ហេតុអ្វី​បានជា​គេង​យប់​ជ្រៅ​ញឹកញាប់​ជំរុញ​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​?

14-03-2021 5:39 pm 427

ជំងឺ​ទឹកនោមផ្អែម​អាច​កើតឡើង​ពី​ទម្លាប់​មិនល្អ​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ នៅ​ក្នុងនោះ សូម្បីតែ​ការចូល​គេង​យប់​ជ្រៅ​ញឹកញាប់ ក៏​អាច​ប្រឈម​នឹង​ការកើត​ជំងឺ ដែល​ព្យាបាល​មិន​ជាមួយ​ប្រភេទ​នេះ​ផងដែរ​។ ការ​គេង​យប់​ជ្រៅ​បាន​ក្លាយជា​ទម្លាប់​របស់​មនុស្ស​មួយចំនួន ដែល​ញៀន​នឹង​ការកម្សាន្ត​អារម្មណ៍​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ បើទោះបីជា​ដាក់ខ្លួន​នៅលើ​គ្រែ​គេង​ក៏ដោយ ប៉ុន្តែ​កែវភ្នែក​ទាំង​គូ​របស់​ពួកគេ នៅតែ​សកម្ម​នៅក្នុង​ការ​សំឡឹង​អេក្រង់​ទូរស័ព្ទ រហូត​ភ្លេចខ្លួន រំលង​ដល់​ពាក់កណ្តាល​រាត្រី​ឬ​ទាបភ្លឺ​ក៏មាន​។ ទម្លាប់​ដដែលៗ​នេះ អូសបន្លាយ​យូរៗ​ទៅ​អាច​ធ្វើឲ្យកើត​ជំងឺ​ទឹកនោម​ផ្អែមបាន​យ៉ាង​ងាយ​។ 

​យោងទៅតាម​ការស្រាវជ្រាវ​របស់​ប្រទេស​កូរ៉េ អ្នក​ចូល​គេង​ក្រោយ​ម៉ោង​១២​យប់ ងាយ​ប្រឈម​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម ជាង​អ្នក​ដែល​ចូល​គេង​មុន​ម៉ោង​១២​យប់ បើទោះបីជា​ពួកគេ​គេង​ដល់​ម៉ោង​៧​ព្រឹក​ឬ​ម៉ោង​៨​ព្រឹក​ក៏ដោយ​។ លើសពីនេះ អ្នក​ចូលចិត្ត​មើល​ទូរទស្សន៍​ឬ​ទូរស័ព្ទ​ដល់​ទាបភ្លឺ ជា​ករណី​ធ្វើឲ្យ​អាំង​ស៊ុយ​លីន​ថយចុះ និង​កម្រិត​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​ផងដែរ​។ ជាពិសេស ការចូល​គេង​យប់​ជ្រៅ​ជា​កត្តា​ទទួល​ដំណេក​មិន​គ្រប់ ជា​ការបង្អាក់​ដល់​ដំណើរការ​មេ​តា​បូលិស​។ ដើម្បី​បញ្ចៀស​ការកើត​ជំងឺ​ទឹកនោមផ្អែម ដោយសារតែ​ការ​គេង​មិនបាន​ត្រឹមត្រូវ អ្នក​គួរ​ផ្លាស់ប្តូរ​ឬ​កាត់បន្ថយ​ទម្លាប់​ចូល​គេង​យប់​ជ្រៅ មក​ជាការ​ឆាប់​ចូល​គេង​ពី​ព្រលប់​ឬ​ចូលគេងមុន​ម៉ោង​១២​យប់ ហើយ​យ៉ាងហោចណាស់​គេង​ឲ្យបាន​៧​ទៅ​៨​ម៉ោង​ក្នុង​១​យប់​៕ 

ព័ត៌មានផ្សេងទៀត