ភាពជោគជ័យ កើតចេញពីការអនុវត្តកម្មវិធី«ពេលព្រឹកដ៏អស្ចារ្យ»

25-02-2021 1:25 pm 322

 សៀវភៅ«ពេលព្រឹកដ៏អសា្ចរ្យ» និពន្ធដោយលោក HAL ELROD មាន២៩៩ទំព័រ និង១០មេរៀនធំៗ។សៀវភៅនេះគឺជាសៀវភៅសម្រាប់អនុវត្ត និងផ្លាស់ប្តូរជីវិតរបស់អ្នក ព្រោះវាមានរូបមន្តច្បាស់លាស់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ។ វាមិនមែនជាសៀវភៅបែបទ្រឹស្តីនោះទេ។ អ្នកនិពន្ធបានអនុវត្តវា ហើយបានទទួលផលជាក់ស្តែងទើបរៀបរៀងចេញជាសៀវភៅចែករំលែកដើម្បីឱ្យការភ្ញាក់ពីគេនៅពេលព្រឹកព្រលឹម លែងជាឧបសគ្គសម្រាប់ការចាប់ផ្តើមថ្ងៃថ្មីតទៅទៀត។ លោក HAL ELROD អ្នកនិពន្ធសៀវភៅនេះ គឺជាពាណិជ្ជករដ៏មានកេរ្តី៍ឈ្មោះនិងជាកីឡាកររត់ម៉ារ៉ាតុងកម្រិតខ្ពស់ម្នាក់ព្រមទាំងជាអ្នកនិពន្ធសៀវភៅលក់ដាច់ជាងគេបំផុត។ គាត់ក៏ជាវាគ្មិនលំដាប់អន្តរជាតិផ្នែកលើកទឹកចិត្ត ដោយគាត់បានបង្ហាញខ្លួននៅកម្មវិធីទូរទស្សន៍ និងវិទ្យុរាប់សិបកន្លែងនៅក្នុងប្រទេសហើយឈ្មោះរបស់គាត់ត្រូវបានយកទៅដាក់ក្នុងសៀវភៅល្បីៗជាច្រើន។

លោកHal Elrodបានឱ្យដឹងថាសៀវភៅ«ពេលព្រឹកដ៏អស្ចារ្យ»មិនត្រឹមតែជាសៀវភៅដែលបង្ហាញពីកម្មវិធីប្រកបដោយអំណាចផ្លាស់ប្តូរតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានវិធីសាស្ត្របែបសាមញ្ញ ងាយស្រួលជាច្រើនក្នុងការអនុវត្តថែមទៀតផង។ វាជាវិធីម្យ៉ាងដែលអ្នកអាចធ្វើបានដោយគ្មានការប្រឹងប្រែងអ្វីខ្លាំងក្លានោះឡើយ ហើយក្នុងពេលដែលអ្នកកំពុងអនុវត្តវាទៀតសោត អ្នកនៅតែអាចគេងបានគ្រប់ពេលដែលអ្នកចង់គេង ប៉ុន្តែជាក់ស្តែងនៅពេលអ្នកអនុវត្តវា អ្នកប្រហែលជាមានការភ្ញាក់ផ្អើលនិងខ្លួនឯងមិនខាន ដោយអ្នកលែងចង់គេងទ្រមក់ទៅវិញទេ ព្រោះតែវាបានធ្វើឱ្យមានអារម្មណ៍ល្អ និងធូរស្រាលចិត្ត ហើយវាជួយអោយអ្នកមានសមត្ថភាពសម្រេចការងារបានច្រើនថែមទៀតផង ។ នៅក្នុងទំព័រទី៣៤ អ្នកនិពន្ធបានលើកយកនូវអត្ថប្រយោជន៍មួយចំនួនដែលសាមញ្ញបំផុត ប៉ុន្តែមានឥទ្ធិពលពីកម្មវិធីពេលព្រឹកដ៏អស្ចារ្យ។ រាល់ព្រឹកអ្នកនឹងពោរពេញដោយកម្លាំងខ្លាំងក្លា ស្រស់ថ្លា កម្លាំចិត្តដើម្បីប្រើជីវិតអស់ពីសក្តានុពលដូចដែលធម្មជាតិបានផ្តល់ឱ្យអ្នក។

ជាមួយគ្នានេះការភ្ញាក់ពេលព្រឹកនឹងជួយកាត់បន្ថយកម្រិតនៃការស្មុគស្មាញរបស់អ្នកបានភ្លាមៗ ធ្វើឱ្យសុខភាពគ្រប់ផ្នែកទាំងអស់មានភាពប្រសើរឡើង ជួយសម្រកទម្ងន់ និងធ្វើឱ្យខ្លួនប្រមាណរបស់អ្នកមានលក្ខណៈល្អសមសួនបានពេញមួយជីវិត។ ក្នុងនោះកម្មវិធីភ្ញាក់ពេលព្រឹកក៏នឹងអាចជួយបង្កើនផលិតភាពការងារ ហើយបង្កើនសមត្ថភាពក្នុងការរក្សាការផ្តោតអារម្មណ៍បានមុតមាំលើកិច្ចការដែលជាអទិភាពកំពូលរបស់អ្នក។ បង្កើនសមត្ថភាពរកប្រាក់ចំណូល និងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានលក្ខណៈទាក់ទាញលុយ និងទ្រព្យសម្បត្តិបានកាន់តែច្រើន។

ក្នុងទំព័រទី១១៣អ្នកនិពន្ធបានលើកឡើងថា ប្រសិនបើអ្នកភ្ញាក់ពីគេងរាល់ថ្ងៃប្រកបដោយភាពស្វាហាប់និងមានគោលបំណងច្បាស់លាស់ក្នុងចិត្ត ការនេះវាមានន័យថាអ្នកកំពុងចូលរួមជាមួយមនុស្សមួយភាគតូច ដែលសុទ្ធតែជាបុគ្គលសម្រេចកិច្ចការធំ និងជាបុគ្គលដែលកំពុងរស់នៅក្នុងជីវិតជាក្តីសុបិនរបស់ខ្លួនហើយសំខាន់បំផុតនោះ អ្នកនឹងសប្បាយរីករាយនៅក្នុងជីវិតមិនខាន។សាមញ្ញៗដោយគ្រាន់តែផ្លាស់ប្តូររបៀបដែលអ្នកភ្ញាក់នៅពេលព្រឹក អ្នកនឹងផ្លាស់ប្តូរអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នក។ ការក្រោកពីគេងនាពេលព្រលឹមជាកាលំបាក ដូច្នេះអ្នកនិពន្ធបានប្រាប់៥ជំហានងាយៗក្នុងការអនុវត្ត ជំហានដំបូង។ គន្លឹះសំខាន់ដើម្បីដោះស្រាយបញ្ហាខាងលើគឺនៅរៀងរាល់យប់មុនចូលគេង អ្នកត្រូវសម្រេចចិត្តបង្កើតបំណងមួយសម្រាប់ថ្ងៃស្អែក។ បន្ទាប់មកអ្នកត្រូវដាក់នាឡិការរបស់អ្នកនៅគៀនជញ្ជាំងឱ្យឆ្ងាយពីដៃ ការដែលដាក់នាឡិការឱ្យឆ្ងាយពីដៃវាអាចបង្ខំឱ្យអ្នកក្រោកចេញពីគ្រែ ហើយធ្វើឱ្យខ្លួនអ្នកចាប់ផ្តើមចលនា ។

អ្វីដែលអ្នកគួរបន្តនោះ គឺត្រូវទៅលុបមុខឬ ដុសធ្មេញ សកម្មភាពសាមញ្ញានេះនឹងបង្កើនកម្រិតនៃកម្លាំងចិត្តចង់ក្រោកពីគេង និងស្រស់ស្រាយ រួចអ្នកគួរញាំទឹកមួយកែវពេញ ដើម្បីផ្តល់សំណើមដល់រាងកាយបន្ទាប់ពីរាងកាយរបស់អ្នកពុំទទួលបានសារធាតុទឹករយៈ៦ ទៅ៨ម៉ោង។ ជាធម្មជាតិខ្លួនប្រានរបស់អ្នកនឹងខ្វះជាតិទឹកហើយការខ្វះជាតិទឹកនឹងបណ្តោយឱ្យអ្នកអស់កម្លាំង ជារឿយៗនៅពេលដែលអ្នកភ្ជាក់ពីគេងអ្នកតែមានអារម្មណ៍អស់កម្លាំង។ ចំណុចចុងក្រោយនោះអ្នកត្រូវប្តូរសម្លៀកបំពាក់គេង ឬចូលងួតទឹកតែម្តងក៏បាន ការអនុវត្តបែបនេះនឹងធ្វើឱ្យអ្នកលែងមានអារម្មណ៍ចង់គេងទៅវិញ។

នៅក្នុងសៀវភៅមួយក្បាលនេះ មានចំណុចគន្លឹះល្អជាច្រើនដែលបង្កើនឱ្យការភ្ញាក់ពីគេងនៅពេលព្រឹករបស់អ្នកអាចទទួលបានជោគជ័យ។ សៀវភៅមួយក្បាលនេះ នឹងជួយបន្ថែមគុណតម្លៃដល់ជីវិតដល់អ្នកនៅពេលអ្នកអាន ព្រមទាំងយកនូវវិធីសាស្ត្រទាំងអស់នេះយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ គ្រប់មេរៀនគ្រប់ចំណុចនៅក្នុងសៀវភៅមួយក្បាលនេះសុទ្ធសឹងតែអាចជួយផ្លាស់ប្តូរជីវិតអ្នកឱ្យកាន់តែល្អប្រសើរទាំងផ្នែកសុខភាព សុភមង្គល ទំនាក់ទំនង ហរិញ្ញវត្ថុ ផ្លូវចិត្ត និងផ្នែកផ្សេងៗទៀតជាច្រើន៕ 

ព័ត៌មានផ្សេងទៀត