សិស្សសាលាវិទ្យាល័យចំនួន៤៩នាក់ក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានកើតមានអាការៈដួលសន្លប់និងស្រែកយំ និងត្រូវបានសមត្ថកិច្ចក៏ដូចជាលោកគ្រូអ្នកគ្រូ ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមនិងមណ្ឌលសុខភាពឃុំសំរោងដើម្បីពិនិត្យនិងព្យាបាល។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តសៀមរាបនៅរសៀលថ្ងៃទី០៦មីនានេះ។
ជុំវិញករណីនេះ លោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមបានឲ្យដឹងថា តាមការស្រាវជ្រាវ គឺផ្ដើមចេញពីសិស្សស្រីម្នាក់បានដួលសន្លប់ ដែលអាចខ្វះជាតិស្ករលុះសិស្សផ្សេងទៀតបានឃើញ ក៏កើតមានអាការៈភ័យស្លន់ស្លោ ល្ហិតល្ហៃនិងទន់ដៃទន់ជើងបន្តៗគ្នាដោយអ្នកខ្លះសន្លប់ និង អ្នកខ្លះភ័យស្រែកយំ ហើយអ្នកដែលមើលទៅមានអាការៈធ្ងន់ធ្ងរចំនួន៣៣នាក់ បានបញ្ជូនទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ រីឯអ្នកដែលមានអាការៈមិនសូវធ្ងន់ធ្ងរចំនួនចំនួន១៦នាក់ បានបញ្ជូនទៅពិនិត្យនិងព្យាបាលនៅមណ្ឌលសុខភាពឃុំសំរោង ប៉ុន្តែមកទល់ម៉ោង១២ថ្ងៃត្រង់នេះ នៅសល់សិស្សចំនួនតែ៩នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ក្រៅពីនោះបានវិលត្រឡប់ទៅផ្ទះរួចហើយ។
ជាមួយគ្នានេះលោកអភិបាលស្រុកសូទ្រនិគមបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៥មីនា នៅវិទ្យាល័យសំរោងនេះដែរក៏កើតមានករណីដូចគ្នានេះ លើសិស្សស្រីចំនួន៥នាក់ផង ដោយបន្តិចក្រោយមកសិស្សទាំងនេះមានស្ថានភាពធូរស្បើយដូចធម្មតាវិញដែរ បន្ទាប់ពីការយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលជំងឺពីសំណាក់ក្រុមគ្រូពេទ្យ។
លោកម៉ក់ ប្រុស អះអាងបន្ថែមថា តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យឲ្យដឹងថា អ្នកជំងឺទាំងអស់គ្នានេះ គ្មានរោគសញ្ញាណាមួយដែលគួរឲ្យបារម្ភឡើយ ព្រោះពួកគាត់ទាំងអស់គ្នា ត្រូវបានពិនិត្យជាតិស្ករ ពិនិត្យអុកស៊ីសែនក្នុងខ្លួន និងពិនិត្យមើលសម្ពាធឈាម គឺគ្មានរោគសញ្ញាអ្វីទាំងអស់។ ដូច្នេះតាមការសន្និដ្ឋានស្ថានភាពសិស្សទាំងអស់នេះ កើតឡើងបណ្ដាលមកពីអាការៈភ័យខ្លាចខ្លាំងពេក ខណៈឆ្នាំមុនក៏ធ្លាប់កើតមានករណីដូចគ្នាផងដែរលើសិស្សនៅក្នុងឃុំតាយ៉ែត ក្នុងស្រុកសូទ្រនិគមនិង សិស្សនៅក្នុងស្រុកស្វាយលើដែលបានបញ្ជូនមកពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមដូចគ្នា៕ ដោយ៖ យឺន សីហា