អ៊ីរ៉ង់​នៅតែ​ទារ​ឲ្យ​អាមេរិកដក​ទណ្ឌកម្ម មុន​ពិភាក្សា​ស្តា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​

01-03-2021 3:59 pm 220

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក​Saeed Khatibzadeh​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ប្រសិនបើ​ចង់​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់ អំពី ការស្តា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​ឲ្យ​រស់​រវើក​ឡើងវិញ​នោះ ដំបូង​រដ្ឋបាល​អាមេរិក​របស់​លោកចូ បាយ​ដិន គួរតែ​ផ្លាស់ប្តូរ​គោលនយោបាយ​ដាក់​សម្ពាធ​ជា​អតិបរិមា តាមរយៈ​ការដាក់ទណ្ឌកម្ម​លើ​ទី​ក្រុងតេអេ​រ៉ង់ ដែល​បន្សល់ទុក​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​។ 

​យ៉ាងណាក៏ដោយ កន្លងមក​លោកចូ បាយដិន​ធ្លាប់​លើកឡើងថា​នឹង​មិនទាន់​ទម្លាក់​សម្ពាធ​ទណ្ឌកម្ម​ចេញពី​អ៊ីរ៉ង់​ទេ បើ​មិនទាន់​មើលឃើញ​ជាក់ស្តែង​ថា អ៊ីរ៉ង់​គោរព​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ដោយ​ភាពស្មោះត្រង់​។ តែ​សម្រាប់​រដ្ឋបាល​លោកចូ បាយ​ដិនបាន​អះអាង​នឹងនាំ​អាមេរិក​ត្រឡប់​ទៅរ​កកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​លោក​ត្រាំ​បាន​បោះបង់ចោល ហើយនឹង​គៀង​អ៊ីរ៉ង់​ឲ្យ​ដើ​រតាម​គន្លង​នៃ​កិច្ចព្រមព្រៀង​នេះ​ឲ្យបាន​ត្រឹមត្រូវ​។​

​គួរ​ជម្រាបជូន​ថា ក្រោយ​សង្ស័យថា​អ៊ីរ៉ង់​សំងំ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​និង​អង្គការសហប្រជាជាតិ បាន​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១០​។ បន្ទាប់មក​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ត្រូវបាន​រៀបចំឡើង ដើម្បី​គៀង​អ៊ីរ៉ង់​ឲ្យ​ដើ​រចូលក្នុង​គន្លង​ដ៏​ត្រឹមត្រូវ ចៀសវាង​ការងា​ក​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។ កិច្ចព្រមព្រៀង​នេះ​ការពារ ធ្វើយ៉ាងណា​កុំឲ្យ​អ៊ីរ៉ង់​បង្កើន​សារធាតុ​អ៊ុយរ៉ា​ញ៉ូម​លើស​កម្រិត​រហូតដល់​៩០​ភាគរយ​នោះ គឺអាច​យកទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ហើយ​។ 

​តែ​ដំណើការ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​មិន​ប្រព្រឹត្តទៅ​ដោយ​រលូន​ទេ ដោយ​អ៊ីរ៉ង់​តែងតែ​រង​នូវ​ការស្តីបន្ទោស​ថា មិនបាន​អនុវត្តឲ្យ​ខ្ជាប់ខ្ជួន​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង បើទោះបីជា​អ៊ីរ៉ង់​បាន​បដិសេធ​ក៏ដោយ​។ រហូត​ឆ្នាំ​២០១៨​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ ដោយ​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង និង​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​យ៉ាង​ពេញទំហឹង ហើយ​ទណ្ឌកម្ម​នៅតែមាន​សុពលភាព​មកទល់​បច្ចុប្បន្ន​។ ចាប់តាំងពី​ពេល​នោះមក អ៊ីរ៉ង់​បាន​គំរាម​បង្កើន​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម ប្រសិនបើ​ប្រទេស​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ រួមមាន​អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន​និង​រុស្ស៊ី មិន​ធ្វើ​អន្តរាគមន៍​បន្ធូរបន្ថយ​ទណ្ឌកម្ម លើ​វិស័យ​ប្រេង​និង​ហិរញ្ញវត្ថុ ដែល​បានដាក់​នៅពេល​លោក​ដូណាល់ ត្រាំ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​។ តែ​ការទាមទារ​របស់​អ៊ីរ៉ង់​មិនដែល​ទទួលបាន​ជោគជ័យ​ទេ​មកទល់​បច្ចុប្បន្ន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត