មី​យ៉ាន់​ម៉ា​​​ទៅ​ចាប់ដៃ​ទិញសព្វាវុធ​ពី​រុស្ស៊ី​ដើម្បី​បន្ថយ​ឥទ្ធិពល​ចិន​?

16-02-2021 1:09 pm 869

ពិតជា​មិន​អាច​ប្រកែក​បាន​ទោះបី​ធ្លាប់​មាន​វិវាទ​ជាមួយ​គ្នា​ជុំវិញ​បញ្ហា​ជម្លោះ​ក្រុម​ជនជាតិភាគតិច​នៅតាម​ព្រំដែន ប៉ុន្ដែ​ចិន​និង​មី​យ៉ាន់​ម៉ា​គឺជា​អ្នក​ជិតខាង ជា​ដៃគូ​រកស៊ី ហើយ​ជាងនេះទៅទៀត​ចិន​ជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ដ៏​ធំ​បំផុត​របស់​មី​យ៉ាន់​ម៉ា​។ តាម​របាយការណ៍​ចេញផ្សាយ​កន្លង​មក​មី​យ៉ាន់​ម៉ា​បាន​ចំណាយ​លុយ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​អាវុធ​ពី​ចិន​មក​បំពាក់​ឲ្យ​កងទ័ព​និង​ពង្រឹង​វិស័យ​យោធា​។ ប៉ុន្ដែ​ក្នុង​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​យោធា​ប្រកាស​ចូល​ក្ដោប​ក្ដាប់​អំណាច គេ​ក៏​ឃើញ​មាន​សម្ភារ​យោធា​របស់​រុស្ស៊ី​ចេញ​ចរាចរ​នៅតាម​ដងផ្លូវ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែរ​។ នោះ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា​ក្រៅ​ពី​ចិន យោធា​មី​យ៉ាន់​ម៉ា​ក៏​ងាក​ទៅ​ចាប់​ដៃ​រុស្ស៊ី​ដែរ ទើប​ទទួល​បាន​អាវុធ​ទំនើបៗ​ពី​រុស្ស៊ី​ដូច្នេះ​។ មាន​មតិ​លើកឡើង​ថា​មី​យ៉ាន់​ម៉ា​ទៅ​ចាប់ដៃទិញសព្វាវុធពី​រុស្ស៊ី ដើម្បី​បន្ថយ​ឥទ្ធិពល​របស់​ចិន​មកលើ​ខ្លួន តើ​ពិត​ជា​បែប​នេះ​មែន​?

​ក្បួន​រថយន្ដ​យោធា​ដែល​ត្រូវបាន​បង្ហាញឲ្យឃើញតា​មរយៈកញ្ចក់​ទូរទស្ស​ន៍​កាលពី​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា ស​បញ្ជាក់​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​យោធា​របស់​មី​យ៉ាន់​ម៉ា​ជា​មិត្ដ​ដ៏​ស្មោះត្រង់​របស់​ប្រទេស​រុស្ស៊ី​។ រថពាសដែក​ជាច្រើន​គ្រឿង​ដែល​ប្រតិ​បត្ដិកា​រនៅលើ​ដងផ្លូវ ជា​រថពាសដែក​ផលិត​នៅក្នុង​ប្រទេស​រុស្ស៊ី​។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្ដិភាព​អន្ដរជាតិ​ស្ដុក​ខម​(Stockholm)​បានបញ្ជាក់​ថា ការនាំ​ចូល​សម្ភារ​យោធា​ទាំងអស់​នេះ​ស្ថិត​ក្នុង​ចំណោម​បញ្ជី​នៃ​ការផ្គត់ផ្គង់​ដែល​កំពុង​កើនឡើង ដែល​បាននិងកំពុង​ពង្រឹង​ចំណង​មិត្ដ​ការពារ​ជា​តិ​រវាង​ភាគី​ទាំងពីរ​។​

​តាម​វិទ្យាស្ថាន​ដដែល​ឲ្យដឹង​ទៀតថា នៅ​ឆ្នាំ​២០១៩​បញ្ជី​សម្ភារ​យោធា​មី​យ៉ាន់​ម៉ា​ទិញ​ពី​រុស្ស៊ី សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ​៨០៧​លាន​ដុល្លារ​អាមេរិក​គិត​ក្នុង​ទសវត្ស​នេះ​។ រថយន្ដយោធា​រុស្ស៊ី​ដែល​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃទី​០១​កុម្ភៈ​ជា​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា អាច​ជា​រថយន្ដយោធា​បញ្ជូនទៅមី​យ៉ាន់​ម៉ា​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ គឺ​អាច​ក្នុង​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​នេះ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​មិន​ទាន់​មាន​សំណុំ​ឯកសារ​ផ្លូវការ​នៅឡើយ​ទេ នេះ​បើ​តាម​លោក​Siemon Wezema​nមន្ដ្រី​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្ដិភាព​អន្ដរជាតិ​ស្ដុក​ខម​(Stockholm) ជា​ក្រុម​ជំនាញ​ស៊ុយអែត​តាមដាន​ការចំណាយ​លើ​សព្វាវុធ​និង​យោធា​ក្នុង​ពិភពលោក​។​

​សម្រាប់​ក្រុម​អ្នកការទូត​អាស៊ី​វិញ​ហាក់​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​តិចតួច​ប៉ុណ្ណោះ ចំពោះ​ឥទ្ធិពល​នៃ​សម្ភារ​យោធា​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ ក្រុម​អ្នកការទូត​ទាំងនោះ​បាន​ប្រាប់​សារព័ត៌មាន​Nikkei Asia​ថា មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​និង​ជា​មេដឹកនាំ​រដ្ឋប្រហា​រលោក​មីន អ៊ុង​លាង បាន​បង្កើន​ទំនាក់ទំនង​ការពារ​ជាតិ​ជាមួយ​ទីក្រុង​មូ​ស្គូ​ក្នុងរយៈពេល​មួយ​ទសវត្ស​កន្លង​មក​ហើយ​។ ធ្វើ​ដូច្នេះ​ដើម្បី​ចៀសវាង​ពី​ការពឹងផ្អែក​ទៅលើ​ប្រទេស​ចិន ជា​អ្នក​ជិតខាង​ផង​និង​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ដ៏​ធំ​បំផុត​របស់​មី​យ៉ាន់​ម៉ា​ផង​។​

​អ្នកការទូត​អាស៊ី​ម្នាក់​បាន​និយាយថា យោធា​មី​យ៉ាន់​ម៉ា​(Tatmadaw)​បាន​បន្ដ​នូវ​យុទ្ធសាស្ដ្រ​របស់​រុស្ស៊ី ដើម្បី​ពង្រឹក​ជម្រើស​ការពារ​ជាតិនិ​ង​ការទូត​របស់​ខ្លួន​។ ដូច្នេះ​បើ​និយាយ​ពី​ទំនាក់ទំនង​យោធា កងទ័ព​មី​យ៉ាន់​ម៉ា​ហាក់​មាន​ការទាក់ទង​ល្អ​ជាមួយ​រុស្ស៊ី នោះ​ក៏​ជា​ហេតុផល​មួយ​ដែល​មី​យ៉ាន់​ម៉ា​អាច​ទទួល​បាន​ប្រយោជន៍​ពី​ទីក្រុង​មូ​ស្គូ គឺ​នៅ​ពេល​រុស្ស៊ី​វេតូ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ។ ជា​កិច្ចប្រជុំ​បោះឆ្នោត​ដាក់ទណ្ឌកម្ម​ជុំវិញ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​។ ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ក្រៅពី​រុស្ស៊ី​ក៏​មាន​ចិន​ដែរ​ជា​អ្នក​វេតូ​។ មហាអំណាច​ទាំងពីរ​បាន​ចាប់ដៃគ្នា​ការពារ​របប​យោធា​មី​យ៉ាន់​ម៉ា​ពី​ការស្ដីបន្ទោស​របស់​អន្ដរជាតិ និង​បាន​រារាំង​ការ​ថ្កោលទោស​ពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។ 

​ប៉ុន្មាន​ថ្ងៃ​មុន​រដ្ឋប្រហារ រដ្ឋមន្ដ្រី​ការពារជាតិ​រុស្ស៊ី​លោក​ឧត្ដមសេនីយ៍​សឺ​ហ្គេ សយ​ហ្គូ​(Sergei Shoigu) បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​សព្វាវុធ​ថ្មី​មួយ មាន​ទាំង​ប្រព័ន្ធ​មី​ស៊ី​ល យន្ដហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក និង​ប្រព័ន្ធ​រ៉ា​ដា​ជាដើម​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​ចុះផ្សាយ​ក្នុងពេល​ទស្សនកិច្ច​រដ្ឋ​មន្ដ្រី​ការពារ​ជាតិ​រុស្ស៊ី​ទៅ​មី​យ៉ាន់​ម៉ា ដោយ​ដកស្រង់​សម្ដី​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​ថា  ក្នុងនាម​ជាមិ​ត្ដ​ស្មោះត្រង់ រុស្ស៊ី​តែងតែ​គាំទ្រ​មី​យ៉ាន់​ម៉ា​ជា​និច្ច​នៅក្នុង​កាលៈទេសៈ​លំបាក ជាពិសេស​ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុងក្រោយ​។ 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​មូលដ្ឋាន​នៅ​មី​យ៉ាន់​ម៉ា បាន​កត់សម្គាល់​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ឧត្ដមសេនីយ៍​ទាំងពីរ​នៅ​មុន​ថ្ងៃ​នៃ​ការធ្វើ​រដ្ឋប្រហារ​។ តាម​របាយការណ៍​រប​ស់លោក​មីន អ៊ុង​លាង លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​រហូតដល់​៦​លើក ក្នុងនោះ​រាប់បញ្ចូល​ទស្សនកិច្ច​កា​លពី​ខែមិថុនា​ឆ្នាំ​មុន​ដើម្បី​ប្រារព្ធ​ទិវា​ជ័យជម្នះ​ប្រចាំឆ្នាំ​លើក​ទី​៧៥​របស់​រុស្ស៊ី​ផងដែរ រំលឹក​ដល់​ការបរាជ័យ​នៃ​របប​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាមលោកលើកទី​២​។ 

​ក្រុមអ្នកវិភាគ​ផ្នែក​យោធា​របស់​មី​យ៉ាន់​ម៉ា​បាន​និយាយថា លោក​មីន អ៊ុង​លាង​ងាក​ទៅរក​រុស្ស៊ី​ដើម្បី​ទទួលបាន​នូវ​សម្ភារ​យោធា បន្ទាប់ពី​មាន​ទិសដៅ​ថ្មី​មួយ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​កងទ័ព​មី​យ៉ាន់​ម៉ា ខណៈ​ដែល​ប្រទេស​នេះ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ទៅរក​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១១ រយៈពេល​៥០​ឆ្នាំ​បន្ទាប់ពី​យោធា​ក្ដោប​ក្ដាប់​អំណាច​។ លោក​បាន​ព្យាយាម​ប្រែក្លាយ​យោធា​ពី​កងកម្លាំង​ប្រឆាំង​នឹង​ក្រុម​ផ្ដាច់ខ្លួន​និង​ក្រុម​ឧទ្ទាម ឲ្យទៅ​ជា​កងទ័ព​មាន​ស្ដង់ដារ​។ 

​លោកណាយ យ៉ាន អ៊ូ​(Nay Yan Oo) ជា​អ្នកវិភាគ​មួយ​រូប​នៅ​ក្នុង​ទីក្រុង​យ៉ាង​ហ្គួ​ន បាន​សរសេរ​នៅក្នុង​ជំពូក​មួយ​នៃ​សៀវភៅ​និយាយ​ពី​យោធា​មី​យ៉ាន់​ម៉ា​និង​ថៃ​ថា មេដឹកនាំ​យោធា​ចង់​បង្កើន​សមត្ថភាព​យោធា​ជា​យូរណាស់​មកហើយ ប៉ុន្ដែ​ការធ្វើ​ទំនើបកម្ម​ចាប់ផ្ដើម​បង្កើន​ល្បឿន​យ៉ាង​ខ្លាំង​ចាប់ពី​ឆ្នាំ​២០១១​។ មេដឹកនាំ​ថ្មី​កំពុង​ជំរុញ​កងទ័ព​មី​យ៉ាន់​ម៉ា​(Tatmadaw)​ត្រឡប់​ទៅ​ចូល​ក្នុង​វិស័យ​ការពារជាតិ ជាមួយនឹង​កងទ័ព​ដែល​មាន​ស្ដង់ដារ ដែល​មាន​ការ​សន្យា​ធ្វើ​ទំនើបកម្ម​យោធា ការកសាង​សមត្ថភាព និង​ការផ្សារភ្ជាប់​សកម្មភាព​រវាង​យោធា​និង​យោធា​។​

​បើ​តាម​លោក Wezeman មន្ដ្រីជាន់ខ្ពស់​នៃ​ក្រុម​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្ដិភាព​អន្ដរជាតិ​ស្ដុក​ខម​(Stockholm) លោក​ថា​ចិន​មាន​ចំណែក​៥០​ភាគរយ​នៃ​ការនាំ​អាវុធ​សំខាន់ៗ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ចន្លោះ​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៩​។ ក្នុងនោះ​មាន​ដូចជា​យន្ដហោះ​ចម្បាំង នាវាចម្បាំង យន្ដហោះ​បំពាក់អាវុធ​គ្មាន​មនុស្ស​បើក រថយន្ដយោធា និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ជាដើម​។ ចំណែក​រុស្ស៊ី​វិញ​មាន​ចំណែក​តែ​១៧​ភាគរយ​ប៉ុណ្ណោះ​ក្នុងការ​នាំចូល​សព្វាវុធ​ទៅកាន់​មី​យ៉ាន់​ម៉ា សំខាន់​បំផុត​គឺ​ទៅលើ​យន្ដហោះ​ចម្បាំង​និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​។ 

​ទិន្នន័យ​របស់​វិទ្យាស្ថាន​បញ្ជាក់ថា បញ្ជី​សព្វាវុធ​មី​យ៉ាន់​ម៉ា​ចន្លោះ​ពី​ឆ្នាំ​២០១០​ដល់​២០១៩ មាន​តម្លៃ​រហូត​ដល់​២.៤​ពាន់​លាន​ដុល្លារ ក្នុងនោះ​១.៣​ពាន់​លាន​ដុល្លារ​ជា​សព្វាវុធ​ទិញ​ពី​ចិន និង​៨០៧​លាន​ដុល្លា​រទិញ​ពី​រុស្ស៊ី​។ យន្ដហោះ​ចម្បាំង​រុស្ស៊ី​ស្ថិតក្នុង​ចំណោម​សព្វាវុធ​ដ៏​ទំនើប​មួយ​របស់​យោធា​មី​យ៉ាន់​ម៉ា  ដែល​មាន​ប្រភេទ​MiG-29, SDu-30MK និង JF-17 និង​យន្ដហោះ​ហ្វឹកហាត់ K-8, Yak-130 និង G 120TP​។​

​ឫសគល់​នៃ​ពាណិជ្ជកម្ម​អាវុធ​រវាង​មី​យ៉ាន់​ម៉ា​-​រុស្ស៊ី ត្រឡប់​ទៅ​រក​កិច្ចសហប្រតិបត្ដិកា​រប​ច្ចេក​វិទ្យា​យោធា​ដែល​ចាប់ផ្ដើម​នៅក្នុង​ឆ្នាំ​២០០១ នៅពេល​មី​យ៉ាន់​ម៉ា​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​បុរស​ខ្លាំង​ម្នាក់ គឺ​លោក​ឧត្ដមសេនីយ៍​ថា​ន ស្វេ​(Than Shwe)​។ បន្ទាប់​មក​កិច្ចព្រមព្រៀង​សហ​ប្រតិ​បត្ដិកា​រ​យោធា​នៅ​ឆ្នាំ​២០១៦​បាន​មកដល់​។ វា​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​មន្ដ្រី​យោធា​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់ ដើម្បី​ទទួលបាន​ការបណ្ដុះបណ្ដាល​កម្រិត​វិទ្យាសាស្ដ្រ​និង​វិស្វកម្ម​នៅ​ប្រទេស​រុស្ស៊ី មាន​រហូត​ដល់​៦​ពាន់​នាក់​នៅ​ឆ្នាំ​២០១៩​។ បុគ្គលិក​យោធា​មី​យ៉ាន់​ម៉ា​ភាគច្រើន​ក៏​អាច​និយាយ​ភាសា​រុស្ស៊ី​បាន​យ៉ាង​ស្ទាត់ជំនាញ​។ អ្នកវិភាគ​លោកណាយ យ៉ាន អ៊ូ​(Nay Yan Oo)​បាន​កត់សម្គាល់​ថា ភាពយន្ដ​ឯកសារ​ដែល​បាន​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​ក្រសួងការពារជាតិ​រុស្ស៊ី​ក្នុង​ពេល​ថ្មីៗ ដែល​បាន​ជូនពរ​ដល់​កងទ័ព​មី​យ៉ាន់​ម៉ា​ផង​នោះ បង្ហាញឲ្យឃើញ​បុគ្គលិក​យោធា​មី​យ៉ាន់​ម៉ា​និយាយ​ភាសា​រុស្ស៊ី​បាន​យ៉ាង​ស្ទាត់ជំនាញ​។​

​សម្ពន្ធភាព​ដ៏​ស៊ីជម្រៅ​របស់​មេ​បញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក​មីន អ៊ុង​លាង​ជាមួយ​រុស្ស៊ី ត្រូវបាន​គេ​មើលឃើញ​ថា​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​របស់​ប្រទេស​ចិន មិនមែន​មានន័យថា​ជា​បរាជ័យ​ផ្នែក​កិច្ចការ​យោធា​ជាមួយ​ចិន​ឡើយ​។ អ្នកស្រាវជ្រាវ​មី​យ៉ាន់​ម៉ា​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​គូសបញ្ជាក់ថា ការផ្លាស់ប្ដូរ​នៅពេលនេះ​អាច​ដោយសារ​តែ​ភាព​តានតឹង​ផ្នែក​យោធា​ក្នុង​ប្រវត្ដិសាស្ដ្រ​ចិន​-​មី​យ៉ាន់​ម៉ា ដែល​បន្ដ​រហូត​ដល់​ទ​ស​វត្ស​ឆ្នាំ​១៩៨០ ដោយ​ទីក្រុង​ប៉េកាំ​ង​បាន​ដើរតួ​នៅក្នុង​ជម្លោះ​ក្រុម​ជនជាតិភាគតិច​ជាមួយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​តាម​តំបន់​ព្រំដែន​។ បន្ថែម​លើ​នេះ​ការផ្លាស់ប្ដូរ​របស់​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ទៅរក​រុស្ស៊ី ក៏​ដោយសារ​តែ​មាន​បញ្ហា​ផ្នែក​សម្ភារ​យោធា​ដែល​ចិន​បាន​ផលិត​។​

​បើ​និយាយ​ឲ្យ​មែនទែន​រុស្ស៊ី​មិន​ដូចជា​ប្រទេស​ចិន​ឡើយ រុស្ស៊ី​មិនបាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​ស្វែងរក​សន្ដិ​ភាព​ទេ​។ ដ្បិត​កន្លង​មក​ចិន​ត្រូវបាន​ចោទ​ថា​គាំទ្រ​ដល់​ក្រុម​ជនជាតិភាគតិច​មី​យ៉ាន់​នៅតាម​ព្រំដែន​ជាមួយ​ចិន​ប្រឆាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ប៉ុន្ដែ​ចិន​ក៏​ជា​ភាគី​សំខាន់​ក្នុង​ដំណើរការ​ស្វែងរក​សន្ដិ​ភាព​។ រុស្ស៊ី​ក៏​មិន​មាន​ការវិនិយោគ​ទូលំទូលាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែរ​។ ភាព​ខ្វះខាត​របស់​រុស្ស៊ី​ដូច្នេះហើយ ទើប​រុស្ស៊ី​គ្រាន់តែ​ជា​ដៃគូ​ដែល​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ស្នើ​សុំឲ្យ​ជួយ​ក្នុង​កាលៈទេសៈ​ចាំបាច់​។ 

​អ្នកការទូត​អាស៊ី​ម្នាក់​ក៏​ឯកភាព​និង​ការលើកឡើង​របស់​អ្នកស្រាវជ្រាវ​មី​យ៉ាន់​ម៉ា​ដែរ ដោយ​កត់សម្គាល់​ថា​លោក​មីន អ៊ុង​លាង​ជា​មេបញ្ជាការ​កងទ័ព​ដ៏​វៃឆ្លាត​។ សម្រាប់​លោក​មីន អ៊ុង​លាង​ផ្ទាល់​ចិន​គឺ​មិន​អាច​ទុកចិត្ដ​បាន​ឡើយ ព្រោះ​មាន​តែ​ចិន​ទេ​ដែល​គំរាមកំហែង​ដល់​មី​យ៉ាន់​ម៉ា​មិនមែន​រុស្ស៊ី​ទេ​។ ប៉ុន្ដែ​លោក​នៅតែ​មិន​អាច​ព្រលែង​ចោល​ចិន​ទាំង​ស្រុង ខណៈ​ដៃ​ម្ខាង​ទៀត​ស្រវា​ទៅ​ចាប់​នឹង​រុស្ស៊ី​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត