ម៉ា​ទីន លូ​ស័រ​ឃី​ង មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​ស្វែងរក​សិទ្ធិសេរីភាព​ឲ្យ​ជន​ស្បែក​ខ្មៅ

21-02-2021 10:19 am 2321

​លោក​ម៉ា​ទីន លូ​ស័រ​ឃី​ង​(Martin Luther King) គឺជា​មេដឹកនាំ​ទាមទា​រក​សិទ្ធិសេរីភាព​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​ក្នុងសង្គម​អាមេរិក​។ ជា​ការកត់សម្គាល់​នោះ ការដឹកនាំ​ក្រុមបាតុករ​ដែលជា​ជនជាតិ​ស្បែក​ខ្មៅ​រាប់ពាន់នាក់​របស់លោក គឺធ្វើឡើង​ដោយ​ប្រកាន់យក​នូវ​គោលការណ៍​អហិង្សា​ប្រកបដោយ​សន្តិភាព​។  លោក​គឺជា​អ្នក​បំផុសទឹកចិត្ត​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​ហ៊ាន​ងើប​តស៊ូ ដើម្បី​សិទ្ធិសេរីភាព​ក្នុងសង្គម​អាមេរិក​។ 

​លោក​ម៉ា​ទីន លូ​ស័រ​ឃី​ង​(Martin Luther King) មាន​ដើមកំណើត​នៅក្នុង​គ្រួសា​ជនជាតិ​ស្បែក​ខ្មៅ​ដែល​គោរព​ប្រត្តិបត្តិសាស​នា​យ៉ាងតឹ​ង​តែង​។ លោក​កើត​នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​១៩២៩ ក្នុង​ទីក្រុង Atlanta នៃ​រដ្ឋ Georgia សហរដ្ឋអាមេរិក​។ ឈ្មោះ​ដើម​របស់លោក​គឺ​Michael King តែ​ក្រោយមក​ឪពុកម្តាយ​ក៏​ប្តូរ​ឈ្មោះ​កំណើត​នេះ ទៅជា​ឈ្មោះ​Martin Luther King​វិញ ព្រោះ​Martin Luther​គឺជា​ឈ្មោះ​មេដឹកនាំ​ដ៏​ល្បី​ម្នាក់​របស់​អាឡឺម៉ង់​ដែល​គ្រួសា​របស់លោក​បាន​គោរព​យ៉ាងខ្លាំង​។ ក្នុង​វ័យ​ជា​កុមារភាព​King​តែងតែ​លេង​ជាមួយ​មិត្ដភក្ដិ​នៅក្បែ​រផ្ទះ ប៉ុន្ដែ​ថ្ងៃមួយ​ម្ដាយ​មិត្ដភក្ដិ​King​បាន​ហាម​កូន​លែងឲ្យ​លេង​ជាមួយ​King នោះ​គឺ​ដោយសារតែ​King​ជា​ជនជាតិ​ស្បែក​ខ្មៅ​ហើយ​មិត្ដភក្ដិ​របស់គេ​ជា​ជនជាតិ​ស្បែកស​។ គ្រានោះ​មាន​ការប្រកាន់​ខ្លាំងណាស់​រវាង​ក្រុម​ជនជាតិ​ស្បែក​ស​និង​ស្បែក​ខ្មៅ ដោយ​ធ្លាប់មាន​ប្រវត្ដិសាស្ដ្រ​ជនជាតិ​ស្បែក​ខ្មៅ​ជា​ទាសក​រជនជាតិ​ស្បែក​ស និង​ថែមទាំង​មានច្បាប់​សម្រាប់​អនុវត្ដ​រវាង​អ្នក​ស្បែក​ស​និង​ស្បែក​ខ្មៅ​ផងដែរ​។​

​តាំងតែ​ពី​តូច​មក​លោក​បាន​ជ្រួតជ្រាប​ទៅដោយ​ទ្រឹស្តី​របស់​សាសនា​គ្រឹស្ត ហើយ​ប្រតិបត្តិ​យ៉ាង​ជាប់លាប់​។ Martin Luther King​បាន​ចូល​សិក្សា​នៅ​អាយុ​៥​ឆ្នាំ​។ ក្នុងពេល​សិក្សា​តាំងពី​វ័យក្មេង​មក គេ​កត់សម្គាល់​ឃើញថា​លោក​គឺមាន​ភាព​ឆ្លាត​វៃ​ក្នុង​ការសិក្សា​លើសពី​សិស្ស​ផ្សេងៗ​ទៀត​។ លុះដល់​អាយុ​១៥​ឆ្នាំ លោក​ក៏​បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​។ ក្រោយមក​លោក​ក៏បាន​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​Morehouse ដោយ​សិក្សា​លើ​ផ្នែក​សង្គមវិទ្យា ហើយ​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​១៩៤៨​។ 

​សូមបញ្ជាក់ថា​សាលារៀន​ដែល​Martin Luther King​សិក្សា​នោះ គឺជា​សាលា​ដែល​បើក​សម្រាប់តែ​ជនជាតិ​ស្បែក​ខ្មៅ​សិក្សា​ប៉ុណ្ណោះ ព្រោះថា​ជំនាន់​នោះ​នៅ​អាមេរិក​បាន​តម្រូវឲ្យមាន​ការបែង​ចែក​នៅ​តំបន់​របស់​ជនជាតិ​ស្បែក​ខ្មៅ​និង​ជនជាតិ​ស្បែក​ស​។ ពោលគឺ​អ្វីៗ​មិនអាច​ប្រើប្រាស់​រួមគ្នា​បានឡើយ ដូចជា​នៅតាម​ភោជនីយដ្ឋាន​ឬ​នៅតាម​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ ត្រូវតែមាន​ការបែងចែក​រវាង​ក្រុម​ស្បែក​ខ្មៅ​និង​ស្បែក​ស​ដូច​បានបញ្ជាក់​ខាងដើម​។ ក្រោយមក​លោក​ក៏បាន​ចូល​សិក្សា​នៅ​សកល​វិទ្យាល័យ​Boston ដោយ​សិក្សា​លើ​ផ្នែក​ប្រព័ន្ធ​ច្បាប់​សាសនា ហើយ​បានទទួល​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​នៅ​ឆ្នាំ​១៩៥៥​។ ជា​ការកត់សម្គាល់​Martin Luther King មាន​ទេពកោសល្យ​យ៉ាងខ្លាំង​នៅក្នុង​ការប្រើប្រាស់​ពាក្យសម្ដី​ជជែក​ពិភាក្សាគ្នា ហើយ​លោក​តែងតែ​ទទួលបាន​ងារ​ជា​សិស្ស​ឆ្នើម​ជានិច្ច​។ ក្នុងពេលដែល​Martin Luther King​ចូល​សិក្សា​នៅ​សកល​វិទ្យាល័យ​Boston​នោះ លោក​ក៏មាន​ទំនាក់​ទំនាក់​ជាមួយនឹង​នារី​ម្នាក់​ឈ្មោះ​Coretta Scott ហើយ​បាន​រៀបការ​ជាមួយគ្នា​មានកូន​៤​នាក់ ស្រី​ពីរ​នាក់​ប្រុស​ពីរ​នាក់​។ នៅ​ឆ្នាំ​១៩៥៤ លោក​Martin Luther King ជា​អាចារ្យ​ក្នុង​ព្រះវិហា​មួយ​ក្នុង​រដ្ឋ​Alabama ហើយ​លោក​បាន​បញ្ចេញ​សកម្មភាព​ជាច្រើន​ដើម្បី​លើកកម្ពស់​សិទ្ធិ​របស់​ប្រជាជន​ជាពិសេស​ជនជាតិ​ស្បែក​ខ្មៅ​។​

​នៅ​ខែមីនា ឆ្នាំ​១៩៥៥ មាន​ករណី​មួយ​បាន​កើតឡើង ដោយសារតែ​ក្មេងស្រី​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​បាន​បដិសេធ​ក្នុង​ការផ្តល់​កៅអី​ឲ្យទៅ​ជនជាតិ​ស្បែកស​ខណៈពេល​កំពុង​ជិះ​រថយន្តក្រុង ដែល​នោះ​គឺជា​អំពើ​ខុស​ទៅនឹង​ច្បាប់​របស់​រដ្ឋ​។ ម្យ៉ាងវិញទៀត​នៅ​ខែធ្នូ​ឆ្នាំ​ដដែល ក៏មាន​ករណី​ស្រដៀង​គ្នា​កើតឡើង ពោលគឺ​មាន​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ត្រូវបាន​គេ​ចាប់ខ្លួន ក្រោយពេល​ដែល​ស្ត្រី​ស្បែក​ខ្មៅ​រូបនោះ​មិន​ព្រម​ប្រគល់​កៅអី​រថយន្តក្រុង​ឲ្យទៅ​ជនជាតិ​ស្បែកស​អង្គុយ​។ ក្រោយមក​បើទោះបីជា​សង្គម​អាមេរិក​បានផ្តល់​សិទ្ធិសេរីភាព​ដល់​គ្រប់​បុគ្គល​ទាំងអស់ក្តី ក៏ប៉ុន្តែ​វា​នៅ​ជា​រឿង​ដែល​មិន​ស្មើភាព​គ្នា​ដដែល ព្រោះ​ទោះជា​ច្បាប់​ចែងថា​មាន​សិទ្ធិ​ស្មើគ្នា តែ​គ្រប់​ជនជាតិ​ស្បែក​ស​និង​ស្បែក​ខ្មៅ​មិនអាច​ធ្វើដំណើរ​រួមគ្នា ទៅ​បរិភោគ​អាហារ​រួមគ្នា ទៅ​សិក្សា​នៅ​សាលា​រួមគ្នា​បានឡើយ ពោលគឺ​អ្វីៗ​សុទ្ធតែ​ត្រូវ​បែងចែក​ទាំងអស់​រវាង​ក្រុម​ស្បែក​ស​និង​ស្បែក​ខ្មៅ​។  ព្រឹត្តិការណ៍​ដែល​កើតឡើង​ខាងលើនេះ បានធ្វើឲ្យ​Martin Luther King ក៏ដូចជា​ជនជាតិ​ស្បែក​ខ្មៅ​ដទៃទៀត​ប្រតិកម្ម​យ៉ាងខ្លាំង ហើយក៏​មិនអាច​ស៊ូទ្រាំ​នូវ​ច្បាប់​នោះបានទេ​។ ប៉ុន្ដែ​លោក​គ្រាន់​ជា​មនុស្ស​សាមញ្ញ​ម្នាក់ តើ​លោក​អាច​ធ្វើយ៉ាងណា​ដើម្បី​ផ្លាស់ប្ដូរ​បាន​?

​ជា​ការពិត អ្វីដែល​លោក​ធ្វើ​គឺ​បាន​ងើបឡើង​ប្រឆាំង​ទៅនឹង​អំពើ​ជិះជាន់​មកលើ​ជនជាតិ​ស្បែក​ខ្មៅ​។ Martin Luther King បាន​ដឹកនាំ​ប្រជាជន​អាមេរិក​ស្បែក​ខ្មៅ​ជាច្រើន​ពាន់​នាក់​តវ៉ា​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល ដើម្បី​លុបបំបាត់​ច្បាប់​ជិះជាន់​លើ​ពួកគេ​ជាច្រើន​ឆ្នាំ​មកនេះ​។ បើទោះបីជា​មាន​ការតវ៉ា​ក្តី​Martin Luther King តែងតែ​ប្រកាន់​នូវ​គោលការណ៍​អហិង្សា​ជានិច្ច ពោលគឺ​ការតវ៉ា​ទាំងនោះ លោក​មិនដែល​ញុះញង់ ឬ​ដឹកនាំ​ឲ្យមាន​ការបង្កើ​ត​ជា​ជម្លោះ​ដោយ​ផ្ទុះ​នូវ​ហិង្សា​នោះទេ ព្រោះថា​លោក​បាន​ប្រកាន់​យ៉ាង​ជាប់លាប់​នូវ​ទ្រឹស្តី​អហិង្សា​របស់​សាសនា​តាំងពីក្មេង​។ ម្យ៉ាងវិញទៀត​លោក​ក៏​ពេញចិត្ត​និង​យក​គំរូ​តាម​គោលការណ៍​អហិង្សា​របស់​មហាត្មៈ​គន្ធី​ផងដែរ​។ បន្តិច​ម្តងៗ ចលនា​តវ៉ា​បាន​ងើបឡើង​យ៉ាងសកម្ម​ប្រឆាំង​ទៅនឹង​ការជិះជាន់​លើ​សិទ្ធិសេរីភាព​ជន​ស្បែក​ខ្មៅ​។ Martin Luther King​បាន​ធ្វើដំណើរ​ទៅ​ជាច្រើន​កន្លែង​ក្នុង​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​សុន្ទរកថា​បំផុសទឹកចិត្ត​ជនជាតិ​ស្បែក​ខ្មៅ ឲ្យ​ប្រឹងប្រែង​តស៊ូ​ដើម្បី​សិទ្ធិសេរីភាព​។ ក្នុងនោះ សម្តី​ដែល​ប្រជាជន​ស្បែក​ខ្មៅ​ក៏ដូចជា​បណ្តា​ប្រជាជន​នៅលើ​ពិភពលោក​ចាំ​មិន​ភ្លេច គឺ​ឃ្លា​មួយ​ដែល​លោក​និយាយថា “I have a dream”  ឬ​ជា​ភាសា​ខ្មែរ​ហៅថា “​ខ្ញុំ​មាន​សុបិន​មួយ​”​។ ឃ្លា​មួយ​នេះ លោក​ចង់​រៀបរាប់​អំពី​សុបិន​របស់​ជនជាតិ​ស្បែក​ខ្មៅ​ក្នុងការ​រំដោះខ្លួន​ពី​ការរើសអើង និង​ការជិះជាន់​គ្រប់​រូបភាព​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ រាល់​ការតវ៉ា​ដែល​រៀបចំឡើង​ដោយ​Martin Luther King តែងតែ​ត្រូវបាន​អាជ្ញាធរ​បង្ក្រាប​ជា​ញឹកញាប់ ហើយ​លោក​ត្រូវបាន​គេ​ចាប់ឃុំខ្លួន​ច្រើនដង​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​តែងតែ​ទទួលរង​នូវ​ការគំរាមកំហែង​ដល់​អាយុជីវិត​ជា​ច្រើនដង តែ​លោក​នៅតែ​មិន​ខ្លាចរអា​និង​បន្ដ​យុទ្ធនាការ​ទៅមុខទៀត​។​

​នៅ​ឆ្នាំ​១៩៦៨ ខណៈពេលដែល​Martin Luther King កំពុងតែ​ឈរ​នៅមុខ​រានហាល​នៃ​បន្ទប់​របស់លោក  មាន​បុរស​ម្នាក់​លបលួច​បាញ់ប្រហា​រ​បណ្តាលឲ្យ​Martin Luther King​ស្លាប់បាត់​បង់ជីវិត​ក្នុង​វ័យ​៣៩​ឆ្នាំ​។ ក្រោយពី​មាន​ករណី​លប​ធ្វើឃាត​នេះហើយ មាន​អ្នកគាំទ្រ​ជាច្រើន​បាននាំគ្នា​ងើប​តវ៉ា​យ៉ាង​ខ្លាំងក្លា ដើម្បី​ស្វែងរក​យុត្តិធម៌​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​។ ទោះបីជា​លោក​បាន​ស្លាប់បាត់​បង់ជីវិត​ហើយ​ក្តី តែ​ភាព​អង់អាច​ក្លាហាន​និង​ភាពល្បីល្បាញ​របស់លោក​នៅ​តែ​បន្សល់ទុក​រហូត​ដល់ពេល​បច្ចុប្បន្ន​។ លោក​បាន​ទទួលពានរ​ង្វាន់​ណូ​ប៊ែល​សន្តិភាព​ក្នុង​វ័យក្មេង​ជាងគេ​គឺ​នៅ​វ័យ​៣៥​ឆ្នាំ​។ ម្យ៉ាងវិញទៀត​គេ​ចាត់ទុក​លោក​ជា​សកម្មជន​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ ជា​មេដឹកនាំ​អាមេរិក​កាត់​អាហ្វ្រិក​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្ដិសាស្ដ្រ និង​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅលើ​ពិភពលោក​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ជនល្បីល្បាញ​MartinLutherKing

ព័ត៌មានផ្សេងទៀត