រុស្ស៊ី​និង​អ៊ីរ៉ង់​ប្រតិកម្ម​ចំពោះ​ផែនការ​បង្កើន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​អង់គ្លេស​

19-03-2021 9:04 am 135

​ប្រទេស​អង់គ្លេស​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២១ ថា​ខ្លួន​គ្រោង​នឹង​បង្កើន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​មួយ ដែល​មាន​ក្បាល​គ្រាប់​ចំនួន ១៨០ ដល់ ២៦០​គ្រាប់​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​។ ការផ្លាស់ប្តូរ​ការសម្រេច​ចិត្ត​នេះ​វា​ផ្ទុយស្រឡះ​ពី​ការប្តេជ្ញាចិត្ត​របស់​ទីក្រុង​ឡុង​ដ៍​ពីមុន ដែលថា​នឹង​មាន​ការកាត់បន្ថយ​ស្តុក​ទុក​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ការផ្លាស់ប្តូរ​របស់​ច​ក្រ​ភព​អង់គ្លេស​គឺ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ខែ​មករា​រវាង​ទីក្រុង​មូ​ស្គូ​និង​វ៉ាស៊ីនតោន ដើម្បី​ពង្រីក​កតិកាសញ្ញា​នុយក្លេអ៊ែរ​ទ្វេភាគី​ដ៏​សំខាន់​ដែលជា​កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​ដែល​នៅសល់​ចុងក្រោយ រវាង​អតីត​គូប្រជែង​ក្នុងសម័យ​សង្គ្រាមត្រជាក់​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​ម៉ូ​ហា​មេ​ដ ចា​វ៉ាដ ហ្សារី​ហ្វ (Mohammad Javad Zarif)​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ លោក​បាន​បង្ហោះ​សារ​មួយ​ថា​«​វា​ជា​ទង្វើ​ពុត​ត្បុត ខណៈ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន កំពុង​ព្រួយបារម្ភ​ពី​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​»​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី​ស​កូវ​(Dmitry Peskov)​បាន​មានប្រសាសន៍ថា​«​យើង​ពិតជា​សោកស្ដាយ​ដែល​អង់គ្លេស​សម្រេចចិត្ត​ដើរ​ផ្លូវ​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ​...​ដ្បិត​ការសម្រេចចិត្ត​នេះ​នឹង​បំផ្លាញ​ដល់​ស្ថិរភាព និង​យុទ្ធសាស្ត្រ​សន្តិសុខ​របស់​អន្តរជាតិ​»​។​

​អង់គ្លេស​បាន​រិះគន់​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​អ៊ីរ៉ង់​ចំពោះ​ការបន្ត​ផ្នែក​ខ្លះ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​ខ្លួន​ដែល​ខ្លួន​បាន​លះបង់​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥​។ ក្រោយ​មក​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ក៏បានបោះបង់ចោល​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រធានាធិបតី​អាមេរិក​ថ្មី​គឺ​លោកចូ បាយ​ដិន​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោកដូ​មីនិក​រ៉ា​អា​ប់​(Dominic Raab)​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ជាក់ស្តែង​មួយ​ទៅកាន់​វេទិកា​សន្តិសុខ​Aspen​នៅ​សហរដ្ឋអាមេរិក​ថា​«​យើង​ចង់​ឃើញ​ពិភពលោក​គ្មាន​នុយក្លេអ៊ែរ​ប៉ុន្តែ ... ប៉ុន្តែ​ខ្ញុំ​គិតថា​វា​នឹង​មិន​កើត​ឡើង​ទេ​។ នេះ​ជា​គោលនយោបាយ​ធានារ៉ាប់រង​ចុងក្រោយ​ដែល​យើង​ត្រូវការ​..​និយាយ​ដោយ​ស្មោះត្រង់​..​គឺ សហរដ្ឋអាមេរិក​ត្រូវការ​វា​» ។​

​គួររំលឹកថា​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​សន្ធិសញ្ញា​មិន​រីក​សាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ១៩៧០ អង់គ្លេស​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​មួយចំនួន​តូច​នៃ​មហាអំណាច​នុយក្លេអ៊ែរ​ដែល​ត្រូវបានគេទទួលស្គាល់​។ ការប្រកាស​ពី​ផែនការ​បង្កើន​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខាងលើ ធ្វើឡើង​នៅក្នុង​ឯកសារ​មួយ​ស្ដីពី​គោលនយោបាយ​បរទេស​អង់គ្លេស​ដែល​ក៏បាន​ចង្អុលមុខ ចំៗ​ផងដែរ​ថា​រុស្ស៊ី​ជា​ការគំរាមកំហែង​ដោយ​ផ្ទាល់​ចំពោះ​អង់គ្លេស​។ ប៉ុន្តែ ទីក្រុង​ម៉ូស្គូ ច្រាន​ចោល​ការចោទប្រកាន់​បែប​នេះ​ដោយ​អះអាង​គ្មាន​ការគំរាមកំហែង ណាមួយ​ចេញពី​រុស្ស៊ី នោះទេ​៕ ដោយ​៖ បឿ សុភា​

ព័ត៌មានផ្សេងទៀត