ​ទស្សនៈ​របស់​កាល​ម៉ាក្ស​តែម្តង​។ ស្របពេល​នោះដែរ លោក​បាន​សរសេរ​នូវ​សៀវភៅ​ជាច្រើន​ក្បាល ស្តីពី​ការធ្វើការ​បដិវត្តន៍​និង​ការ​សាង​សង្គម​ដ៏​ស្អាតស្អំ​មួយ​។ 

​នៅ​ឆ្នាំ​១៩០០ លោក​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​Zurich​នៃ​ប្រទេ​សស្វី​សនិង​ទីក្រុង​Munich របស់​ប្រទេស​អាល្លឺម៉ង់ ហើយ​បាន​បង្កើត​នូវ​កាសែត​ផ្សព្វផ្សាយ​ពី​ការធ្វើ​បដិវត្តន៍​។ នៅ​ឆ្នាំ​១៩០៥ លោក​បាន​ត្រឡប់​ទៅកាន់​ប្រទេស​រុស្ស៊ី​វិញ​ដើម្បី​រៀបចំ​ចលនា​បដិវត្តន៍​។ នៅ​ឆ្នាំ​១៩០៦​លេនីន​បាន​ជាប់ឆ្នោត​ជា​ប្រមុខ​ដឹកនាំ​"​គណបក្ស​ពលករ​ប្រជាធិបតេយ្យ​សង្គម​រុស្ស៊ី​"​។ នៅពេលនោះ​លោក​បានធ្វើ​សកម្មភាព​ទៅមក​រវាង​ប្រទេស​ហ្វាំង​ឡ​ង់​និង​រុស្ស៊ី ប៉ុន្តែ​នៅ​ឆ្នាំ​១៩០៧ បដិវត្តន៍​របស់លោក​ត្រូវបាន​កម្ទេច​ដោយ​អាជ្ញាធរ​របស់​ស្ដេច​ត្សា ដូច្នេះ​លោក​ក៏បាន​និរទេស​ខ្លួន​ត្រឡប់​ទៅ​អឺរ៉ុប​វិញ​។ លោក​បាន​ចំណាយ​ពេលវេលា​ភាគច្រើន​ក្នុងអំឡុងពេល​និរទេស​ទៅ​អឺរ៉ុប បន្ត​សរសេរ​ពី​បញ្ហានយោបាយ​តទៅទៀត ថ្វីបើ​បាន​ប្រឈម​នឹង​ការខ្វះខាត​ក៏ដោយ​រហូតដល់​បដិវត្ត​ន៍​ឆ្នាំ​១៩១៧​។​

​ឆ្នាំ​១៩១៧​លេនីន​ត្រឡប់​មកកាន់​រុស្ស៊ី​ជាថ្មី ហើយ​មកដល់​រុស្ស៊ី​វិញ​ភ្លាម​លេនីន​បានចាប់ផ្តើម​បន្ដ​ធ្វើការ​ប្រឆាំងនឹង​រដ្ឋាភិបាល​បណ្តោះអាសន្ន​រុស្ស៊ី​។ ជា​រដ្ឋាភិបាល​កើតចេញពី​បដិវត្តន៍​ខែកុម្ភៈ ដែល​បដិវត្ដន៍​នេះហើយ​ជា​អ្នក​ផ្តួលរំលំ​ស្តេច​ត្សា នី​កូ​ឡាទី​២​។ ប៉ុន្មាន​ខែ​ក្រោយមក លេនីន​បាន​ដឹកនាំ​ចលនា​បដិវត្តន៍​ថ្មី​មួយទៀត គឺ​បដិវត្តន៍​បុល​ឆេ​វិកឬ​បដិវត្តន៍ខែតុលា ដែល​តាមពិត​ត្រូវបាន​អ្នកប្រវត្តិសាស្ត្រ​ចាត់ទុកថា​ជា “​រដ្ឋប្រហារ​” ទម្លាក់​រដ្ឋាភិបាលបណ្តោះអាសន្ន ហើយ​បង្កើត​របប​កុម្មុយនីស្ត​មួយ​ជំនួស​វិញ ដោយមាន​លេនីន​ជា​ប្រមុខ​ដឹកនាំ​។ ក្រោយ​បដិវត្ដន៍​ខែតុលា​រុស្ស៊ីក៏​ផ្ទុះ​សង្គ្រាមស៊ីវិល​៣​ឆ្នាំ ហើយ​ទីបំផុត​លេនីន​ជា​អ្នកឈ្នះ​ក្នុង​សង្គ្រាមស៊ីវិល បន្ទាប់មក​សហភាពសូវៀត​ក៏​ត្រូវបាន​បង្កើតឡើង​។ លេនីន​ក៏បាន​ដឹកនាំ​ប្រទេស​នេះ ដោយ​អនុវត្ត​របប​កុម្មុយនីស្ត​ទទួល​ទស្សនៈ​ពី​កាល​ម៉ាក្ស លុបបំបាត់ចោល​នូវ​ការកេងប្រវ័ញ្ច​ពី​សំណាក់​ពួក​ថៅកែ និង​ពួក​មូលធន​មកលើ​កម្មករ​តូចតាច​។ ទស្សនៈ​និង​គំនិត​ន​យោ​យ​របស់​លេនីន បាន​ជិះ​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​តាមរយៈ​លទ្ធិ​កុម្មុយនីស្ត​។ ចាប់តាំងពី​ពេលនោះ​ហើយ​ដែលមាន​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​បាន​អនុវត្ត​របប​កុម្ម​នុយ​នីស្ត​។​

​ការប៉ុនប៉ង​ធ្វើឃាត​និង​មរណភាព​

​លេនីន​ក៏​ធ្លាប់មាន​ការប៉ុនប៉ង​ធ្វើឃាត​ជាច្រើនលើក​ផងដែរ​។ នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​១៩១៤ ការប៉ុនប៉ង​ធ្វើឃាត​លេនីន​បាន​កើតឡើង​នៅ​ខណៈដែល​លោក​កំពុង​ស្ថិតនៅក្នុង​រថយន្ត ដោយ​ខ្មាន់កាំភ្លើង​ប៉ុនប៉ង​បាញ់សម្លាប់​តែ​មិន​ជោគជ័យ​។ នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​១៩១៨ មាន​ការប៉ុនប៉ង​ធ្វើឃាត​ម្ដងទៀត ដោយ​ខ្មាន់កាំភ្លើង​បាន​បាញ់​៣​គ្រាប់​ទៅលើ​លេនីន ប៉ុន្ដែ​ត្រូវ​ចំនួន​២​គ្រាប់​ប៉ុណ្ណោះ​។ គ្រាប់កាំភ្លើង​ទី​១ មិនបាន​ធ្វើឲ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ គឺ​ត្រូវ​បៀម​ជាប់​នៅក្នុង​ដៃ ចំណែក​គ្រាប់កាំភ្លើង​ទី​២ បាន​ត្រូវចំ​ចំណុច​រវាង​ថ្គាម​និង​ក ខណៈ​គ្រាប់កាំភ្លើង​ទី​៣​បាន​ត្រូវចំ​ស្ត្រី​ម្នាក់ ដែល​កំពុងនិយាយ​ជាមួយ​លេនីន​។ លេនីន​បាន​ដួលសន្លប់​ទៅនឹង​ដីលែង​ដឹងខ្លួន ហើយក៏​ត្រូវបាន​គេ​បញ្ជូនទៅ​បន្ទប់​របស់លោក​នៅ​វិមាន​ក្រឹម​ឡាំង ដោយ​បដិសេធ​មិន​ប្រថុយទៅ​មន្ទីរពេទ្យ​ព្រោះ​ជឿថា ពួក​អ្នក​ប៉ង​ធ្វើឃាត​ផ្សេងទៀត​រង់ចាំ​នៅ​ទីនោះ​។ លេនីន​ក៏​រួច​ជីវិត​បាន​ពី​ការប៉ុនប៉ង​ធ្វើឃាត​លើក​នេះ​ម្ដងទៀត តែ​យ៉ាងណាក៏ដោយ​របួស​បាន​បណ្ដាលឲ្យ​ប៉ះពាល់​ដល់​សុខភាព​លោក​ជាប្រចាំ​។ នៅ​ឆ្នាំ​១៩២២​លេនីន​ក៏មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​បណ្ដាលឲ្យ​លោកពិ​ការមួយ​ចំ​ហៀងខ្លួន​។ ទីបំផុត​លោក​បាន​ស្លាប់​នៅ​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​១៩២៤ ក្នុង​វ័យ​៥៣​ឆ្នាំ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត