ក្រុមសេវាកម្មស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង(NIS)បាននិយាយកាលពីថ្ងៃទី១៦កុម្ភៈថា ពួក Hackerកូរ៉េខាងជើងបានប៉ុនប៉ងលួចយកព័ត៌មានស្តីពីវ៉ាក់សាំងការពារនិងការព្យាបាលជំងឺកូវីដ-១៩។ ប៉ុន្តែក្រុមស៊ើបការណ៍សម្ងាត់នេះបានច្រានចោលការអះអាងរបស់សមាជិកសភាម្នាក់ដែលថា ក្រុមហ៊ុនផលិតវ៉ាក់សាំងPfizerគឺជាគោលដៅពិតប្រាកដរបស់ក្រុមHacker។
កន្លងមកលោកHa Tae-keungជាសមាជិកសភា និងជាសមាជិកគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាកូរ៉េខាងត្បូងបានប្រាប់អ្នកសារព័ត៌មានថា ក្រុមសេវាកម្មស៊ើបការណ៍ជាតិបានប្រាប់លោកនិងសមាជិកសភាដទៃទៀតក្នុងអំឡុងសន្និសីទកាសែតឯកជនមួយ គឺប្រទេសកូរ៉េខាងជើងបានលួចព័ត៌មានពីក្រុមហ៊ុនPfizer ដើម្បីទទួលបានបច្ចេកវិទ្យាវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
តែបន្ទាប់ពីលោកHa Tae-keungអះអាងដូច្នេះ NISបាននិយាយថាខ្លួនមិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុនផលិតវ៉ាក់សាំងណាមួយទេ នៅពេលដែលជូនដំណឹងប្រាប់សមាជិកសភាថាពួកHacker កូរ៉េខាងជើងកំពុងស្វែងរកព័ត៌មានអំពីវ៉ាក់សាំងការពារមេរោគកូវីដ១៩។ NISបានហៅការអត្ថាធិប្បាយរបស់លោកHa Tae-keung ថាខុសពីការពិត។ រីឯលោកHaបន្ថែមថាការណ៍ដែលNISនិយាយបែបនេះទំនងខ្លាចកូរ៉េខាងជើងខឹងខ្លាំង។
លោកHa Tae-keungនៅតែគាំទ្រលើការអះអាងរបស់លោកនៅកាន់សារព័ត៌មានThe Associated Press ដោយនិយាយថាឯកសារNISដែលត្រូវបានបង្ហាញបាននិយាយយ៉ាងច្បាស់ កូរ៉េខាងជើងបានលួចព័ត៌មានអំពីវ៉ាក់សាំងរបស់Pfizer និងប៉ុនប៉ងលួចបច្ចេកវិទ្យាពីក្រុមហ៊ុនវ៉ាក់សាំងកូរ៉េខាងត្បូងនិងក្រុមហ៊ុនផលិតឱសថថែមទៀត។
ដោយឡែកលោកKwon Bo-young អ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈនៅការិយាល័យកូរ៉េខាងត្បូងរបស់ក្រុមហ៊ុនPfizer បាននិយាយនៅក្នុងសារមួយថា លោកកំពុងពិនិត្យមើលការអះអាងរបស់លោកHa Tae-keung ប៉ុន្តែលោកមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់លោកHaនោះទេ៕ ដោយ៖ បឿ សុភា