សៀវភៅ “Zero to One“ គន្លឹះជោគជ័យសម្រាប់អាជីវកម្មថ្មោងថ្មី

18-02-2021 3:42 pm 386

នៅក្នុងសប្តាហ៍នេះ នាទី”ខ្ញុំអាន អ្នកអាន”នឹងលើកបង្ហាញជូននូវសៀវភៅ ”ពីសូនទៅលេខមួយ ឬ Zero to One” ដែលសៀវភៅនេះសំខាន់ខ្លាំងណាស់សម្រាប់ស្ថាបនិកក្រុមហ៊ុន និងម្ចាស់អាជីវកម្មថ្មោងថ្មី ដែលកំពុងដំណើរការអាជីវកម្ម ត្រូវដឹងហើយអាចនឹងមានសក្តានុពលនៅថ្ងៃខាងមុខ សម្រាប់អ្នកដែលចាប់អារម្មណ៍ពីមូលហេតុអ្វីបានជាអាជីវកម្មថ្មោងថ្មីខ្លះជោគជ័យខ្លាំង និងខ្លះបរាជ័យ និងចង់បង្កើតភាពជោគជ័យផ្ទាល់ខ្លួនខុសពីអាជីវកម្មដទៃទៀតនោះ។ សៀវភៅនេះនឹងអាចជាគន្លឹះដ៏ពិសេសសម្រាប់អ្នក។ ចង់ដឹងសៀវភៅនេះមានសារៈសំខាន់ និងផ្តល់ជាចំណេះដឹងយ៉ាងណានោះ? សូមស្តាប់ភិនសុភីរាយការណ៍ដូចតទៅ៖

សៀវភៅ “ពីសូនទៅលេខមួយ/Zero to One” និពន្ធដោយPeter Theil ជាអ្នកបង្កើត Paypal និងជាអ្នកវិនិយោគទុនមុនគេបង្អស់របស់Facebook និងសហនិពន្ធជាមួយនឹងលោកBlake Masters បោះពុម្ពផ្សាយដំបូងនៅឆ្នាំ២០១៤ លក់ដាច់រាប់លានក្បាល។ លោកទទួលបន្ទុកគ្រប់គ្រងទ្រព្យសកម្មនៃស្ថាបនិកទាំងអស់រហូតដល់២ប៊ីលានដុល្លារ។ តើសៀវភៅនេះនិយាយអំពីអ្វី ហើយមានលក្ខណៈពិសេសអ្វីខ្លះទើបបានជាល្បីយ៉ាងនេះ?

សៀវភៅ”ពីសូនទៅលេខមួយ/Zero to One” បានពន្យល់អ្នកអំពីការព្យាករអនាគត និងអំពីវិធីអនុវត្តដើម្បីធានាបាននូវភាពជោគជ័យសម្រាប់អាជីវកម្មថ្មោងថ្មី។ អ្នកនិពន្ធសៀវភៅមួយក្បាលនេះបានប ញ្ចូលលិល្បៈនៃការចែកចាយចំណេះដឹងប្រកបដោយភាពរីករាយនិងសារសំខាន់ៗ អមជាមួយបទពិសោធន៍ផ្ទាល់របស់លោក។សៀវភៅមួយក្បាលនេះដែររៀបរៀងឡើងសម្រាប់ស្ថាបនិកថ្មោងថ្មី ដែលកំពុងដំណើរការអាជីវកម្ម និងសម្រាប់អ្នកដែលចាប់អារម្មណ៍ពីមូលហេតុអ្វីបានជាអាជីវកម្មថ្មោងថ្មីខ្លះជោគជ័យខ្លាំង និងខ្លះបរាជ័យ។

មនុស្សភាគច្រើនបង្កើតមុខជំនួញដោយការយកគំរូ និងធ្វើបន្តពីជំនួញដែលមានស្រាប់ ប៉ុន្តែអ្នកនិពន្ធ សៀវភៅនេះគឺលោកPeter Theil បានបញ្ជាក់ថាបើអ្នកចង់ឱ្យជំនួញរបស់អ្នកជោគជ័យ “រញ្ជួយទូទាំងពិភពលោក” និង “អាចរកចំណូលបានច្រើនជាងដប់ឆ្នាំ” អ្នកគួរតែបង្កើតមុខជំនួញដោយចាប់ផ្តើមពី០ ទៅ១ ដែលមានន័យថា គឺត្រូវបង្កើតរបស់ថ្មីដែលមិនធ្លាប់មានអ្នកណាធ្វើពីមុនមក។

លោកPeter Theil បានបង្ហើបពីភាពអាថ៌កំបាំង និងណែនាំពីរបៀបក្នុងការបង្កើតជំនួញដែលចាប់ផ្តើមពី០ទៅ១ ដែលនឹងផ្តល់ផលតបស្នងយ៉ាងល្អប្រពៃដល់អ្នករហូតដល់ដប់ឬដល់មួយរយឆ្នាំ ដោយមិនចាំបាច់ប្រកួតប្រជែងជាមួយអ្នកណាឡើយ។ វិធីទាំងនេះជាគំរូដែលGoogle, Apple, Amazon, Paypal និង Facebook នាំយកមកប្រើប្រាស់រហូតធ្វើឱ្យពួកគេអាចរំកិលពីសូន្យឆ្ពោះទៅរកភាពធំអសា្ចរ្យ ដែលគ្មានអ្នកណាអាចតាមទាន់ឡើយ។

អ្នកនិពន្ធបានបញ្ជាក់ថាក្រុមហ៊ុនដែលធំៗគ្រប់កន្លែង គឺសុទ្ធតែមានអត្តសញ្ញាណផ្ទាល់ខ្លួនទាំងអស់ លោកBill Gate ឬ លោកSergey Brin តទៅថ្ងៃមុខគ្មានអ្នកណាបង្កើតSearch Engine ឡើយ ចំណែក លោកMark Zuckerbergតទៅថ្ងៃមុខគ្មានអ្នកណាបង្កើតប្រព័ន្ធទំនាក់ទំនងតាមសង្គម Onlineឡើយ ប្រសិនបើអ្នកចង់ឈានទៅដល់ចំណុចដែលពួកគេឈរ ជាជម្រើសម្យ៉ាងរបស់អ្នកគឺត្រូវចាប់ផ្តើមពី០ទៅ១ប៉ុណ្ណោះ។

ចំណុចចាប់ផ្តើមមានភាពពិសេស ព្រោះវាខុសពីអ្វីដែលកើតឡើងតាមក្រោយយ៉ាងសម្បើម។ សាកមកពិចារណាពីចំណុចចាប់ផ្តើមរបស់ចក្រវាលកាលពី១៣,៨០០លានឆ្នាំមុនក៏បាន ក្នុងវិនាទីដំបូងដែលចាប់កំណើតឡើង ចក្រវាលបានពង្រីកខ្លួនពេញ១០ស្វ័យគុណ៣០ដង ឬមួយលានលានលានលានលានដង រូបមន្តរបស់រូបវិទ្យានៅក្នុងពេលនោះច្បាស់ជាខុសប្លែកពីបច្ចុប្បន្នយ៉ាងមហាសាល។

ចំណុចចាប់ផ្តើមមួយចំណុចទៀតដែលសំខាន់គឺ ពេលវេលានៃការបង្កើតប្រទេសរបស់សហរដ្ឋអាមេរិកកាលពី២២៧ឆ្នាំមុន ក្នុងពេលពីរបីខែមុនការប្រជុំដើម្បីបង្កើតរដ្ឋធម្មនុញ្ញនោះ មានការចាប់យកសំណួរមូលដ្ឋានដែលសំខាន់ឡើងមកអធិប្បាយយ៉ាងបើកចំហ ដូចជារដ្ឋាភិបាលកណ្តាលមានអំណាចច្រើនប៉ុនណា? ឬក៏ការបែងចែកតំណាងរាស្ត្រយ៉ាងដូចម្តេច? ចំណុចសរុបពីការអធិប្បាយពេលនោះក្លាយជាឬសគល់ដែលពិបាកនឹងផ្លាស់ប្តូរ បន្ទាប់មកក៏បានប្រកាសឲ្យប្រើក្នុងឆ្នាំ១៧៨៧។ 

បើយើងគិតក្នុងផ្លូវល្អវិញ ការបង្កើតក្រុមហ៊ុនក៏មិនខុសអីពីការកកើតប្រទេសនោះដែរ ប្រសិនបើសម្រេចចិត្តខុសក្នុងពេលដំបូង (ដូចជា ជ្រើសអ្នករួមហ៊ុនខុស ឬជួលមនុស្សខុស) ការតាមទៅដោះស្រាយនៅពេលក្រោយនឹងក្លាយជារឿងពិបាកខ្លាំងណាស់។ ក្រុមហ៊ុនអាចប្រឈមមុខនឹងវិបត្តិស្ទើររំលំរលាយ មុននឹងមានអ្នកណាម្នាក់ព្យាយាមរកផ្លូវកែច្នៃផង ដោយក្នុងនាមអ្នកបង្កើតក្រុមហ៊ុន។ ការងារដំបូងរបស់អ្នកគឺការចាត់ការនឹងរឿងមូលដ្ឋានគ្រឹះផ្សេងៗឲ្យបានត្រឹមត្រូវតាំងពីដំបូង ពីព្រោះអ្នកមិនអាចបង្កើតក្រុមហ៊ុនធំលើមូលដ្ឋានដែលទន់ជ្រាយបានឡើយ។

ដំណើរការអាជីវកម្មផ្ទាល់ខ្លួនផ្ដល់ឱកាសឲ្យអ្នកសាកល្បងនូវបទពិសោធនានាយ៉ាងមានសេរីភាព។ អ្នកអាចប្រើឱកាសនេះដើម្បីដឹកនាំក្រុមហ៊ុនតាមរបៀបដែលអ្នកចង់បាន ហើយបង្វិលចង្កូតឧស្សាហកម្មតាមទិសដៅថ្មីដែលអ្នកគិតថាល្អ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងឈានដល់សេរីភាពនេះគឺចាំបាច់តម្រូវឲ្យម្ចាស់អាជីវកម្មបង្កើតវិន័យខ្ពស់។ សូម្បីតែគំនិតជំនួញដ៏អស្ចារ្យបំផុតក៏អាចនឹងបរាជ័យដែរ បើស្ថាបនិកមិនបានបង្កើតផែនការអាជីវកម្ម បញ្ជីថវិកា ការតាមដានវឌ្ឍនភាព និងវាយតម្លៃជាទៀងទាត់។ នៅពេលអ្នកចំណាយពេលវេលាដើម្បីរៀបចំផែនការនិងតារាងពេលវេលាច្បាស់លាស់ជាមុន ។ សៀវភៅមួយក្បាលនេះនឹងផ្តល់ជាគំនិតក្នុងការក្លាហានចាប់ផ្តើមអាជីវកម្មថ្មី ដែលប្លែកខុសពីបណ្តាអាជីវកម្មដទៃទៀតដែលមាននៅក្នុងទីផ្សារបច្ចុប្បន្នរួចហើយនោះ អាជីវកម្មថ្មីរបស់អ្នកនឹងកាន់តែមានភាពរឹងមាំជាបន្តបន្ទាប់ក្រោយពីអ្នកបានអានសៀវភៅ “Zero to One” និពន្ធដោយ Peter Theil៕ ដោយ៖ភិន សុភី 

ព័ត៌មានផ្សេងទៀត