អាស៊ាន​ចាប់ផ្ដើម​ឈឺឆ្អាល​កាន់តែខ្លាំង​នឹង​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​?

02-03-2021 5:13 pm 611

​ស្ថានការណ៍​អសន្ដិសុខ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បង្កឡើង​ដោយ​អំពើហិង្សា​រវាង​ក្រុមបាតុករ​ជាមួយ​សមត្ថកិច្ច នៅ​ពុំទាន់​អាច​ដោះស្រាយបាន​នោះទេ​។ ផ្ទុយទៅវិញ​ហាក់​ស្ថិតក្នុង​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ដោយ​បន្ដ​មាន​មនុស្ស​ស្លាប់​កាន់តែច្រើន ហើយ​ក្រុមបាតុករ​នៅ​មិន​ព្រម​បញ្ឈប់​សកម្មភាព ខណៈ​យោធា​ក៏​បន្ដ​បង្ក្រាប​ទៅលើ​ពួកគេ​។ មើលឃើញ​ពី​ភាព​មិនល្អ​ដូច្នេះ រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​បានរៀបចំ​កិច្ចប្រជុំ​តាម​វីដេអូ​មួយ​ជាមួយ​តំណាង​នៃ​របប​យោធា​មី​យ៉ាន់​ម៉ា ដើម្បី​លើកឡើង​ពី​ការព្រួយបារម្ភ​របស់ខ្លួន​។  តើ​នេះ​អាចជា​ចំណែក​មួយ​ជួយ​សម្រួល​ភាព​តានតឹង​នៅ​មី​យ៉ាន់​ម៉ា​ឬទេ​?  អាស៊ាន​អាចធ្វើ​អ្វី​លើសពីនេះ​ទេ​?

ស្ថានការណ៍នៅមីយ៉ាន់ម៉ា

​របប​យោធា​បាន​វិល​មក​ក្ដោប​ក្ដាប់​អំណាច​ក្នុងប្រទេស​នៅ​មី​យ៉ាន់​ម៉ា​ជាថ្មី កាលពី​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១​។ ជា​ថ្ងៃ​ដែល​ត្រូវបាន​ចាត់ទុកជា​រដ្ឋប្រហា​រ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី តែ​របប​យោធា​ខ្លួនឯង​ចាត់ទុកជា​ការរៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ និង​បញ្ចប់​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​មី​យ៉ាន់​ម៉ា​ក៏បាន​ប្រកាស​ដាក់​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន​រយៈពេល​១​ឆ្នាំ ហើយនឹង​រៀបចំ​ការបោះឆ្នោត​ជាថ្មី​។ មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង សាន​ស៊ូ​ជី​ត្រូវបាន​ចាប់ខ្លួន រួម​នឹង​មន្ដ្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត​ពុំទាន់​ដោះលែង​នៅឡើយ​។​

​ដោយមាន​ស្លាកស្នាម​ពី​អតីតកាល ដែល​មី​យ៉ាន់​ម៉ា​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យោធា​ប្រមាណ​ជា​៥០​ឆ្នាំកន្លងមក ដូច្នេះ​ប្រជាជន​ស្រឡាញ់​ប្រជាធិបតេយ្យ​ពិសេស​អ្នកគាំទ្រ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី មិន​ចង់បាន​ទៀត​ទេឲ្យ​យោធា​កាច់ចង្កូត​ដឹកនាំ​ប្រទេស​ដូច​មុន​។ ពួកគេ​បញ្ចេញ​អារម្មណ៍​ខឹងសម្បា​ហើយ​ប្រឆាំង​ដាច់ខាត​ទៅនឹង​របប​យោធា​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​។ ការណ៍​នេះហើយ​ដែល​ធ្វើឲ្យ​ផ្ទុះ​ការធ្វើ​បាតុកម្មអហិង្សា​រហូត​ក្លាយជា​ហិង្សា ដោយ​គិត​ត្រឹម​ពេលនេះ​មាន​មនុស្ស​ស្លាប់​ប្រមាណ​៣០​នាក់ របួស​និង​ចាប់ខ្លួន​ជាង​១​ពាន់​នាក់​ផ្សេងទៀត​។ ទោះបីជា​ត្រូវ​យោធា​បង្ក្រាប​យ៉ាង​ចាស់ដៃ ប៉ុន្ដែ​ក្រុមបាតុករ​មិនទាន់​ប្រកាស​បញ្ចប់​ចលនា​តវ៉ា​ប្រឆាំង​ឡើយ ផ្ទុយទៅវិញ​មានតែ​ការប្រកាស​ផែនការ​ប្រមូលផ្ដុំ​បន្ដទៀត ហើយ​នៅ​ថ្ងៃទី​០២​មីនា​ក៏មាន​ការបន្ដ​ប្រមូលផ្ដុំ​ផងដែរ​។​

​ខណៈ​បាតុករ​មិន​ព្រម​បោះបង់​ការទាមទារ​ឲ្យ​យោធា​ប្រគល់​អំណាច​ទៅឲ្យ​រដ្ឋាភិបាល​ស៊ីវិល របប​យោធា​ឯណោះ​វិញ​ដែលមាន​លោក​មីន អ៊ុង​លាង​ជា​មេដឹកនាំ បានបញ្ជាក់​ច្បាស់ៗ​ថា មេដឹកនាំ​ក្រុម​តវ៉ា​និង​អ្នក​ញុះញង់​នឹងត្រូវ​ទទួលទោស ហើយ​លោក​គំរាម​នឹង​ចាត់វិធានការ​ប្រឆាំង​មន្ដ្រីរាជការ​ដែល​មិន​ព្រម​ចូលធ្វើការ​។ លោក​មីន អ៊ុង​លាង​បាន​ប្ដេជ្ញា​សាជាថ្មី​នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ហើយ​ប្រគល់​អំណាច​ទៅឲ្យ​អ្នក​ដែល​ឈ្នះឆ្នោត ប៉ុន្ដែ​លោក​នៅតែ​មិន​បានបញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ទេ​។​

​ការរៀបចំ​កិច្ចពិភាក្សា​រវាង​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​យោធា​មី​យ៉ាន់​ម៉ា​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​CNA​នៅ​ថ្ងៃទី​០២​មីនា​នេះ បានបញ្ជាក់​ពី​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ​វីដេអូ​ដែល​ត្រូវ​រៀបចំ​នៅក្នុង​ថ្ងៃ​ដដែល​នេះ រវាង​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​ជាមួយ​តំណាង​របស់​យោធា​មី​យ៉ាន់​ម៉ា​។ ជា​កិច្ចប្រជុំ​ក្នុង​គោលបំណង​លុបបំបាត់​អំពើហិង្សា និង​បើកផ្លូវ​ដោះស្រាយ​វិបត្ដិនយោបាយ​កំពុង​កើនឡើង ដែល​នេះ​គឺជា​រឿង​ល្អ​ហើយ​បង្ហាញថា​អាស៊ាន​ចាប់ផ្ដើម​ឈឺឆ្អាល​កាន់តែខ្លាំង​នឹង​មី​យ៉ាន់​ម៉ា​។​

​បើតាម​រដ្ឋមន្ដ្រីការបរទេស​សិង្ហ​បុរី​លោក​Vivian Balakrishnan លោក​នឹង​រដ្ឋមន្ដ្រី​ពាក់ព័ន្ធ​របស់​អាស៊ាន​ផ្សេងទៀត​នឹង​ប្រាប់​ទៅ​តំណាង​យោធា​របស់​មី​យ៉ាន់​ម៉ា​ថា ពួកគេ​ពិតជា​តក់ស្លុត​ជាខ្លាំង​ចំពោះ​អំពើហិង្សា​កើតឡើង​ថ្មីៗ​។ ក្នុង​បទ​សម្ភាស​តាម​ប៉ុស្ដិ៍​ទូរទស្សន​កាលពី​យប់​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ លោក​គូសបញ្ជាក់​ផងដែរ​ថា​អាស៊ាន​ក៏​នឹង​លើក​ទឹកចិត្ដ​បន្ថែមទៀតឲ្យ​មាន​កិច្ច​ចរចា​រវាង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​និង​របប​យោធា​។ លោក​ថា​នៅ​មី​យ៉ាន់​ម៉ា​មាន​មេដឹកនាំ​នយោបាយ ហើយក៏​មាន​មេដឹកនាំ​យោធា ដូច្នេះ​ពួកគេ​ត្រូវ​ជជែក​គ្នា ហើយ​អាស៊ាន​ក៏ត្រូវ​ជួយ​ជំរុញ​ពួកគេ​បន្ថែម​។​

​អាច​រំពឹង​ខ្ពស់​ដែរឬទេ​ពី​លទ្ធផល​វិជ្ជមាន​ក្នុង​កិច្ចពិភាក្សា​នេះ​?

​អាច​និយាយបានថា នេះ​ជា​ចំណាត់ការ​ថ្មី​ជួយ​រក​ដំណោះស្រាយ​ឲ្យ​មី​យ៉ាន់​ម៉ា ហើយក៏​ជា​កិច្ចប្រជុំ​លើកដំបូង​ផងដែរ រវាង​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​ពាក់ព័ន្ធ​បញ្ហា​មី​យ៉ាន់​ម៉ា បើ​គិត​តាំងពី​រដ្ឋប្រហារ និង​បន្ទាប់ពី​ការអំពាវនាវ​កន្លងមក​តែ​គ្មាន​ប្រសិទ្ធភាព​។ បើ​សួរថា​តើ​នឹង​អាចមាន​ប្រសិទ្ធភាព​ជួយ​មី​យ៉ាន់​រក​ច្រកចេញ​ឃើញ​ទេ​? នៅ​ពុំទាន់​អាចសន្និដ្ឋាន​បានឡើយ​ត្រូវ​រង់ចាំ​មើល​ជាក់ស្ដែង​។ ក៏ប៉ុន្ដែ​យ៉ាងណាមិញ​កិច្ចពិភាក្សា​លើក​នេះ ក៏​ហាក់​បង្ហាញឲ្យឃើញពី​ការខ្នះ​ខ្នែង​នៃ​រដ្ឋជា​សមាជិក​អាស៊ាន​ក្រោយ​រង​ការរិះគន់​ច្រើន​គួរសម ដែល​បានធ្វើឲ្យ​មុខមាត់​អាស៊ានក៏​ធ្លាក់ចុះ​ទៅ​តាមនេះ​។ ហេតុនេះ​យ៉ាងហោចណាស់​ក៏​ជម្រើស​នានា​ត្រូវបាន​លើកយក​មក​បង្ហាញ​ក្នុង​អង្គប្រជុំ វា​ល្អ​ជាង​ការមិនធ្វើ​អ្វី​សោះ​។ ម្យ៉ាងវិញទៀត​របប​យោធា​ថ្វី​ត្បិត​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណា​ពី​ការអំពាវនាវ​របស់​អន្ដរជាតិ ប៉ុន្ដែ​តាមរយៈ​ស្ថានភាព​នៅក្នុង​ប្រទេស​កាន់​តែ​ធ្ងន់ធ្ងរ រួម​នឹង​ទណ្ឌកម្ម​ធ្លាក់​មកជា​ហូរហែ ចង់​ឬ​មិន​ចង់​របប​យោធា​មី​យ៉ាន់​ម៉ា​ក៏​អាច​នឹង​ទុក​ផ្លូវ​មួយ​ដើម្បី​ជជែក​គ្នា​ដែរ មិន​ដាច់ខាត​ពេក​នោះទេ​ក្នុង​កាលៈទេសៈ​វឹកវរ​ដូច្នេះ​។ តែបើ​ចង់ឲ្យ​របប​យោធា​បាត់បង់​ឥទ្ធិពល​ទាំង​ស្រុក​ក៏​មិន​អាចទៅរួច​ឡើយ​។ 

