០៨​មីនា​២០២១​​ខួប​ទី​១១០​នៃ​ទិវា​នារី​អន្ដរជាតិ តោះមក​ស្វែងយល់ពី​ប្រវត្តិ​សង្ខេ​ប​!​

07-03-2021 12:32 pm 140

​ទិវា​នារី​អន្តរជាតិ​(៨​មិនា​) គឺជា​ទិវា​មួយ ដែល​នារី​ជុំវិញ​ពិភពលោក​ប្រារព្ធ​ពិធី ដើម្បី​រំឭក​អបអរសាទរ​សិទ្ធ របស់ខ្លួន​។ ជា​ឱកាស​មួយ​ត្រូវ​អបអរ ដោយមាន​ពិធីបុណ្យ​រំឭក​ខួប ប្រារព្ធ​ធ្វើ​ដោយ​នារី​ជុំវិញ​ពិភពលោក​។ អង្គការសហប្រជាជាតិ​ក៏​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នេះ និង​ប្រទេស​ជាច្រើន​បានកំណត់​ទិវា​នេះ ថា​ជា​ថ្ងៃ​បុណ្យជាតិ​របស់ ខ្លួន​ផងដែរ តើ​ទិវា​នារី​អន្តរជាតិ​នេះ​មាន​ប្រវត្តិ​បែបណា ?

​នៅ​ចុង​សតវត្ស​ទី​១៩​បច្ចេកវិជ្ជា​បាន​រីកចម្រើន ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដែលមាន​ខឿន​ឧស្សាហកម្ម​រីកចម្រើន​។ នារី និង​កុមារ​ក្រីក្រ​រាប់លាន​នាក់​ត្រូវបាន​ចូលធ្វើការ​នៅក្នុង​រោងចក្រ​សហគ្រាស​ឯកជន​នានា​ទាំងឡាយ​។ ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​មួយចំនួន​មានគំនិត​លោភលន់ កេងប្រវ័ញ្ច​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ជា​ទម្ងន់​ក្នុង​មួយថ្ងៃ​ពី ១២​ម៉ោង ទៅ​១៦​ម៉ោង ហើយ​ផ្ដល់​ប្រាក់បៀវត្ស​តិចតួច​បំផុត ដោយ​មិន​គិតពី​សុខភាព​របស់​កម្មករ​ឡើយ ។​

​ដោយ​ការឈឺចាប់ ចំពោះ​អំពើ​កៀបសង្កត់​កេងប្រវ័ញ្ច​ហួសប្រមាណ​នោះ នៅ​ថ្ងៃទី ៨ មិនា ឆ្នាំ ១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ​នៅ​ទីក្រុង​ស៊ី​កាហ្គោ និង​ញ៉ីវ​យ៉​ក សហរដ្ឋអាមេរិក បាន​សាមគ្គី​ឯកភាពគ្នា​ក្រោក ឈរឡើង​តស៊ូ​ទាមទារ​ឱ្យ​បន្ថយ​ម៉ោង​ធ្វើការ និង​ដំឡើង​ប្រាក់បៀវត្ស​។ ប៉ុន្តែ​ជា​លទ្ធផល កម្មការិនី​ទាំងនោះ​ត្រូវ​បានទទួល​ការកៀបសង្កត់ ចាប់ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញចេញ​ពី​រោងចក្រ​។ ​ទោះបី​ត្រូវ​ទទួល​ការឈឺ កម្មការិនី​នៅតែ​សាមគ្គី​គ្នា តស៊ូ​ស្វិតស្វាញ​ម្ដង​ហើយ​ម្ដងទៀត ។ ចលនា​ដ៏​ស្វិតស្វាញ​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​នារី​ពលករ​នៅ​ប្រទេស​អាឡឺម៉ង់​ដែលជា​ប្រទេស​ឧស្សាហកម្ម​ធំ​មួយនា​សម័យ​នោះ​។ នៅ​ប្រទេស​អាឡឺម៉ង់​ក្នុងពេលនោះ​បាន​លេចឡើង​នូវ​យុវនារី ៣​រូប​ដ៏​ល្បីល្បាញ​គឺ អ្នកស្រី ក្លា​រ៉ា​ស្ជេ​គ​គិន ជនជាតិ​អាឡឺម៉ង់ និង រ៉ូ​ស្កា​លុម​ស្ព័​របួរ ជនជាតិ​ប៉ូឡូញ ដែល​បាន​ចូលរួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី គ្រូ​ប​ស្កា​យ៉ា (​ភរិយា​លោក​ឡេ​នី​ន​) បំផុស​ចលនា​បង្ខិត​បានជា​គណៈ​លេខា​អន្តរជាតិ​ដើម្បី​ដឹកនាំ​ចលនា​នារី​។​

​ឆ្នាំ​១៩១០ សន្និបាត​អន្តរជាតិ​នារី​ដែលមាន​ប្រទេស ១៧​ចូលរួមបាន​ធ្វើឡើង​នៅ​ទីក្រុង​កូប៉ែ​ន​ហាក រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក បាន​សម្រេចយក​ថ្ងៃ ៨ មិនា “​ទិវា​នារី​អន្តរជាតិ​” ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សាកលលោក ដើម្បី​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា «​មួយថ្ងៃ​ធ្វើការ​ប្រាំបី​ម៉ោង​», «​ធ្វើការ​ស្មើគ្នា បៀវត្ស​ស្មើគ្នា​», «​ការពារ​សុខភាព​មាតា និង​ទារក​»​។ ចាប់តាំងពី​ថ្ងៃ​នោះមក ថ្ងៃ ៨ មិនា បាន​ក្លាយទៅជា​ថ្ងៃបុណ្យ​អន្តរជាតិ​នារី ដែល​រំ​ឮ​ក​អំពី​ការតស៊ូ​របស់​នារី​ពលករ​ទូទាំង​សកលលោក គឺ​ដោយសារ​តែមាន​កិច្ចប្រឹងប្រែង​ដោយ​អំណ​ត់ និង​ពុះពារ​នឹង​ការលំបាក​គ្រប់បែបយ៉ាង​ពី ១០០​ឆ្នាំមុន​នេះហើយ​ទើប​បច្ចុប្បន្ននេះ​នារី​ក្នុង​ពិភពលោក​មានឱកាស​ទ​ទួលបាន​នូវ​សិទ្ធិ​ស្មើភាព​ក្នុងការ​បន្តុះបង្អាប់​ខ្លះៗ​ក៏ដោយ​។​

​ជា​បន្ទាប់ ចលនា​នារី​អន្តរជាតិ​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នារី​ដែល​នៅ​សេសសល់​តាមរយៈ​ការស្នើ​រឡើ ង​ទៅ​អង្គការសហប្រជាជាតិ​ដោយ​សន្និសីទ​នារី​ជា​ច្រើនលើកច្រើនសារ​។​នៅ​ឆ្នាំ ១៩៧៥ សន្និសីទ​ពិ​ភ ព​លោក​របស់​នារី​លើក​ទី​១ បាន​ធ្វើឡើង​នៅ​ទីក្រុង​ម៉ិចស៊ិ​ចកូ ប្រទេស​ម៉ិចស៊ិច ក្រោម​ប្រធានបទ «​សម ភាព វឌ្ឍនភាព និង​សន្តិភាព​»​។​
​ផែនការ​សកម្មភាព​ដែល​បានសម្រេច​នៅពេលនោះ គេ​បាន​អំពាវនាវ​ឱ្យមាន​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​នារី​ភេទ និង​រៀបចំ​ទម្រង់ការ​ដ៏​មាន​ប្រសិទ្ធិភាព​សម្រាប់​អនុម័ត​អនុសញ្ញា​នេះ​។​ខែតុលា ឆ្នាំ​១៩៧៥​ដដែល អង្គការសហប្រជាជាតិ​បានប្រកាសថា​ពី​ឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជា​សតវត្ស​សម្រាប់​នារី​។ នៅ​ឆ្នាំ ១៩៨០ សន្និសីទ​ពិភពលោក​លើក​ទី​២ របស់​នារី​បាន​ធ្វើឡើង​នៅ​ទីក្រុង​កូប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ។​

​ឆ្នាំ ១៩ ៨៥ ចុងបញ្ចប់​នៃ​ទស្សវត្ស​នារី គេ​បានរៀបចំ​សន្និសីទ​លើក​ទី​៣​ម្ដងទៀត នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​ខេន​ញ៉ា ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​លទ្ធផល​សម្រេច​របស់​ទស្សវត្ស​នារី​ព្រមទាំង​ធ្វើ​ការអនុម័ត​លើ​យុទ្ធវិធី​ចម្រើន​ទៅមុខ​សម្រាប់​ភាព​លូតលាស់​របស់​នារី​ក្នុង​ឆ្នាំ ២០០០​។ ចុងក្រោយ​នេះ​គឺ​ឆ្នាំ ១៩៩៥ ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ១៥ កញ្ញា អង្គការសហប្រជាជាតិ​បានរៀបចំ​សន្និសីទ​នារី​ពិភពលោក​លើក​ទី​៤ នៅ​ទីក្រុង​ប៉េកាំង សា ធា​រណ​រដ្ឋ​ប្រជាមានិត​ចិន​។ ប្រធានបទ​ជា​គោល​គឺ «​សមភាព វឌ្ឍនភាព និង​សន្តិភាព​» បើ​យើង​ប្រៀបធៀប​ប្រវត្តិ​ទិវា​អន្តរជាតិ​នារី ៨ មិនា ទៅនឹង​កំណើត​នៃ​អង្គការសហប្រជាជាតិ ឃើញថា​ប្រវត្តិ​ទិវា​អន្តរជាតិ ៨ មិនា​មានកំណើត​មុន​អង្គការសហប្រជាជាតិ​ទៅទៀត ហើយក៏​មានកំណើត​មុន​សិទ្ធិមនុស្ស​ទៀតផង​។​

​តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ សព្វថ្ងៃ​នៅ​កម្ពុជា​ពិតមែនតែ​មានច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ដូចជា​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹ​ង​នារី​ភេទ និង​រដ្ឋធម្មនុញ្ញ​ត្រង់​ជំពូក ៣ ដែល​ស្ដីពី​សិទ្ធិ​នោះ​ហើយ​ក៏ដោយ​ក៏​វិសមភាព​រវាង​បុរស និង​ស្ដ្រី ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ការរំលោភ​សិទ្ធិ​ស្ត្រី ហិង្សា​ក្នុង​គ្រួសារ នៅតែ​កើតមាន​ជា​បញ្ហា​។ ហេតុដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​យើង និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនធំ ខំប្រឹង​ខ្នះខ្នែង​យក​បញ្ហា​ទាំងអស់នេះ​មក​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់រូប​ទាំង​បុរស ទាំង​ស្ត្រី​ដើម្បី​ជួយ​ស្ដ្រី​ឱ្យមាន​ភាពយុត្តិធម៌​ក្នុង​ការទទួល​សិទ្ធិ និង​ប្រើ​សិទ្ធិ និង​ដើម្បី​ជួយ​កាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោល​នូវ​បញ្ហា​ទាំងឡាយ​ខាងលើ​ដែលមាន​ចំពោះ​ស្ត្រីភេទ​៕ (​ដោយ វណ្ណ យ៉ា​រី​) 

ព័ត៌មានផ្សេងទៀត