អូស្ត្រាលី​ផ្អាក​ទំនាក់ទំនង​ការពារជាតិ​ជាមួយ​មី​យ៉ាន់​ម៉ា​

08-03-2021 10:30 am 268
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​លោកស្រី​Marise Payne​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​លោកស្រី​Marise Payne​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​៧​ខែ​មីនាឆ្នាំ​២០២១​ថា រដ្ឋាភិបាល​អូស្ត្រលីស​ម្រេច​ផ្អាក​កិច្ចសហប្រតិបត្តិការ​ការពារជាតិ ជាមួយ​មី​យ៉ាន់​ម៉ា​ហើយ​។ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ងាក​ទៅ​ផ្តល់​អទិភាព នៅក្នុង​ការចូលរួម​កិច្ចការ​មនុស្សធម៌ ជួយ​ដល់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​និង​ជនជាតិភាគតិច​ដទៃទៀត តាមរយៈ​អង្គការ​មិន​មែនរដ្ឋាភិបាល តែ​មិនមែន​តាមរយៈ​រដ្ឋាភិបាល ឬ​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបា​លឡើយ​។​

នេះ​ជា​ចំណាត់ការ​មួយ​ដើម្បី​ឆ្លើយតប​ទៅកាន់​របប​យោធា​មី​យ៉ាន់​ម៉ា ដែល​បាន​បង្ក្រាប​យ៉ាង​ហិង្សា លើ​បាតុករ​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ​យោធា​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២១​។ លោកស្រី​Payne បាន​មានប្រសាសន៍ថា​« យើង​បន្ត​ទទូច​ដល់​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ឲ្យ​អនុវត្ត​ការអត់ធ្មត់ និង​ជៀសវាង​ពី​អំពើហិង្សា​ប្រឆាំងនឹង​ជន​ស៊ីវិល​»​។ អូស្ត្រាលី​នឹង​បន្ត​ទាមទារ​ឲ្យ​យោធា​ដោះលែង ពលរដ្ឋ​អូស្ត្រាលី​ម្នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​រដ្ឋប្រហារ គឺ​លោក​Sean Turnell​ជា​សេដ្ឋវិទូ និង​ជា​ទីប្រឹក្សា​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​គេ​ទម្លាក់​ពី​តំណែង បន្ទាប់ពី​អាជ្ញាធរ​បាន​ចាប់ខ្លួន​រូបលោក​៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត