ប្រព័ន្ធ​ស្គេ​ន​QR Code​បង្ហាញថា​មាន​អ្នក​ល្មើស​នឹង​វិធានការ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ​

08-03-2021 11:37 am 187

​តាមរយៈ​ទិន្នន័យ​ប្រព័ន្ធ​QR Code​បានបង្ហាញ​ថា​ក្នុង​ចំណោម​បុគ្គល​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កដោយខ្លួន​ឯង​នៅ​ផ្ទះ មាន​បុគ្គល​ខ្លះ បាន​ចាកចេញ​ពី​ផ្ទះ​ដោយ​ចូល​ទីតាំង​ជាច្រើន​កន្លែង ដែល​ជា​ការ​ល្មើស​នឹង​វិធាន​នៃ​ការធ្វើ​ចត្តា​ឡី​ស័ក​។​នេះ​ជា​ការបញ្ជាក់​របស់​ក្រសួង​ប្រៃសណីយ៍​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២១​។​

​ជុំវិញ​ការ​ល្មើស​វិធានការ​ចត្តា​ឡី​ស័កបើ​យោងតាម​អនុក្រឹត្យ​លេខ​២៧ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​ឆ្នាំ​២០២១​សម្រាប់​បុគ្គល​ណា​ឬ​ជន​ណា​ដែល​គេចវេះ​មិន​ធ្វើ​ចត្តា​ឡី​ស័កនឹង​ត្រូវ​ទទួលពិន័​យ​ពី​១​លាន​ដល់​៥​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​។​ហេតុនេះ​បុគ្គល​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កដោយ​ខ្លួនឯង មិន​ត្រូវ​ចាកចេញ​ពី​ផ្ទះ ឬ​កន្លែង​ធ្វើ​ចត្តា​ឡី​ស័កជា​កំហិត ក្នុងអំឡុងពេល​១៤​ថ្ងៃ​។​

​សូមបញ្ជាក់​ថា តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​QR Code​ទប់ស្កាត់​កូវី​ដ​-១៩”​ឬ​“Stop Covid”​ជួយ​ឲ្យ​អ្នក​ស្កេន​អាច​ទទួលបាន​ដំណឹង​ភ្លាមៗ ប្រសិនបើ​មាន​ករណី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ហើយ ម្ចាស់​ទីតាំង​អាច​ដឹង​ពី​ស្ថានភាព​បុគ្គល​ម្នាក់ៗ​ដែល​ទៅដល់​ទីតាំង​របស់​ខ្លួន​។ តួយ៉ាង ប្រព័ន្ធ​នេះ​ទៀតសោត ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​គោលបំណង​បន្តកា​រ​ពារ​សុខភាព​សាធារណៈ និង​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ 

​យ៉ាងណាមិញ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បន្ត​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ដែល​មិនទាន់​បាន​ប្រើប្រាស់ QR Code ឲ្យ​រួសរាន់​បង្កើត​ប្រព័ន្ធ​នេះ​សម្រាប់​ទីតាំង​របស់​ខ្លួន​តាមរយៈ​គេហទំព័រ​Stopcovid.gov.kh​។ ក្រសួង​បញ្ជាក់ថា ម្ចាស់​ទីតាំង​ត្រូវ​តម្រូវ​ឲ្យ​បុគ្គល​ចូល​ទីតាំង​របស់​ខ្លួន​ស្កេន​QR Code​ដើម្បី​បាន​ដឹង​ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ជីងឺ​កូវី​ដ​-១៩​របស់​បុគ្គល​ទាំងនោះ​តាមរយៈ​ការបង្ហាញ​ពណ៌​ចំនួន​៣​លើ​អេក្រង់​ទូរ​សព្ទ​ក្រោយពេល​ស្កេន​រួមមាន ទី​១.​ពណ៌​បៃតង បញ្ជាក់​ពី​ស្ថានភាព​ធម្មតា គឺ​ម្ចាស​ទីតាំង​អាច​អនុញ្ញាត​ឲ្យ​បុគ្គល​នោះ​ចូល​ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល​។ ទី​២.​ពណ៌​លឿង បញ្ជាក់​ពី​បុគ្គល​ដែល​បាន​ប៉ះពាល់​អ្នកជំងឺ​កូវី​ដ​-១៩​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ក្នុងអំឡុងពេល​១៤​ថ្ងៃ​ចុង​ក្រោយ​និង​មិន​ទាន់​បញ្ចប់​ការធ្វើ​ចត្តា​ឡី​ស័ក ដូច្នេះ​ម្ចាស់​ទីតាំង​អាច​សម្រេច​មិន​ឱ្យ​បុគ្គល​នោះ​ចូល និង​ទី​៣.​ពណ៌​ក្រហម​បញ្ជាក់​ពី​ស្ថានភាព​ហានិភ័យ​ខ្ពស់​ថា​បុគ្គល​នោះ​មាន​ជំងឺ​កូវី​ដ​-១៩ ម្ចាស់​ទីតាំង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គល​នោះ​ចូល​ទីតាំង​របស់​ខ្លួន​ទេ​។​

​គួរ​ជម្រាប​ថា គិត​មក​ទល់​ពេល​នេះ​ប្រព័ន្ធ​QR Code ទប់ស្កាត់​កូវី​ដ​-១៩”​ឬ​“Stop Covid”​បាន​ដំណើរការ​រយៈពេល​១២​ថ្ងៃ ដោយ​មាន​ទីតាំង​ចុះឈ្មោះ​បង្កើត​ប្រព័ន្ធ​ចំនួន ៩៩,២២៤​កន្លែង​និង​មាន​បុគ្គល​ស្កេន​តាម​ទីតាំង​ផ្សេងៗ​គ្នា​ជិត​៥​លាន​ដង​៕ ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  QR codeវីរុសកូវិដ១៩Stopcovid

ព័ត៌មានផ្សេងទៀត