អាជ្ញាធរ​ប្រកាស​ឲ្យ​អ្នក​ពាក់ព័ន្ធ​នឹង​គ្រូពេទ្យ​ឆ្លងកូវី​ដ​-១៩​ម្នាក់​នៅ​ស្រុក​ពាម​រក៍​ទៅ​ធ្វើ​តេស្ត​

07-03-2021 9:13 pm 342

​អ្នក​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​គ្រូពេទ្យ​ម្នាក់​ឈ្មោះ អ៊ឹម សុ​ភី ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​អ៊ឹម សុ​ភី ស្ថិតនៅ​ភូមិ​៣ ឃុំ​ព្រែក​ខ្សាយ​.​ខ ស្រុក​ពាម​រក៍ ខេត្ត​ព្រែ​វែង ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រៃវែង​ប្រកាស​ឲ្យទៅ​ពិនិត្យ​សុខភាព និង​យក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូវី​ដ​-១៩​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​។ 

​ការប្រកាស​របស់​អាជ្ញា​ធរ​ខេត្តព្រៃវែង​នេះ ធ្វើឡើង​បន្ទាប់​ពី​គ្រូពេទ្យ​ម្នាក់​ឈ្មោះ អ៊ឹម សុ​ភី ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​អ៊ឹម សុ​ភី និង​ក៏​ជា​គ្រូពេទ្យ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​បាន​រកឃើញថា​មាន​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​កាលពី​ថ្ងៃ​ទី​០៦​មីនា​។​

​អ្នកពាក់ព័ន្ធ​ដែល​ត្រូវបាន​អាជ្ញាធរ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​រួមមាន ទី​១.​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង ស្រុក​ពាម​រក៍​។ ទី​២.​អ្នក​ដែល​បាន​មក​សម្រាក​និង​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​និង​សម្ភព​អ៊ឹម សុ​ភី​។ ទី​៣.​ក្រុមគ្រួសារ ប្រពន្ធ កូន​និង​អ្នករស់នៅ​ជាមួយ​ឈ្មោះ​អ៊ឹម សុ​ភី និង​ទី​៤.​អ្នក​ដែល​មាន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

​ដោយឡែក សម្រាប់​អ្នក​ដែល​មិន​ស្ថិត​នៅក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា​៖ ផ្កា​សាយ ក្ដៅខ្លួន ក្អក ហៀរ​សំបោរ ឈឺ​បំពង់ករ ឬ​មាន​រោគសញ្ញា​ស្រដៀង អាជ្ញាធរ​ខេត្ត​ព្រៃវែង​បាន​អំពាវនាវ​ឲ្យទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទី​រ​ពេទ្យ​ឬ​មណ្ឌល​សុខភាព ដែល​ស្ថិតនៅ​ជិត​កន្លែង​រស់នៅ ក៏ដូចជា​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត