មូលហេតុបង្កឲ្យរមួលក្រពើនិងវិធីបង្ការ

24-02-2021 4:15 pm 718

ការរមួលក្រពើគឺជាការកន្ត្រាក់ជាប់តឹងណែននៃសាច់ដុំជាពិសេសនៅកំភួនជើង ឬប្រអប់ជើងដែលអាចបាត់ទៅវិញនៅ២ទៅ៣នាទីក្រោយ។ ការកន្ត្រាក់ទាំងនេះច្រើនតែឈឺកន្ត្រាក់ខ្លាំង ហើយអាចប៉ះពាល់ដល់ក្រុមសាច់ដុំផ្សេងៗគ្នាផងដែរ។ សាច់ដុំដែលទទួលរងផលប៉ះពាល់ ជាទូទៅក្រៅពីកំភួនជើង ឬប្រអប់ជើង ក៏នៅមានផ្នែកខាងក្រោមខ្នងភ្លៅ និងផ្នែកខាងមុខនៃភ្លៅ។ ការឈឺចាប់ខ្លាំងនៃការរមួលក្រពើ អាចធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់ ឬធ្វើឱ្យពិបាកដើរ។

រមួលក្រពើអាចកើតលើមនុស្សគ្រប់វ័យ និងមិនរើសក្រុមមនុស្សណាមួយឡើយ។ រមួលក្រពើ ភាគច្រើនកើតលើអ្នកប្រើពលកម្មច្រើន ដូចជាអ្នកកាយវប្បកម្ម មនុស្សចាស់ និងស្រីមានផ្ទៃពោះ។ ស្រ្ដីមានផ្ទៃពោះស្ទើរតែ៥០ភាគរយឧស្សាហ៍មានបញ្ហារមួលក្រពើរ ហើយមូលហេតុគេនៅមិនទាន់អាចកំណត់បានច្បាស់លាស់នៅឡើយ។ តែក្នុងនោះវាក៏អាចបណ្ដាលមកពីគភ៌ដែលកំពុងលូតលាស់ បានដាក់សម្ពាធលើសរសៃប្រសាទនិងសរសៃឈាមដែលចែកចាយចូលជើងរបស់ស្រ្តី។ អាការរមួលក្រពើអាចកើតឡើងបានគ្រប់ពេល។ វាអាចបង្កឲ្យមានការឈឺចាប់ខ្លាំង និងអាចកើតឡើងម្ដងហើយម្ដងទៀត ប្រសិនបើយើងមិនអាចរកវិធីដោះស្រាយបានទេនោះ។ 

មូលហេតុដែលបង្កឲ្យកើតមានអាការរមួលក្រពើគឺ អាចបណ្តាលមកពីកង្វះសារធាតុសូដ្យូម ប៉ូតាស្យូម ម៉ាញេស្យូម, ការអង្គុយរយៈពេលយូរ, ការឈរឬដើរច្រើន ,ពិសារទឹកមិនគ្រប់គ្រាន់, ការប្រើប្រាស់ថ្នាំច្រើនពេក, កើតឡើងលើស្រ្តីមានផ្ទៃពោះ, ការទទួលទានគ្រឿងស្រវឹងច្រើនលើសកំរិត, អ្នកមានជំងឺថ្លើម ,ជំងឺទឹកនោមផ្អែម, បញ្ហាកង្វះសារជាតិរ៉ែក្នុងរាងកាយ។ ជាមួយគ្នានេះដែរ ការលេងកីឡា ឬប្រើប្រាស់កម្លាំងយូរពេក ក៏អាចជាមូលហេតុធ្វើឱ្យរមួលក្រពើបានដែរ។

ដូច្នេះដើម្បីការពារខ្លួនអ្នកមិនឲ្យកើតមានអាការៈរមួលក្រពើ អ្នកគួរអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធីងាយៗមួយចំនួនដូចជា៖

- ត្រូវតាមដានពិនិត្យសុខភាពឲ្យបានទៀតទាត់ ពិសេសពេលមានបញ្ហាមិនស្រួលចំពោះសុខភាពណាមួយកើតឡើង

- ធ្វើលំហាត់ប្រាណជាប្រចាំ តែមិនត្រូវ ខ្លាំងជ្រុលហួសហេតុពេក

- ត្រូវពិសារទឹកឲ្យបានច្រើនគ្រប់គ្រាន់២លីត្រក្នុងមួយថ្ងៃ

- កាត់បន្ថយការទទួលទានស្រា

- ជ្រើសរើសពាក់ស្បែកជើងណាដែលមានភាពងាយស្រួលដល់ជើង និងធ្វើឱ្យជើងមានផាសុខភាព ដូចជាស្បែកជើងណាដែលទន់ សមស្របនឹងប្រអប់ជើង មិនប៉ះពាល់ដល់ឆ្អឹង មិនរឹបតឹងពេក ។

យោងតាមគេហទំព័របរទេសជាច្រើនក៏បានបង្ហាញពីវិធីសាស្រ្តសាមញ្ញៗមួយចំនួន ដែលអាចអាចដោះស្រាយបញ្ហារមួលក្រពើ ដោយការច្របាច់ឬម៉ាស្សាកំភួនជើងថ្នមៗ ដើម្បីឲ្យចលនាឈាមហូរទៅចាក់បំពេញកន្លែងដែលខ្វះខាត។ លើសពីនេះ អ្នកអាចប្រើប្រាស់ក្រណាត់ជ្រលក់ទឹកក្តៅ យកមកស្អំបរិវេណសាច់ដុំដែលរមួល ដើម្បីជួយសម្រួលដល់លំហូរឈាមរត់ និងអាចប្រើដុំទឹកកកស្អំដើម្បីបន្ថយការហើម។ បន្ថែមលើនេះ ការទទួលទានអាហារ បន្លែនិងផ្លែឈើដែលមានផ្ទុកកាល់ស្យូម ប៉ូតាស្យូមខ្ពស់ និងជាតិម៉ាញ៉េស្យូម ដូចជាបន្លែស្លឹកពណ៌បៃតង ពណ៌លឿង ឬក្រហម គ្រាប់ធញ្ញជាតិ ចេក និងផ្លែឈើមួយចំនួនទៀតដែលមានផ្ទុកវីតាមីនស៊ី (Vitamin C) ក៏អាចជួយកាត់បន្ថយ និងបង្ការបញ្ហារមួលក្រពើនេះបានផងដែរដែរ។

ជាទូទៅ អាការរមួលក្រពើ មិនបានបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ហើយគេអាចព្យាបាលអាការនេះបានដោយខ្លួនឯង។ ប៉ុន្តែយ៉ាងណា ក្នុងករណីកើតឡើងញឹកញាប់ ឬនៅសុខៗក៏រមួលក្រពើ ហើយបណ្ដាលឱ្យមានការឈឺចាប់ខ្លាំង លោកអ្នកគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីបានការពិភាក្សានិងការព្យាបាលជាបន្ទាន់៕ 

ព័ត៌មានផ្សេងទៀត