លោក​បាយដិន​បញ្ជា​ឲ្យ​វាយប្រហារ​សងសឹក​ក្រុម​កងជីវពល​គាំទ្រ​អ៊ីរ៉ង់​នៅ​ស៊ី​រី​

26-02-2021 3:41 pm 872

ប្រធានាធិបតី​អាមេរិក​លោកចូ បាយដិន​បានអនុម័ត​ឲ្យធ្វើ​សកម្មភាព​វាយប្រហារ លើ​គោលដៅ​របស់​ក្រុម​កងជីវពល​គាំទ្រ​អ៊ីរ៉ង់ នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ដើម្បី​សងសឹក​ចំពោះ​ក្រុម​នេះ ដែល​ហ៊ាន​បំពាន​លើ​អាមេរិក​។ យោធា​អាមេរិក បាន​បើក​ការវាយប្រហារ ដោយបាន​បំផ្លាញ​កន្លែង​ជាច្រើន នៅ​ចំណុច​ត្រួតពិនិត្យ​ព្រំដែន ដែល​ត្រូវបាន​ប្រើ​ដោយ​ក្រុម​យុទ្ធជន​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​និយាយថា ការវាយប្រហារ​បានសម្លាប់​យុទ្ធជន​គាំទ្រ​អ៊ីរ៉ង់​យ៉ាងហោចណាស់​១៧​នាក់​។ អ្នកសង្កេតការណ៍​លោក​Rami Abdul Rahman​បាន​ប្រាប់​សារព័ត៌មាន​AFP​ថា ការវាយប្រហារ​តាម​អាកាស​នោះ ក៏បាន​បំផ្លាញ​រថយន្ត​ដឹក​គ្រឿងផ្ទុះ​ចំនួន​៣​គ្រឿង ហើយ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​។​

​លោកចូ បាយដិន​បានអនុម័ត​ឲ្យធ្វើ​សកម្មភាព​វាយប្រហារ​នេះ ដើម្បី​ឆ្លើយតប​នឹង​ក្រុម​កងជីវពល ដែល បាន​វាយប្រហារ​ដោយ​រ៉ុក្កែត​ប្រឆាំងនឹង​អាមេរិក​និង​សមាជិក​ក្រុមចម្រុះ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ីរ៉ាក់ កាលពីពេល​ថ្មីៗ​នេះ​។ ទីតាំង​នានា​នៅ​ក្រុង​Irbil រួមទាំង​មូលដ្ឋាន​ដែល​ត្រូវបាន​ប្រើ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក បាន​រង​នូវ​ការវាយប្រហារ​ដោយ​រ៉ុក្កែត​។ រ៉ុក្កែត​ក៏បាន​វាយប្រហារ​លើ​មូលដ្ឋាន​អាមេរិក​នៅ​ក្រុង​បា​កដាដ រួមទាំង​តំបន់​បៃតង​ដែលមាន​ស្ថានទូត​អាមេរិក​និង​បេសកកម្ម​ការទូត​ផ្សេងទៀត​។ ការវាយប្រហារ​ដោយ​រ៉ុក្កែត​ទាំងនេះ បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​មួយចំនួនទៀត​រងរបួស នៅក្នុង​នោះ​មាន​សមាជិក​សេវាកម្ម​អាមេរិក​ម្នាក់​ផងដែរ​។ 

​នេះ​ជា​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើកដំបូង ដោយ​ផ្តោត​គោលដៅ​លើ​ពួក​លោកខាងលិច ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ចាប់តាំងពី​លោកចូ បាយ​ដិនបាន​ចូល​កាន់តំណែ​ង​ប្រធានាធិបតី​អាមេរិក​ជា​ផ្លូវការ​នៅ​ខែមករា​ឆ្នាំ​២០២១​។ មន្ទី​រប​ច្ចុកោណ​នៅក្នុង​សេចក្តីថ្លែងការ​ណ៍​មួយ​លើកឡើងថា លោក​ប្រធានាធិបតី​បាយដិន​នឹងធ្វើ​សកម្មភាព ដើម្បី​ការពារ​ជនជាតិ​អាមេរិក​និង​កងទ័ព​ស្ថិតក្នុង​ក្រុមចម្រុះ​។ ក្នុងពេល​ដំណាលគ្នា​នោះ អាមេរិក​នឹងធ្វើ​សកម្មភាព​ដោយ​ចេតនា​ក្នុង​គោលបំណង ដើម្បី​ធ្វើឲ្យ​ស្ថានការណ៍​វឹកវរ​ទូទៅ​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ វិល​មករក​ភាព​ធូរស្រាល​វិញ​ផងដែរ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត