លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១បានបញ្ជាក់ថា អ្នកដែលបានប៉ះពាល់ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានចំនួន៥,៤២២នាក់ និងបានយកសំណាកទៅពិនិត្យចំនួន៤,៧៣៥នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលមានចំនួន១,១៨៨ នាក់ និងអ្នកធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន៤,២៣៤ នាក់។ លោកអភិបាលខេត្តកណ្ដាលបានបញ្ជាក់បន្ថែមថា ចំពោះតួលេខទាំងអស់នេះនឹងនៅមានការកើនឡើងជាបន្តទៀតផងដែរ។
ការថ្លែងបែបនេះរបស់លោកគង់ សោភ័ណ្ឌ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យនិងពង្រឹងវិធានការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ ខេត្តកណ្ដាល៕ ដោយ៖ស៊ូ សូរិយា