យុទ្ធសាស្ត្រអាជីវកម្មដើម្បីជោគជ័យនៅក្នុងទីផ្សារប្រកួតប្រជែង

11-02-2021 4:05 pm 315

សៀវភៅយុទ្ធសាស្ត្រអាជីកម្ម មាន១២១ទំព័រ និង២១មេរៀន សៀវភៅមួយក្បាលនេះនិពន្ធឡើងដោយលោក Brian Tracy គឺជាអ្នកនិយាយជំរុញលើកទឹកចិត្តដ៏ជំនាញ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញទូទាំងពិភពលោក។ លោកបាននិពន្ធសៀវភៅច្រើនជាង៧០ក្បាល ដែលត្រូវបានបោះពុម្ព និងបកប្រែជាច្រើនភាសា និងដាក់លក់ទូទៅពិភពលោក។ យុទ្ធសាស្ត្រអាជីកម្ម គឺជាសៀវភៅដែលធ្វើការបង្ហាញពីផែនការធុរកិច្ចបែបថ្មី ជាមួយគំនិតឬចំណេះដឹង ដែលអ្នកអាចផ្លាស់ប្តូរឬធ្វើឱ្យធុរកិច្ចរបស់អ្នកកាន់តែប្រសើរឡើង មិនថាអ្នកមានក្រុមហ៊ុនដែលមានម្ចាស់ម្នាក់ ឬម្ចាស់ច្រើននាក់ក៏ដោយ នៅពេលដែលអ្នក និងមនុស្សជុំវិញអ្នកប្រតិបត្តគោលការណ៍នៃផែនការយុទ្ធសាស្ត្រអ្នកនឹងឃើញថា អ្នកអាចសម្រេចជោគជ័យកាន់តែច្រើន នៅក្នុងរយៈពេលដ៏ខ្លីជាងអង្គភាព ឬក្រុមហ៊ុនដែលពុំមានគំនិត ចំណេះដឹង ព្រមទាំងយុទ្ធសាស្ត្រអាជីវកម្ម។

តាមរយៈការគិត និងការធ្វើសកម្មភាពប្រកបដោយយុទ្ធសាស្ត្រអ្នកនឹងបង្កើនប្រាក់ចំណូលរបស់ខ្លួន និងកម្រិតនៃការពេញចិត្តដែលអ្នកទទួលបានពីក្រុមហ៊ុននិងអាជីពរបស់ខ្លួន។ គុណភាពនិងភាពឆ្លាតវៃខាងទីផ្សាររបស់ខ្លួននៅគ្រប់ស្ថានភាព ។ យុទ្ធសាស្ត្រនៃការដឹកនាំអាជីវកម្មឱ្យជោគជ័យមិនដូចគ្នានោះទេ ដោយសារគំនិតរបស់អ្នកដឹកនាំក្រុមហ៊ុន ឬអាជីវកម្មនីមួយៗខុសប្លែកគ្នាដែរ។ អ្នកដឹកនាំម្នាក់ យល់ ឬគិតថាគំនិតនេះ ឬយុទ្ធសាស្ត្រមួយនេះល្អ ស៊ីគ្នាជាមួយនឹងក្រុមហ៊ុន ឬអាជីវកម្មរបស់គាត់ក្នុងស្ថានការណ៍ជាក់ស្តែងមួយនេះ។ ប៉ុន្តែសម្រាប់គំនិតដដែលនេះ មេដឹកនាំក្រុមហ៊ុន ឬអាជីវកម្មផ្សេងទៀត អាចយល់ថាមិនល្អ ឬមិនស៊ីនឹងស្ថានការណ៍ជាក់ស្តែងនៃអាជីវកម្មរបស់គាត់នោះទេ។

ដើម្បីទទួលបានជោគជ័យនៅក្នុងធុរកិច្ច អ្នកត្រូវធ្វើជាអ្នកសកម្មនិយមអ្នកត្រូវបន្តវាយប្រហារ អ្នកត្រូវបន្តអនុវត្តផែនការ វាយលុកជាបន្តបន្ទាប់ដើម្បីទទួលបានជោគជ័យអ្នកត្រូវតែបន្តឆ្ពោះទៅមុខជានិច្ច ជាមួយនឹងផលិតផលថ្មី សេវាកម្មថ្មី ប្រតិបត្តិការថ្មី និងមធ្យោបាយថ្មីក្នុងការធ្វើធុរកិច្ច។ ក្នុងទំព័រទី១៩ អ្នកនិពន្ធបានលើកឡើងថា គូប្រកួតប្រជែងរបស់អ្នកកំពុងតែស្វែងរកមើល និងត្រៀមខ្លួនចូលមកកន្លែងទំនេររបស់អ្នកឱ្យបានឆាប់បំផុតតាមដែលពួកគេអាចធ្វើបាន។អ្នកត្រូវតែដណ្តើមយកមូលដ្ឋានឱ្យបានធំ នៅក្នុងទីផ្សាររបស់អ្នក ហើយបន្ទាប់មកគ្រប់គ្រងវាឱ្យបានដោយកុំបន្ធូរដៃឱ្យសោះ។នៅពេលអ្នកទទួលបានប្រយោជន៍ ពីទីផ្សារមួយជាមួយផលិតផលសេវាកម្មឬទិចនិកទីផ្សាដ៏ល្អ ទីបំផុតអ្នកនឹងទទួលបានប្រយោជន៍ពីវាបានយ៉ាងច្រើន។

