ទោះ​ស្ដ្រី​បំពេញការងារ​នៅ​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ​កើនឡើង ថ្នាក់ដឹកនាំ​នៅតែ​ជំរុញឲ្យមាន​បន្ដ​

08-03-2021 3:44 pm 120

​ស្ត្រី​បាន​ចូលរួម​កាន់តែ​ច្រើនឡើងៗ​ក្នុង​ការដឹកនាំ និង​ការធ្វើ​សេចក្តីសម្រេច​នានា ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន នៅក្នុង​សារលិខិត​អបអរ​ខួប​លើក​ទី​១១០ ទិវា​អន្តរជាតិ​នារី​០៨ មីនា ឆ្នាំ​២០២១​។ លោក​បន្ដថា ចំនួន​ស្ត្រី​នៅក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់​ពីមួ​យ​អណត្តិ​ទៅមួយ​អណត្តិ​។ 

​នៅក្នុង​ស្ថាប័ន​និតិប្រតិបត្តិ​វិញ ស្ត្រី​ជា​ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ គឺមាន​ការកើនឡើង​ផងដែរ​។ រីឯ​ក្នុង​វិស័យ​មុខងារសាធារណៈ នៅ​ឆ្នាំ​២០០៧​ចំនួន​មន្ត្រីរាជការ​ជា​ស្ត្រី​កើនឡើង​៣២% និង​ឆ្នាំ​២០២០​ចំនួន​មន្ត្រីរាជការ​ជា​ស្ត្រី​មាន​ការកើនឡើង​ដល់​៤១%​។ ដោយឡែក​សមាមាត្រ​ស្ត្រី​ជា​មន្ត្រីរាជការ​ក្នុងតួនាទី​ធ្វើ​សេចក្តីសម្រេច បាន​កើនឡើង​ដល់​២៤%​នៅក្នុង​ឆ្នាំ​២០១៩​។ 

​បច្ចុប្បន្ន​នៅ​ថ្នាក់ក្រោម​ជាតិ មាន​ស្ត្រី​ជា​អភិបាលខេត្ត​ចំនួន​០២​រូប ក្នុងនោះ​មាន​លោកស្រី​មិថុនា ភូថ​ង ជា​អភិបាលខេត្ត​កោះកុង និង​លោកស្រី​បាន ស្រីមុំ ជា​អភិបាលខេត្ត​ប៉ៃលិន​។ ជាមួយគ្នានេះ​ក៏មាន​ស្ត្រី​ជា​អភិបាលក្រុង ស្រុក​-​ខណ្ឌ ចំនួន​០៦​រូប និង​ស្ត្រី​ជា​មេឃុំ​-​ចៅសង្កាត់​កើនឡើង​ពី​៤២​រូប​នៅ​ឆ្នាំ​២០០២ ទៅ​១៣០​រូប​នៅ​ឆ្នាំ​២០១៧​។ ដោយឡែក​ស្ត្រី​ជា​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ចាប់ពី​ឆ្នាំ​២០០៦​មាន​ចំនួន​២៨៧​នាក់ ក្នុងចំណោម​កងកម្លាំង​សរុប​ចំនួន​៧,០៤០​នាក់​។ 

​ដោយមាន​កំណើន​គួរឲ្យ​កត់សម្គាល់នៃ​ស្ដ្រីជា​ថ្នាក់ដឹកនាំ​ទាំងនៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ស្របតាម​ការចង់បាន​របស់​រាជរដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើឲ្យ​គ្រប់ក្រសួង​ស្ថាប័នពាក់​ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ត្រូវ​បន្ត​លើ​ការការពារ​សិទ្ធិ​ដោយ​ស្មើរ​ភាព​ដល់​ស្ត្រី​។ ធ្វើ​ដូច្នេះ​ដើម្បីឲ្យ​ស្ត្រី​អាចធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​គ្មាន​ការរើសអើង និង​ធានាថា​ស្ដ្រី​អាចចូលរួម​នៅក្នុង​ស្ថាប័ន​សាធារណៈ​គ្រប់​កម្រិត និង​ក្នុង​វិស័យ​នយោបាយ​ផងដែរ​។​

​ជាងនេះទៅទៀត ប្រមុខ​រាជរដ្ឋាភិបាល​ក៏​អំពាវនាវ​យ៉ាងទទូច​ឲ្យមាន​ការលើកកម្ពស់​សមភា​ព​យេនឌ័រ និង​ពង្រីក​វិសាលភាព​គ្របដណ្តប់​នៃ​ប្រព័ន្ធ​គាំពារ​សង្គម រួមទាំង​សុខមាលភាព​ស្ត្រី​និង​ក្មេងស្រី ជាមួយនឹង​ការអនុវត្ត​នូវ​រាល់​កម្មវិធី​ជំនួយ​សង្គម ក៏ដូចជា​ពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី តាមរយៈ​ការបង្កើន​ការយល់ដឹង និង​អភិវឌ្ឍ​អាជីវកម្ម​ដល់​ស្ត្រី​ផងដែរ​៕ ដោយ​៖ ម៉ៅ សុភ័ក្ត្រា​

ព័ត៌មានផ្សេងទៀត