​ការរិះគន់​ជុំវិញ​អន្ដរាគមន៍​របស់​អាស៊ាន​នៅ​មី​យ៉ាន់​ម៉ា​

​ការអន្ដរាគមន៍​ណាមួយ​ពី​សំណាក់​រដ្ឋ​ជា​សមាជិក​អាស៊ាន គឺ​ត្រូវ​ធានាថា​មិនឲ្យ​រំលោភ​លើ​ធម្មនុញ្ញអា​ស៊ានដែល​មានចែង​ច្រើន​ចំណុច​។ ក្នុងនោះ​ជាអាទិ៍​មានការ​ហាមប្រាម​មិនឲ្យ​ជ្រៀតជ្រែ​កកិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​ជាដើម​។ បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​ខ្លះ​ចាត់ទុកជា​រឿង​ផ្ទៃក្នុង និង​បានប្រកាស​មិន​លូកដៃ​ដាច់ខាត​។ សមាគម​អាស៊ាន​ក៏​គោរព​តាម​រូបមន្ដ​ឯកភាព​ជា​ឯកច្ឆ័ន មានន័យថា​បើ​ចេញ​ចំណាត់ការ​ណាមួយ​លុះត្រាតែ​មាន​ការឯកភាព​ពី​រដ្ឋ​ជា​សមាជិក​ទាំងអស់​។ ដូច្នេះហើយ​ទើប​ករណី​មី​យ៉ាន់​ម៉ា​ហាក់​ពិបាក​សម្រាប់​អាស៊ាន​លូកដៃ ដែល​សម្អាង​លើ​ហេតុផល​ថា​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​រដ្ឋ​ជា​សមាជិក​មិនទាន់​ឯកភាពគ្នា ដោយ​សមាជិក​ខ្លះ​ចាត់ជា​រឿង​ផ្ទៃក្នុង និង​ខ្លះ​ទៀតថា​គួរតែ​ត្រូវ​ឈឺឆ្អាល​។​

​បើតាម​អ្នកជំនាញ​មួយចំនួន​ធ្លាប់បាន​និយាយថា រឿង​គោលការណ៍​អាស៊ាន​គឺជា​រឿង​មួយ ប៉ុន្ដែ​អាស៊ាន​ក៏​មិនត្រូវ​បើកភ្នែក​ឈរ​មើល​អំពើ​រំលោភ​សិទ្ធិមនុស្ស រំលោភ​ប្រជាធិបតេយ្យ អំពើហិង្សា​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ជា​បន្ដបន្ទាប់​នោះដែ​រ​។ សូម្បី​រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​លោក​Teodoro Locsin បញ្ជាក់​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​របស់លោក​ថា អាស៊ាន​នឹងត្រូវ​រឹងមាំ​ជាមួយ​មី​យ៉ាន់​ម៉ា ហើយ​គោលនយោបាយ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ជា​សមាជិក ក៏​មិន​ដល់​ថ្នាក់​មិន​ធ្វើ​អ្វី​សោះ​អនុញ្ញាតឲ្យ​មាន​ការប្រ​ព្រឹត្ដ​ទង្វើ​ខុសឆ្គង​ក្នុងប្រទេស​ជា​សមាជិក​នោះដែរ​។​

​ដូច្នេះ​ជារួម បើ​និយាយ​ដល់​ដំណោះស្រាយ​វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា មាន​ការយល់ឃើញ​ដូចៗ​គ្នា​ពី​សំណាក់​អ្នកតាមដាន​ស្ថានការណ៍ គឺ​ចាំបាច់​ត្រូវតែ​ចរចា​ដោះស្រាយ​ដោយ​សន្ដិវិធី​។ មិនត្រូវ​យក​កំហឹង​ទល់នឹង​កំហល់​នោះទេ ទោះបី​ពីមុន​យោធា​មី​យ៉ាន់​ម៉ា​ធ្លាប់ប្រើ​យុទ្ធសាស្ដ្រ​បង្ក្រាប​ក្រុមបាតុករ​ដោយ​ជោគជ័យ តែ​បច្ចុប្បន្ន​អាច​ប្រែ​ខុសពី​មុន​ក៏​ថា​បាន​។ ផលចំណេញ​ពិតជា​មិនអាច​កើតឡើង​បានទេ​សម្រាប់​មី​យ៉ាន់​ម៉ា បើ​ចង់​បញ្ចប់​បញ្ហា​ទាំង​កំរោល​បែបនេះ​។ អាស៊ាន​ក៏​អាច​នឹង​ចាត់វិធានការ​ជា​បន្ដបន្ទាប់​ទៀត ក្នុង​លក្ខខណ្ឌ​ដែល​ហិង្សា​កើតចេញពី​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា ធ្វើឲ្យប៉ះពាល់​កាន់តែខ្លាំ​ងដល់​មុខមាត់​អាស៊ាន​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត