អាមេរិក​ចោទប្រកាន់​ជនជាតិ​កូរ៉េខាងជើង​៣​នាក់​ពីបទ​លួច​លុយ​១.៣​ពាន់​លាន​ដុល្លារ​

18-02-2021 11:34 am 799
លោកKim Il, លោកPark Jin HyokនិងJon Chang Hyok

​ក្រសួងយុត្តិធម៌​អាមេរិក​នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២១ បាន​ចោទប្រកាន់​ជនជាតិ​កូរ៉េខាងជើង​៣​នាក់ នៅក្នុង​យុទ្ធនាការ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត ដើម្បី​លួច​លុយ​១.៣​ពាន់​លាន​ដុល្លារ ពី​ធនាគារ​ជុំវិញ​ពិភពលោក​។ បុរស​វ័យក្មេងៗ​ជនជាតិ​កូរ៉េខាងជើង​៣​នាក់ ដែល​អាមេរិក​ចាត់ទុកជា​ចោរ​ព័ត៌មានវិទ្យា​ដ៏​មាន​សមត្ថភាព​នោះ រួម​មានឈ្មោះ​Jon Chang Hyok លោក Kim Il អ្នក​ទាំងពីរ​នាក់​នេះ​ទើបតែ​ត្រូវបាន​ចោទប្រកាន់​ក្នុងពេល​ថ្មីៗ​នេះ និង​លោក​Park Jin Hyok ត្រូវបាន​ចោទប្រកាន់​កាលពី​២​ឆ្នាំមុន ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត ចូលក្នុង​ក្រុមហ៊ុន​Sony Pictures Entertainment​របស់​អាមេរិក​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ជាការ​សងសឹក​នឹង​ក្រុមហ៊ុន​ដែល​ផលិត​ខ្សែភាពយន្ត​បែប​កំប្លុក​កំប្លែង និយាយ​ពី​មេដឹកនាំ​កូរ៉េខាងជើង​, ការបង្កើត​មេរោគ​WannaCry ដើម្បី​ប្រើប្រាស់​ជា​មធ្យោបាយ​ជំរិត​ទារប្រាក់​តាម​អ៊ី​ន​ធឺ​ណេត និង​ការ​លួច​លុយ​ចំនួន​៨១​លាន​ដុល្លារ​ពី​ធនាគារកណ្តាល​បង់​ក្លា​ដែស​ក្នុង​ឆ្នាំ​២០១៦​។​

​ពួកគេ​ទាំង​៣​នាក់​បានធ្វើការ​ជាមួយគ្នា នៅក្នុង​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​យោធា​របស់​កូរ៉េខាងជើង ដែល​ត្រូវបាន​គេ​ស្គាល់​កាន់តែច្បាស់​នៅក្នុង​សហគមន៍​សន្តិសុខ​អ៊ី​ន​ធឺ​ណេតថា ជា​ក្រុម​Lazarus Group​ឬ​APT 38​។ ​ពួកគេ​ធ្វើ​សកម្មភាព​លួច​លុយ​តាម​អ៊ី​ន​ធឺ​ណេត​នេះ សម្រាប់​ជួយ​រដ្ឋាភិបាល​កូរ៉េខាងជើង និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ដែល​រង​ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ ដែល​ធ្វើឲ្យ​ប្រភព​ចំណូល​របស់ខ្លួន​ធ្លាក់ចុះ​។ អាមេរិក​ហៅ​កូរ៉េខាងជើង ថា​គឺជា​ចោរប្លន់​ធនាគារ​ឈានមុខ​គេ​លើ​ពិភពលោក​៕​ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត