អាមេរិក​ព្រមាន​ពី​ការ​លុកលុយ​ជាថ្មី​ដោយ​ក្រុម​តា​លី​បង់​នៅ​អាហ្វហ្គានីស្ថាន​

08-03-2021 5:32 pm 234

​លោក​Anthony Blinken​ប្រមុខ​ការទូត​អាមេរិក តាមរយៈ​លិខិត​ផ្ញើ​ទៅ​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​លោក​Ashraf Ghani បាន​ព្រមាន​លទ្ធភាព​ដែល​អាចទៅរួច អំពី​ការវាយលុក​នៅ​រដូវ​ផ្កា​រីក​ដោយ​ក្រុម​តា​លី​បង់ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ ពោល ការ​លុកលុយ​នេះ​អាច​នឹង​កំរើក​ឡើង ក្រោយ​អាមេរិក​និង​អង្គកា​រណា​តូ ដក​កងទ័ព​របស់ខ្លួន​ចេញពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ 

​ក្រោម​កិច្ចព្រមព្រៀង​រវាង​ក្រុម​តា​លី​បង់​និង​រដ្ឋាភិបាល​អាមេរិក​ស្ថិតក្រោម​ការដឹកនាំ​ដោយ​លោក​ដូណាល់ ត្រាំ គឺ​កងទ័ព​អាមេរិក​ក៏ដូចជា​កងទ័ព​របស់​អង្គការ​ណា​តូ​ដឹកនាំ​ដោយ​អាមេរិក ដែល​នៅ​សេសសល់​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ចំនួន​១០,០០០​នាក់ នឹងត្រូវ​ដកចេញ​នៅ​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២១ ជា​ថ្នូរ​នឹង​ការធានា​សន្តិសុខសម្រាប់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ពី​ក្រុម​តា​លី​បង់​។​

​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នៅ​ខែកុម្ភៈ​ឆ្នាំ​២០២០ បានចង្អុលបង្ហាញ​ថា សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ណា​តូ​របស់ខ្លួន នឹង​ដក​កងទ័ព​ទាំងអស់​ក្នុង​រយៈពេល​១៤​ខែ ប្រសិនបើ​ពួក​តា​លី​បង់ បាន​ធ្វើតាម​ការសន្យារ​បស់​ខ្លួន រួមទាំង​មិន​អនុញ្ញាតឲ្យ​ក្រុមអាល់កៃ​ដាឬ​ក្រុមស​កម្មប្រយុទ្ធ​ដទៃ​ទៀត ធ្វើ​សកម្មភាព​នៅក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​និង​បន្ត​កិច្ចចរចា​សន្តិភាព​ជាតិ​។ មកទល់ពេលនេះ​គេ​មើលឃើញថា ក្រុម​តា​លី​បង់​ដែលជា​ចលនា​អ៊ីស្លាម​និយម​រឹង បាន​បញ្ឈប់​ការវាយប្រហារ​លើ​កងកម្លាំង​អន្តរជាតិ ដែលជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នោះ​ហើយ ប៉ុន្តែ​ក្រុម​នេះ​នៅតែ​បន្ត​ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ដដែល​។​

​សេត​វិមាន​អាមេរិក​បាន​និយាយថា ខ្លួន​ចង់​ធ្វើឲ្យ​ប្រាកដថា​ក្រុមស​កម្មប្រយុទ្ធ​អា​ហ្វ​ហ្គានី​ស្ថាន​កំពុង បំពេញ​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន រួមទាំង​ការកាត់បន្ថយ​អំពើហិង្សា​និង​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ភេរ​វករ មុនពេល​ទ័ព​បរទេស​ដកថយ​។ អាមេរិក​ក្រោម​រដ្ឋបាល​លោកចូ បាយដិ​ននិង​អង្គការសហប្រជាជាតិ កំពុងតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការស្វែងរក​ដំណោះស្រាយ​សន្តិភាព ចំពោះ​សង្គ្រាម​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​អាមេរិក​និង​ពួក​តា​លី​បង់​សម្រេចបាន​កិច្ចព្រមព្រៀង​រួម​ជាមួយគ្នា​ហើយ នៅឡើយ​តែ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបា​លអា​ហ្វ​ហ្គានី​ស្ថាននិង​ពួកតា​លីបង់​។ ការចរចា​ដែល​បានចាប់ផ្តើម​ជា​ប្រវត្តិ​សាសន៍​រវាង​ពួក​តា​លី​បង់​និង​តំណាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​ក្នុង​ឆ្នាំ​២០២០​បាន​ជាប់គាំង​មកទល់​បច្ចុប្បន្ន​។​

​គួរ​ជម្រាបជូន​ថា សង្គ្រាម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន មាន​អាយុ​១៩​ឆ្នាំ​ហើយ ចាប់តាំងពី​អាមេរិក​បញ្ជូន​ទ័ព​ទៅ​ទីនោះ ដើម្បី​តាម​ផ្តាច់​ឫសគល់​ក្រុម​ភេរ​វករ ក្រោយ​មាន​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម លើ​អគារ​ពាណិជ្ជកម្ម​ក្នុង​ក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១​។ អាមេរិក​បាន​បញ្ជូន​ទ័ព​ទៅ​ដាក់ពង្រាយ​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ជាង​១០​ម៉ឺន​។ ចាប់តាំងពី​អាមេរិក​ដឹកនាំ​ទ័ព​ចូល​ធ្វើសង្គ្រាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ទម្លាក់​ក្រុម​តា​លី​បង់​ចេញពី​អំណាច​ក្នុង​ឆ្នាំ​២០០១ ក្រុម​នេះ​មិន​ព្រម​ចាញ់​សង្គ្រាម​ទាំងស្រុង​ឡើយ ដោយ​ពួកគេ​បាន​បន្ដ​ប្រមូលផ្តុំ ធ្វើ​សកម្មភាព​ប្រឆាំង​ជា​ញឹកញាប់ តាមរយៈ​ការវាយប្រហារ​ទៅលើ​កងទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន និង​វាយប្រហារ​ទៅលើ​កងកម្លាំង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ផ្ទាល់​។ ក្រុម​នេះ​នៅ​បន្ដ​គ្រប់គ្រង​ដែនដី​មួយចំនួន​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ បើតាម​សេចក្ដីរាយការណ៍​ពី​អង្គការសហប្រជាជាតិ​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៩ មាន​ជន​ស៊ីវិល​ជាង​៣២,០០០​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​រយៈពេល​១៩​ឆ្នាំនេះ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត