និយតក​រ​EU​ជំរុញ​ឲ្យ​ប្រុងប្រយ័ត្ន​វ៉ាក់សាំង​កូវី​ដ​១៩Sputnik V​របស់​រុស្ស៊ី​

08-03-2021 12:19 pm 297

​នៅ​ថ្ងៃអាទិត្យ​ទី​៧​ខែ​មីនាឆ្នាំ​២០២១ ប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​ភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA)  លោកស្រី​Christa Wirthumer-Hoche បាន​ថ្លែង​ពី​តម្រូវការ​ឯកសារ​ដែល​អាច​ពិនិត្យឡើងវិញ​លើ​វ៉ាក់សាំង​Sputnik V​របស់​រុស្ស៊ី ខណៈ​មិនទាន់​ទទួលបាន​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង រួមទាំង​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​នៅឡើយ​ទេ​។ នោះ​ជា​មូលហេតុ​ដែល​EMA ណែនាំ​ជាបន្ទាន់​ប្រឆាំងនឹង​ការផ្តល់​ការអនុញ្ញាត​ជាបន្ទាន់ សម្រាប់​ការប្រើប្រាស់​វ៉ាក់សាំង​Sputnik V​របស់​រុស្ស៊ី​។​

​បច្ចុប្បន្ន​ទីភ្នាក់ងារ​EMA​កំពុងតែ​ពិនិត្យមើល​ឡើងវិញ ពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​។ កញ្ចប់​ទិន្នន័យ​ដែល​បានមកពី​ក្រុមហ៊ុន​ផលិត​របស់​រុស្ស៊ី និង​ត្រូវ​ឆ្លងកាត់​ការពិនិត្យ​សាជាថ្មី​ដោយ​ស្របតាម​ស្តង់ដារ​អឺរ៉ុប សម្រាប់​គុណភាព​សុវត្ថិភាព​និង​ប្រសិទ្ធភាព​។ លោកស្រី Christa Wirthumer-Hoche បាន​ថ្លែង​បន្ថែមថា «​យើង​អាចមាន​វ៉ាក់សាំង​Sputnik V នៅលើ​ទីផ្សារ​អឺរ៉ុប​នា​ពេលអនាគត នៅពេលដែល​ទិន្នន័យ​សមស្រប​ត្រូវបាន​ពិនិត្យ​»​។ 

​បើទោះបី​មិនទាន់មាន​ការសម្រេច​រួម​នៅក្នុង​ប្លុក​សហភាព​អឺរ៉ុប ទៅលើ​ការយល់ព្រ​មឲ្យប្រើប្រាស់​វ៉ាក់សាំង​Sputnik V​របស់​រុស្ស៊ី​ក៏ដោយ ប៉ុន្តែ​វ៉ាក់សាំង​មួយ​ប្រភេទ​នេះ ត្រូវបាន​អនុម័ត​ឬ​កំពុង​ត្រូវបាន​វាយតម្លៃ​សម្រាប់​ការអនុម័ត នៅក្នុង​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​៣​រួមមាន​Hungary, Slovakia​និង​Czech​។ វ៉ាក់សាំង​Sputnik V​ត្រូវបាន​រុស្ស៊ី​អនុញ្ញាតឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែសីហា​ឆ្នាំ​២០២០​។ ក្រោយ​អនុញ្ញាតឲ្យ​ប្រើប្រាស់​វ៉ាក់​សាំង​Sputnik V​នៅក្នុង​ប្រទេស​រុស្ស៊ី​ផ្ទាល់ វ៉ាក់សាំង​នេះ​ក៏មាន​ការជឿទុកចិត្ត​និង​អនុញ្ញាតឲ្យ​ប្រើ​ប្រើប្រាស់​នៅក្នុង​ប្រទេស​មួយចំនួន​ជា​បន្តបន្ទាប់​ដូចជា អា​ហ្សង់​ទីន អាល់​ហ្សេ​រី បូ​លី​វី វ៉េណេស៊ុយ​អេ​ឡា ប៉ាឡេ​ស្ទី​ននិង​អ៊ីរ៉ង់​ជាដើម​។ ផ្អែក​តាម​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ ដ៏​ល្បី​របស់​អង់គ្លេស​ឈ្មោះ​Lancet បាន​ចុះផ្សាយ​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០២១​ថា វ៉ាក់សាំង​Sputnik V​របស់​រុស្ស៊ី​មាន​សុវត្ថិភាព ប្រសិទ្ធិភាព​ជិត​៩២​ភាគ​យ និង​ជួយ​ការពារ​កុំ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​ឬ​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩​។​

​ឆ្លើយតប​នឹង​តម្រូវការ​វ៉ាក់សាំង​ការពា​វីរុស​កូវី​ដ​-១៩ ដែល​កំពុង​ឆ្លង​រាតត្បាត​ពាសពេញ​ពិភពលោក គណៈកម្មាធិការ​EMA​សម្រាប់​ផលិតផល​ឱសថ​សម្រាប់​មនុស្ស នឹង​បើក​ការប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃទី​១១​ខែ​មីនា ដើម្បី​ពិនិត្យ​វ៉ាក់សាំង​Johnson & Johnson ដែល​អាមេរិក​ទើប​អនុញ្ញាតឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅក្នុង​ប្រទេស​របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ សម្រាប់​ប្រើប្រាស់​នៅ​សហភាព​អឺរ៉ុប​ដែរ​។ លោកស្រី​Christa Wirthumer-Hoche​រំពឹងថា នឹងមាន​ការវាយតម្លៃ​ជា​វិជ្ជមាន ហើយ​ថា​គណៈកម្មការ​អឺរ៉ុប​នឹង​ផ្តល់​ការអនុញ្ញាតឲ្យ​ប្រើប្រាស់ យ៉ាង​ឆាប់រហ័ស​បំផុត​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  EUវ៉ាក់សាំងSputnikVកូវីដ១៩

ព័ត៌មានផ្សេងទៀត