អាមេរិក​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ជា​បញ្ហា​អាទិភាព​ត្រូវតែ​ដោះស្រាយ​

13-02-2021 11:45 am 436

​ក្រសួងការបរទេស​អា​មេរិក​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ថា កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េ​ខាងជើង គឺជា​បញ្ហា​អាទិភាព​បំផុត​សម្រាប់​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ​រដ្ឋបាល​លោកចូ បាយ​ដិន ក្នុង​ការដោះស្រាយ​។ នេះ​បើ​ដកស្រង់​ចេញពី​ការ​ចុះផ្សាយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters​។​

​អ្នកនាំពាក្យ​អាមេរិក​លោក​Ned Price និយាយថា រដ្ឋបាល​របស់​បាយដិន​ហាក់​នៅ​មាន​ភាពខ្វះ​ចន្លោះ​ក្នុង​ការរារាំង​លើ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ អ្នកនាំពាក្យ​ដដែល​អះអាងថា កូរ៉េខាងជើង​កំពុង​ពន្លឿន​លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​វា​ជា​បញ្ហា​ប្រឈម​បំផុត​របស់​អាមេរិក​និង​ចាំបាច់​ត្រូវតែ​ដោះស្រាយ​។ ជាមួយ​គ្នា​លោក​Ned Price​បាន​ប្ដេជ្ញា​ថា អាមេរិក​នឹង​បន្ត​រារាំង​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​លោក​បាយដិន​ក្រោយ​ចូលកាន់​តំណែង​កាលពី​ខែ​មករា​បាន​និយាយថា លោក​កំពុង​ធ្វើការ​ពិនិត្យ​ឡើងវិញ​លើ​គោលនយោបាយ​របស់​កូរ៉េខាងជើង ដោយ​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ជា​ពិសេស​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​។ គោលបំណង​សំខាន់ គឺ​ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ឲ្យ​បោះបង់ចោល​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​

​របាយការណ៍​សម្ងាត់រ​បស់​អាមេរិក​ដែល​ត្រូវ​ចុះ​ផ្សាយ​ដោយ​រ៉​យ​ទ័រ​កាលពី​ថ្ងៃច​ន្ទ​និយាយថា ប្រទេស​កូរ៉េ​ខាងជើង​បាន​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​ប្រភេទ​បាលី​ស្ទិក​របស់​ខ្លួន​រយៈពេល​ពេញ​មួយឆ្នាំ​២០២០ ដែល​នេះ​ជា​ការរំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ​។ មិន​តែប៉ុណ្ណោះ​ប្រភព​ឲ្យការណ៍​សម្ងាត់​អាមេរិក​ចោទថា បណ្ដាញសង្គមងងឹតរបស់កូរ៉េ​ខាងជើង​បាន​ធ្វើកា​រ​លួច​(Hack)​​ថវិកា​ប្រមាណ ៣០០​លាន​ដុល្លារ​តាមរយៈ​បណ្ដាញ​អ៊ី​ន​ធឺ​ណែ​ត​។​

​ទាក់ទង​នឹង​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដដែល បើ​តាម​រដ្ឋ​លេខាធិការសហរដ្ឋអាមេរិក​លោក​Antony Blinken ដែល​បាន​ពិភាក្សា​អំពីបញ្ហា​កូរ៉េខាងជើង​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កុម្ភៈ​ដោយលោក​និយាយថា ការដាក់ទណ្ឌកម្ម​បន្ថែម​អាច​ត្រូវបាន​ប្រើ​ក្នុង​ការសម្របសម្រួល​ជាមួយ​សម្ព័ន្ធមិត្ត ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​លុបបំបាត់​ចោល​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​

​គួររម្លឹកថា កាលពី​ខែ​មករា​លោក​គីម ជុង​អ៊ុន ប្រធានាធិបតី​កូរ៉េ​ខាងជើង​បាន​ហៅ​អាមេរិក​ថា ជា​គូសត្រូវ​ធំ​បំផុត​របស់​ខ្លួន និង​បង្ហើប​ថា​កូរ៉េ​ខាងជើង​បាន​សម្រេច​លើ​ការបង្កើត​នុយក្លេអ៊ែ​របាញ់​ចេញ​ពី​ក្រោម​សមុទ្រ​រួច​រាល់​ហើយ​។ ដោយឡែក​សម្រាប់​លោកចូ បាយ​ដិន នៅ​មុនពេល​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​លោក​ធ្លាប់បាន​និយាយថា ទោះបីជា​រូបលោក​ជា​អ្នកឈ្នះ ឬ​លោក​ដូណាល់ ត្រាំ ជា​អ្នកឈ្នះ​ក្នុង​ការបោះឆ្នោត​ក្លាយជា​អ្នកដឹកនាំ​អាមេរិក គឺ​អាមេរិក​នៅ​តែ​ប្រកាន់​ជំហរ​ប្រឆាំង​ជាមួយ​កូរ៉េខាងជើង​ជានិច្ច​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត