តារាភាពយន្ដ​ជើងចាស់​​បែប​កំប្លែង​​ដៃគូ​ទិ​ន​ហ្វី​​ទទួលមរណភាព​​ក្នុងវ័យ៧០ឆ្នាំ

27-02-2021 8:54 pm 431
រូបភាពលោក​​​​Ng Man-tat

តារា​សម្ដែង​ជើងចាស់​ហុងកុង​លោក​Wu Mengda បាន​ទទួល​មរណភាព​ហើយ​នៅថ្ងៃទី២៧កុម្ភៈនេះ ក្នុង​វ័យ​៧០​ឆ្នាំ​។ លោក Wu​ត្រូវបាន​គេ​ស្គាល់​ផង​ដែរ​ថា​ឈ្មោះ​​Ng Man-tat បាន​ទទួលមរណភាព​នៅក្នុង​មន្ទីរពេទ្យ ហើយ​បើ​តាម​ការបញ្ជាក់​ពី​មិត្ដ​របស់​លោក​ម្នាក់​ឲ្យដឹងថា លោក​បាន​ពិនិត្យ​រកឃើញថា​មាន​ជំងឺ​មហារីក​កាលពី​ឆ្នាំមុន ហើយក៏​បាន​ទទួល​ការព្យាបាល​នៅ​ទីក្រុង​ម៉ា​កាវ​ផងដែរ​។ លោក​ទើប​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ហុងកុង ជា​កន្លែង​ដែល​លោក​ទទួល​ការវះកាត់ និង​កំពុង​ទទួល​ការព្យាបាល​ជំងឺ​មហារីក​ថ្លើម​ដោយ​ប្រើ​សារធាតុ​គីមី​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ 8 Days report​។ លោក​ក៏​ប្រឈម​នឹង​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០១៤ ហើយ​សុខភាព​របស់​លោក​ចុះខ្សោយ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ 

​សូម​ជម្រាប​ជូន​ថា លោក​Wu​កើត​នៅ​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​១៩៥១ នៅក្នុង​ទីក្រុង Xiamen  ខេត្ដ​Fujian​ប្រទេស​ចិន​។ លោក​បាន​ផ្លាស់​ទៅ​ទីក្រុង​ហុងកុង​នៅពេល​លោក​មាន​អាយុ​៧​ឆ្នាំ ហើយ​ចាប់ផ្ដើម​អាជីព​ជា​តារា​សម្ដែង​ក្នុង​ឆ្នាំ​១៩៧៣ នៅ​អាយុ​២២​ឆ្នាំ​។ លោក​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​បែប​កំប្លែង ជាមួយ​ដៃគូ​នឹង​ជា​តារា​សម្ដែង​បែប​កំប្លែង​យ៉ាង​ប៉ិនប្រសព្វ​ម្នាក់​ទៀត​លោក​Stephen Chow(​ទិន​ហ្វី​)​។ លោក​ធ្លាប់​បាន​សម្ដែង​ក្នុង​ខ្សែភាពយន្ដ​ប្រមាណ​ជាង​១០០​មាន​ទាំង​ភាពយន្ដ​សម្រាប់​ចាក់ផ្សាយ​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ផងដែរ​។ នៅពេល​ដែល​ទស្សនិកជន​នឹក​ដល់​ឈ្មោះ​លោក​ភ្លាម នោះ​គឺ​គេ​ចាប់ផ្ដើម​ផ្ទុះសំណើច​ភ្លាម​ទាំង​មិន​ទាន់​បាន​មើល​រឿង​របស់​លោក​។ លោក​បាន​លាចាក​ទៅ​ក៏​ពិតមែន ប៉ុន្ដែ​សំណើច​និង​ស្នាមញញ្ញឹម​របស់​លោក បាន​ដក់​ជាប់​ក្នុង​បេះដូង​អ្នកគាំទ្រ​រាប់លាន​នាក់​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត