សណ្ឋាគារ​The Great Duke​ ​ត្រូវ​ជ្រើស​យក​ធ្វើជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​​

07-03-2021 4:40 pm 178

​សណ្ឋាគារ The Great Duke (​អតីត​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ អ៊ិន​ធើ​ខន​) បាន​ក្លាយជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ កម្រិត​ស្រាល​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​០៧ មីនា​នេះ​។

​ការដាក់ឱ្យ​ដំណើរការ​ទីតាំង​សណ្ឋាគារ​នេះ​ធ្វើជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ កម្រិត​ស្រាល ដោយ​ផ្អែក​តាម​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួន​នា​ពេលបច្ចុប្បន្ន និង​ដើម្បី​រៀបចំ​ទីតាំង​ឱ្យបាន​សមស្រប ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ទ្រង់ទ្រាយ​ធំ​។​

​ក្រសួង​បញ្ជាក់ថា «​ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រសួង​សុខាភិបាល ក្នុង​ការប្រមូលផ្តុំ​ធនធានមនុស្ស សម្ភារ​បរិក្ខារ និង​បច្ចេកទេស​ចាំបាច់​មួយចំនួន ជួយសង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឱ្យបាន​ទាន់ពេលវេលា និង​ធានា​ទប់ស្កាត់​ការរីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​នៅក្នុង​សហគមន៍​»​។​

​ដើម្បី​ធានាបាន​ប្រសិទ្ធភាព​ខ្ពស់ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ស្របទៅតាម​ស្ថានភាព​ចាំបាច់ រាជរដ្ឋាភិបាល​ក៏ដូចជា​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ បាននិងកំពុង​ចាត់វិធានការ​ឆ្លើយតប​ចាំបាច់​នានា រួមទាំង​ការគ្រប់គ្រង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ចត្តា​ឡី​ស័ក​។ ចំពោះ​អគារ​និង​បរិវេណ​នៃ​សណ្ឋាគារ​ខាងលើ ក៏​នឹងត្រូវ​រៀបចំ​ឱ្យ​អនុវត្ត​នូវ​វិធានការ​គ្រប់គ្រង​យ៉ាង​ហ្មត់ចត់ ទាំង​ផ្នែក​សុខាភិបាល និង​សន្តិសុខ​សណ្ដាប់ធ្នាប់​យ៉ាង​តឹងរ៉ឹង​បំផុត សំដៅ​ធានា​ទប់ស្កាត់​នូវ​ការឆ្លង និង​ហានិភ័យ​ចម្លង​នៃ​ជំ​ង​នេះ​មក​ខាងក្រៅ​បរិវេណ​អគារ​នៃ​សណ្ឋាគារ​។​

​ក្រសួង​ក៏​ជម្រាបជូន​ដល់​សាធារណជន​ទូទៅ ពិសេស​ប្រជាពលរដ្ឋ និង​បងប្អូន​ពាណិជ្ជករ អាជីវករ​ទាំងអស់​ដែល​រស់នៅ​និង​កំពុង​ប្រកប​របរ​ផ្សេងៗ​នៅជាប់ និង​ក្បែរ​ទីតាំង​សណ្ឋាគារ​នេះ​ថា វីរុស​កូវី​ដ​-១៩ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​តាម​ដំណក់​ទឹកតូចៗ ដែល​ចេញពី​ផ្លូវដង្ហើម​របស់​អ្នក​ផ្ទុក​វីរុស​។ រហូតមកដល់​ពេលបច្ចុប្បន្ន​មិនមាន​ភស្តុតាង​វិទ្យាសាស្ត្រ​បញ្ជាក់ថា វីរុស​នេះ​ឆ្លងតាម​ខ្យល់អាកាស​នៅក្នុង​ទី​លំហ​ឡើយ​។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មាន​ការភ័យខ្លាច និង​សូម​បន្ត​រក្សា​ភាពនឹងនរ​ក្នុង​ចិត្ត និង​ជឿទុកចិត្ត​លើ​វិធានការ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​៕(​ដោយ វណ្ណ យ៉ា​រី​) 


ព័ត៌មានផ្សេងទៀត