បាតុករចំនួន២នាក់ទៀតហើយបានស្លាប់ ដោយសារត្រូវគ្រាប់កាំភ្លើងបាញ់ចំក្បាល នៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៨ខែមីនាឆ្នាំ២០២១។ រូបថតដែលបានបង្ហោះនៅលើហ្វេសប៊ុក បានបង្ហាញពីសាកសពបុរសពីរនាក់ ដេកនៅលើដងផ្លូវក្នុងទីក្រុងMyitkyina ភាគខាងជើង។ សាក្សីបាននិយាយថា ពួកគេបានចូលរួមនៅក្នុងការតវ៉ាមួយ នៅពេលដែលប៉ូលិសបានបង្ក្រាប ដោយប្រើគ្រាប់បែកដៃនិងឧស្ម័នបង្ហូរទឹកភ្នែក។ ពេលនោះមានមនុស្សជាច្រើន បានរងការវាយប្រហារដោយកាំភ្លើងពីអគារនៅក្បែរនោះ។ ស្ថានភាពវឹកវរខ្លាំងនៅក្នុងទីក្រុងធំរបស់ប្រទេសមីយ៉ាន់ម៉ាគឺទីក្រុងYangon បានបង្ខំឲ្យមានការបិទទ្វារហាងធំៗស្ទើរទាំងអស់ ហើយរោងចក្រនិងធនាគារក៏បិទទ្វារដែរ។
គួរជម្រាបជូនថា បើយោងតាមអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ប៉ូលិសនិងយោធាបានសម្លាប់មនុស្សជាង៥០នាក់ នៅក្នុងការបង្ក្រាបបាតុកម្មដែលធ្វើឡើងស្ទើររាល់ថ្ងៃ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១។ ចំណែកតួលេខពីប្រភពផ្សេងទៀតបង្ហាញថា មនុស្សជិត ១,៨០០ នាក់ត្រូវបានឃុំខ្លួន នៅក្រោមរបបយោធាគិតត្រឹមថ្ងៃអាទិត្យ៕
ដោយ៖អ៊ុន សុខឡា