ក្នុងរយៈពេលត្រឹមតែ៣៣ម៉ោងប៉ុណ្ណោះសណ្ឋាគារThe Great Duke(អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់)ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញបានប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល បន្ទាប់ពីត្រូវបានបិទទ្វារអស់រយៈពេលប្រមាណ២ឆ្នាំមកហើយដែលអាចដាក់អ្នកជំងឺបានប្រមាណ៥០០នាក់។ នេះជាការបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់លោកហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
ការប្រែក្លាយសណ្ឋាគារដ៏ធំក្នុងរាជធានីភ្នំពេញឲ្យក្លាយទៅជាមន្ទីរពេទ្យនេះ ធ្វើឡើងតាមការចង្អុលបង្ហាញពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាលពីថ្ងៃទី០៧មីនាលោកឲ្យយកសណ្ឋាគារThe Great Duke ដែលមាន៥០០បន្ទប់ធ្វើជាកន្លែងព្យាបាល។ម្យ៉ាងការចង្អុលបង្ហាញនេះទៀតសោត ធ្វើឡើងក្រោយពីប្រមុខរាជរដ្ឋាភិបាលបានស្ដីបន្ទោសខ្លាំងៗចំពោះការយកមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញព្រែកព្នៅធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ ដោយលោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យធ្វើការបញ្ជូនអ្នកជំងឺកូវីដ-១៩ចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញព្រែកព្នៅមកកាន់សណ្ឋាគារThe Great Dukeវិញ។
លោកហ៊ុន ម៉ាណែតបានបញ្ជាក់បន្ថែមថា ការកែប្រែសណ្ឋាគារThe Great Dukeឲ្យទៅជាមន្ទីរពេទ្យព្យាបាលអ្នកជងឺកូវីដ-១៩នេះ គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាលក្នុងការប្រមូលផ្តុំធនធានមនុស្សសម្ភារៈបរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន បម្រើដល់ការជួយសង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍។
គួរជម្រាបថា ចំណាត់ការបន្ទាន់របស់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដូច្នេះ ស្របពេលកម្ពុជាកំពុងរងនូវរលករាតត្បាតកាន់តែអាក្រក់ដោយសារវីរុសកូវីដ-១៩ បន្ទាប់ពីវីរុសនេះបានវាយប្រហារចូលទៅក្នុងសហគមន៍រួចហើយតាមរយៈព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលបានផ្ទុះឡើងដំបូងនៅចំកណ្តាលក្រុងភ្នំពេញកាលពីថ្ងៃទី២០ខែកុម្ភៈកន្លង។ គិតត្រឹមថ្ងៃទី០៨មីនា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍រហូតដល់៥០១នាក់ហើយ៕ ដោយ៖ យឺន សីហា