កូវីដ-១៩៖​​ឆ្លងថ្មី៣៤នាក់និង​អ្នកជំងឺឆ្លង​ក្នុង​សហគមន៍១៩​នាក់​ជាសះស្បើយ

07-03-2021 8:34 am 201

​កាលពី​ថ្ងៃទី​០៦​ខែមីនា​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ចំនួន​៣៤​នាក់​បន្ថែមទៀត ដោយ​ក្នុងនោះ​មាន​៣១​នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្ដិការណ៍​សហគមន៍​២០​កុម្ភៈ​។ ៣១​នាក់​ដែល​ឆ្លង​ក្នុង​សហគមន៍​មាន​ជន​ជាតិចិន​២១​នាក់ ជនជាតិខ្មែរ​០៩​នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់ ដោយ​ក្នុង​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​១៤​នាក់ ក្នុង​ខេត្ដ​ព្រះសីហនុ​ច្រើនជាងគេ​១៥​នាក់ ខេត្ដ​កំពង់ធំ​ម្នាក់ និង​ខេត្ដ​ព្រៃវែង​ម្នាក់​។  

​ដោយឡែក​អ្នកជំងឺ​០៣​នាក់​ទៀត​ជា​អ្នកដំណើរ​មកពី​ក្រៅ  សុទ្ធ​ជា​ជនជាតិខ្មែរ​បម្រើការ​នៅ​អង្គការសហប្រជាជាតិ​(​កងទ័ព​មួក​ខៀវ​UN) មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​២១​កុម្ភៈ ហើយ​បច្ចុប្បន្ន​ដាក់ឲ្យ​សម្រាក​ព្យាបាល​នៅ​សាលា​រក្សា​សន្ដិភាព​ពហុ​សាស្ដ្រ​ខេត្ដ​កំពង់ស្ពឺ​។ 

​ជាមួយគ្នា​កាលពី​ថ្ងៃទី​០៦​មីនា ក៏មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​១៩​នាក់​ផងដែរ សុទ្ធតែជា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្ដិការណ៍​សហគមន៍​២០​កុម្ភៈ ដោយ​ក្នុងនោះ​រួមមាន​ជន​ជាតិចិន​១៦​នាក់ ជនជាតិខ្មែរ​០២​នាក់ និង​វៀតណាម​ម្នាក់​។ 

​សរុប​អ្នកជំងឺ​កូវី​ដ​-១៩​ទូទាំងប្រទេស​កម្ពុជា​មាន​៩៨៧​នាក់ ក្នុងចំណោម​នោះ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្ដិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​៤៧៧​នាក់​។ ចំពោះ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​សល់​៤៧៦​នាក់ និង​អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​៥១០​នាក់​។ 

​ជា​ការកត់សម្គាល់ ប្រទេស​កម្ពុជា​នៅតែ​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​ជា​បន្ដបន្ទាប់ ដោយ​ភាគច្រើន​គឺ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្ដិការណ៍​សហគមន៍​២០​កុម្ភៈ​។ ជាមួយនឹង​ស្ថានភាព​បែបនេះ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ពលរដ្ឋ​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​អនុវត្ដ​តាម​វិធានការ​សុវត្ថិភាព​ដែល​បាន​ណែនាំ​។ ថ្វី​ត្បិត​ថា​កម្ពុជា​មាន​វ៉ាក់សាំង​អាច​ចាក់​ជូន​ពលរដ្ឋ​បាន​មួយចំនួន​ហើយ​ក្ដី ប៉ុន្ដែ​លោកស្រី​ឱ វណ្ណឌី​ន​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើកឡើងថា ស្ថិតនៅក្នុង​ស្ថានភាព​ចម្លង​ជា​ចង្កោមៗ រាយប៉ាយ​តាម​កន្លែង​នី​មួយៗ ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​តែមួយ​មុខ មិនមែនជា​ដំណោះស្រាយ​មាស​សម្រាប់​ទប់ទល់​ជំងឺ​កូវី​ដ​-១៩​ឡើយ ពោលគឺ​ត្រូវអនុវត្ត​វិធានការ​ការពារ​ខ្លួន​៣​ការពារ​និង​៣​កុំ​ជាប់​ជាប្រចាំ​៕ ​ដោយ​៖​វណ្ណ យ៉ា​រី  

 

ព័ត៌មានផ្សេងទៀត