ទំនាក់ទំនងរឹងមាំល្អគួរមានមូលដ្ឋានគ្រឹះអ្វីខ្លះ?

04-03-2021 4:19 pm 327

អ្នកមានឆ្ងល់ទេថា ហេតុអ្វីមនុស្សខ្លះពូកែខ្លាំងម្ល៉េះគ្រាន់តែជួបអ្នកដទៃមិនបានប៉ុន្មាននាទីផងក៏មានភាពស្និទ្ធស្នាល និងមានទំនាក់ទំនងល្អទៅហើយ? ហេតុអ្វីបានជាអ្នករកស៊ីខ្លះពូកែរកដៃគូសហការខ្លាំងម្ល៉េះ និងមានទំនាក់ទំនងល្អជាមួយអតិថិជន រហូតអាចឲ្យអតិថិជនទាំងនោះក្លាយជាម៉ូយរបស់ពួកគេបាន? ចម្ងល់ទាំងអស់នេះអាចស្រាយបាន ប្រសិនបើអ្នកបានអានសៀវភៅមួយក្បាល នោះគឺសៀវភៅ “ឥទ្ធិពលនៃទំនាក់ទំនង” ( Power Relation )គឺជាសៀវភៅដែលនិយាយអំពីប្រភេទនៃបម្លាស់ប្តូរទំនាក់ទំនងនានាដែលអាចចូលមកដើម្បីកំណត់អាជីពរបស់យើង។

សៀវភៅឥទ្ធិពលនៃទំនាក់ទំនង (Power Relation)និពន្ធដោយសហស្ថាបនិក២រូបគឺលោកAndrew Sobel និងលោកJarold Panas។ ដោយលោក Andrew Sobel គឺជាអ្នកជំនាញឈានមុខម្នាក់លើពិភពលោក ក្នុងទំនាក់ទំនងអាជីវកម្ម និងកសាងនូវភាពស្មោះត្រង់ចំពោះអតិថិជន។ គាត់ត្រូវបានគេចាត់ទុកជាវាគ្មិនដែលមានបទពិសោធន៍ជាច្រើនទសវត្សក្នុងការផ្តល់ប្រឹក្សាដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ ក៏ដូចជាការផ្តល់ការបណ្តុះបណ្តាលគ្រូជាច្រើននាក់។ ចំពោះលោកJarold Panas គឺជាដៃគូប្រតិបត្តនៅក្រុមហ៊ុនJarold Panas, LINZY &Partner ដែលជាក្រុមហ៊ុនឈានមុខក្នុងវិស័យងបង្កើតមូលនិធិ និងការអភិវឌ្ឍធនធានហរិញ្ញវត្ថុ។

លោកបាននិពន្ធសៀវភៅល្បីៗជាច្រើនក្បាលក្បាលផងដែរ។ សៀវភៅ “ឥទ្ធិពលនៃទំនាក់ទំនង” នឹងជួយឱ្យជីវិតរស់នៅរបស់មនុស្សម្នាក់ៗមានភាពប្រសើរឡើង ហើយជំរុញឱ្យពួកគេ មានសមត្ថភាពគ្រប់គ្រាន់ធ្វើនូវអ្វីដែលពួកគេគិតថាមិនអាចទៅរួច។ អ្នកនិពន្ធបានបង្ហាញពីរបៀបបង្កើត និងទទួលលទ្ធផលពីឥទ្ធិពលនៃទំនាក់ទំនង ជាមួយនឹងចំណេះដឹងនេះអ្នកនឹងកាន់តែទាក់ទាញអតិថិជនបានច្រើន និងរក្សាបាននូវទំនាក់ទំនងក្នុងការងារ។ 

ក្នុងមេរៀនដំបូងអ្នកនិពន្ធព្យាយាមលើកយកនូវភាពសំខាន់នៃទំនាក់ទំនងក្នុងអាជីវកម្ម។ ទំនាក់ទំនងគឺជាផ្នែកមួយដែលមានអត្ថន័យខ្លឹមសារនៅទាំងក្នុងអាជីព និងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ក្នុងមេរៀនទី១អ្នកនិពន្ធបានលើកឡើងថា ទំនាក់ទំនងកើតចេញពីការសន្ទនាដ៏អស្ចារ្យ និងមិនខ្លាចក្នុងការសាកសួរ ដោយអ្នកគួរជ្រើសរើសការសន្ទនាជាមួយមនុស្សដែលអ្នកចូលចិត្ត ពុំមានផ្តោតែទៅលើឋានៈ និងតួនាទីរបស់ដៃគូរសន្ទនារបស់អ្នកនោះឡើយ ។ ជាមួយគ្នានេះអ្នកនិពន្ធបានលើកឡើងថា ទំនាក់ទំនងជ្រាលជ្រៅទាមទារឱ្យមានមូលដ្ឋានគ្រឹះរឹងមាំ សុចរិតភាព និងការយល់ចិត្ត។

មនុស្សគ្រប់គ្នាចូលចិត្តបង្កើតទំនាក់ទំនងឆាប់រហ័សដោយរំពឹងថាទទួលបានលទ្ធផលល្អ ប៉ុន្តែការពិតទំនាក់ទំនងឆាប់រហ័សបែបនេះមិនទទួលបានលទ្ធផលល្អ ចំពោះឥទ្ធិពលនៃទំនាក់ទំនងនោះទេ។ ប្រភេទនៃចំណងទាំងនេះតម្រូវឱ្យមានភាពរឹងមាំ ត្រូវការការលះបង់ពេលវេលា គោរពគ្នាទៅវិញទៅមក។ គន្លឹះសំខាន់មួយទៀតចំពោះឥទ្ធិពលនៃទំនាក់ទំនងគឺការយល់ចិត្ត។ ទំនុកចិត្តហើយនិងការទទួលបានទំនុកចិត្តនោះ ទាល់តែអ្នកផ្តល់ឱ្យគេមុនទើបអ្នកទទួលបានការទុកចិត្តមកវិញដែរ។ បើគ្មានទំនុកចិត្តទេទំនាក់ទំនងនឹងត្រូវបរាជ័យតាំងពីដំបូង គ្មានអ្នកណាម្នាក់អាចទទួលបានអត្ថប្រយោជន៍ពីការខ្វះទំនុកចិត្តនោះឡើយ។ ជាមួយគ្នានេះអ្នកនិពន្ធលើកទឹកចិត្តឱ្យផ្តល់ភាពជឿជាក់ សេចក្តីស្រឡាញ់ និងការសសើរ ដើម្បីបង្ហាញមនុស្សថា អ្នកឱ្យតម្លៃពួកគេ និងជួយពួកគេឱ្យរីកចម្រើន។

អ្នកត្រូវដឹងថា នៅពេលអ្នកឱ្យតម្លៃដៃគូសន្ទនា គឺជាវិធីមួយក្នុងការសាងទំនាក់ទំនងបានយូរអង្វែង។ ទោះបីជាត្រូវចាយពេលវេលា និងការខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវការសន្ទនាល្អៗ ជាមួយភាពស្មោះត្រង់ ការសរសើរ សេចក្តីរីករាយការទុកចិត្ត និងសេចក្តីសុចរិត។ យើងអាចសង្កេតឃើញថា អ្នកទទួលបានជោគជ័យនៅក្នុងសង្គមការងារ អាជីវកម្ម ព្រមទាំងការរស់នៅក្នុងសង្គម ពួកគេសុទ្ធសឹងតែបានទទួលស្គាល់នូវភាពសំខាន់នៃទំនាក់ទំនង ហើយព្យាយាមរៀនសូត្រ ដកស្រង់បទពិសោធន៍ រួចបន្តទៅកសាងទំនាក់ទំនងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ។

ភាពសំខាន់ទាំងនេះហើយ គឺជាហេតុផលដែលអ្នកអានគួរតែអាន និងយកគំនិតចំណេះដឹងដែលមានក្នុងសៀវភៅ “ឥទ្ធិពលនៃទំនាក់ទំនង” មកអាន និងសាកល្បងអនុវត្តទើបអាចបង្កើនឱ្យការសន្ទនារបស់អ្នកកាន់តែល្អប្រសើរ៕

ដោយ៖ភិន សុភី

ព័ត៌មានផ្សេងទៀត