ទីតាំងមួយចំនួនដែលអ្នកជំងឺកូវីដ-១៩នៅខេត្តកំពង់ចាមបានទៅ

08-03-2021 3:00 pm 196

រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីទីតាំងប្រវត្តិនៃការធ្វើដំណើររបស់បុរសអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ឈ្មោះម៉ី ស៊ីថាន អាយុ២៧ឆ្នាំ រស់នៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមលិខិតរបស់រដ្ឋបាលខេត្ត មុនតេស្តឃើញកូវីដ-១៩ នៅថ្ងៃទី០៣ ខែមីនា បុរសរូបនេះបានធ្វើដំណើរពីខេត្តព្រះសីហនុ តាមរយៈរថយន្តឈ្នួល (នៅជិតផ្សារពាណិជ្ជកម្ម ម្តុំពេទ្យព្រៃចេក) មករាជធានីភ្នំពេញ។ នៅម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី០៣ ខែមីនា បានមកដល់និងចុះនៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ ហើយបានទៅសួរសុខទុក្ខក្មួយប្រុស ដែលសម្រាកព្យាបាលជំងឺនៅអាគារបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត។ នៅយប់ថ្ងៃដដែលបុរសនោះបានទៅស្នាក់នៅជាមួយបងស្រី (នៅបន្ទប់ជួល នៅស្ទឹងមានជ័យ រាជធានីភ្នំពេញ)។ 

លុះនៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា បុរសនេះបានបន្តដំណើរពីស្ទឹងមានជ័យ ទៅមុខវត្តគៀនឃ្លាំង ជ្រោយចង្វារ និងបានបន្តដំណើរតាមរថយន្តដែលមកខេត្តកំពង់ចាម ដោយបានឈប់នៅស្តុបផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងបានបន្តដំណើរតាមម៉ូតូឌុបបន្តរហូតដល់ផ្ទះនៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម វេលាម៉ោង១២ថ្ងៃត្រង់។ នៅព្រឹកថ្ងៃទី០៥ ខែមីនា បុរសខាងលើនិងប្អូនប្រុសបានជិះម៉ូតូទៅផ្សារព្រៃទទឹង និងបានដើរផ្សារទិញត្រីនិងគ្រឿងធ្វើម្ហូប ប្រហែល៣០នាទីមុនត្រឡប់ទៅផ្ទះវិញ។

យោងតាមលិខិតរបស់រដ្ឋបាលខេត្ត សម្រាប់ដែលបានពាក់ព័ន្ធជាមួយបុរសដែលវិជ្ជមានកូវីដ-១៩ខាងលើ នៅពេលទៅសុខទុក្ខក្មួយប្រុស បុរសរូបនោះបានជួបជាមួយស្ត្រី០២នាក់ កំពុងកំដរអ្នកជំងឺក្នុងនោះ ម្នាក់រស់នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ និងម្នាក់ទៀត រស់នៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ធ្វើការនៅរោងចក្រកាត់ដេរឌីមហាន់ នៅស្ទឹងមានជ័យ)។

នៅយប់សម្រាកនៅស្ទឹងមានជ័យ បុរសរូបនោះបានជួបជាមួយបងស្រីម្នាក់ និងអ្នកជួលបន្ទប់នៅជិតបន្ទប់ (មិនស្គាល់ឈ្មោះ)។ បន្ថែមលើនេះមានអ្នករត់ PassApp (មិនស្គាល់ឈ្មោះអ្នកបើកបរ), អ្នករួមដំណើរតាមរថយន្តឈ្នួលពីភ្នំពេញមកកំពង់ចាម។ ពេលមកដល់ផ្ទះបុរសខាងលើក៏ជួបជាមួយក្រុមគ្រួសារ (ឪពុក, ម្តាយ, បងថ្លៃប្រុស, បងស្រី, ប្អូនប្រុស, ក្មួយស្រី ២នាក់, ក្មួយប្រុស), អ្នកផ្ញើម៉ូតូនៅផ្សារព្រៃទទឹង និងអ្នកលក់ត្រីនិងម្ហូបនៅផ្សារព្រៃទទឹង។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ចាម បានបន្តធ្វើការស្រាវជ្រាវ និងនាំយកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងអ្នកមានហានិភ័យខ្ពស់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីបន្តតាមដានសុខភាព និងយកសំណាកពិនិត្យ។ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធនឹងបុរសខាងលើ តាមពេលវេលា និងទីកន្លែងដែលបានបញ្ជាក់ខាងលើ សូមទៅពិនិត្យសុខភាពនិងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ 

គួរបញ្ជាក់ថា បុរសខាងលើមានឈ្មោះ ម៉ី ស៊ីថាន អាយុ២៧ឆ្នាំ រស់នៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ធ្វើការជាគ្រូបង្រៀនម៉ាស្សា នៅសណ្ឋាគារសីញជីងថៃ នៅកែង LV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បុរសនោះបានមកដល់ផ្ទះនៅទីតាំងខាងលើនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ និងត្រូវបានយកសំណាក់ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅព្រឹកថ្ងៃទី០៦ មីនា។ លុះដល់ថ្ងៃទី០៧ មីនា លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថាបុរសនេះមានវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅព្យាលបាលជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ចាម៕ ដោយ៖ស៊ូ សូរិយា 

ព័ត៌មានផ្សេងទៀត