អ្នកត្រូវដឹងថា គូប្រកួតប្រជែងរបស់អ្នកអាចនឹងចម្លងតាមអ្នកបានយ៉ាងឆាប់បំផុតនៅថ្ងៃនេះ ជាងកាលពីមុនឬនឹងធ្វើអ្វីមួយដើម្បីដណ្តើមយកប្រយោជន៍របស់អ្នក។អ្នកមិនត្រូវស្ទាក់ស្ទើរនោះទេ អ្នកត្រូវព្យាយាមធ្វើឱ្យរីកចម្រើនទៅមុខ និងទទួលបានប្រយោជន៍ពីទីផ្សារឱ្យបានច្រើនបំផុតតាមដែលអ្នកអាចធ្វើបានក្នុងខណៈពេលដែលអ្នកអាច។

ក្នុងទំព័រទី២១ មេរៀនទី៣ លោក Brian Tracy លើកឡើង៤ចំណុចត្រូវគិត ក្នុងការធ្វើផែនការយុទ្ធសាស្ត្រអាជីវកម្ម ដែលត្រូវរៀបចំសម្រាប់ធុរកិច្ច៖ ១-ដើម្បីបង្កើនប្រាក់ចំណូលពីដើមទុនរបស់អ្នក Return on Equity វាគឺដើម្បីរកលុយបានកាន់តែច្រើន ពីដើមទុន ឬចំនួនលុយដែលបានវិនិយោគនៅក្នុងធុរកិច្ច។ គោលដៅចម្បងនៃយុទ្ធសាស្ត្រគឺដើម្បីបង្កើនចំនួននៃលុយដែលអ្នកកំពុងរកបានពីធនធានដែលអ្នកនិងអ្នកឯទៀតបានវិនិយោគនៅក្នុងធុរកិច្ច។ ២-ដើម្បីសាងគោលជំហរក្រុមហ៊ុនរបស់អ្នកឡើងវិញ អ្នកអាចនឹងឃើញថាក្រុមហ៊ុននិងផលិតផលឬសេវាកម្មរបស់ខ្លួន ស្ថិតនៅក្រោមការវាយប្រហារពីគូប្រកួតប្រជែងរបស់អ្នក។ ៣-ដើម្បីបង្កើនចំណុចខ្លាំងនិងឱកាសរបស់ខ្លួន បានជាអតិបរមា ចូរមើលទៅលើអ្វីដែលអ្នកធ្វើបានល្អបំផុតនិងអ្វីដែលជាឱកាសល្អបំផុតរបស់អ្នកនៅលើទីផ្សារ ហើយបន្ទាប់មកប្រញាប់ទាញយកប្រយោជន៍ពីវាឱ្យបានឆាប់បំផុត។ ៤-ដើម្បីធ្វើជាមូលដ្ឋានសម្រាប់សកម្មភាពនិងការសម្រេចចិត្តនៅពេលនេះ គោលបំណងចម្បងនៃយុទ្ធសាស្ត្រគឺធ្វើផែនការនិងការត្រៀមខ្លួន សម្រាប់សកម្មភាពដែលខុសពីអ្វីដែលបានធ្វើក្នុងពេលមិនទាន់មានវត្តមាននៃយុទ្ធសាស្ត្រថ្មី។ ផែនការយុទ្ធសាស្ត្រពុំមែនជាសកម្មភាពអសកម្មភាពឡើយ។ ផែនការយុទ្ធសាស្ត្រគឺជាដំណើរការនៃការគិត ឱ្យបានល្អិតល្អន់ពីជំហានសកម្មភាព ដែលអ្នកនឹងត្រូវធ្វើ ដើម្បីបានសម្រេចនូវគោលដៅនិងគោលបំណងរបស់ខ្លួនជាដុំកំភួន។

អ្វីដែលកាន់តែពិសេសទៅទៀតនោះម្ចាស់អាជីវកម្មត្រូវស្គាល់ពីគោលជំហររបស់ខ្លួននៅក្នុងទីផ្សារ ស្គាល់ពីចំណុចខ្លាំងចំណុចខ្សោយ ថាតើក្រុមហ៊ុនរបស់អ្នកធ្វើបានល្អដែរឬទេ ? ភាពងាយរងគ្រោះជាអ្វី? តើគូរប្រជែងខ្លាំងបំផុតរបស់អ្នកជាអ្នកណា ?អ្នកស្ថិតក្នុងចំណាត់ថ្នាក់ណា បើប្រៀបធៀបជាមួយដៃគូរប្រកួតប្រជែងរបស់អ្នក ?

ក្នុងទំព័រទី៥៦ អតីតកាលម្ចាស់អាជីវកម្មជ្រើសរើសផលិតផល បន្ទាប់មកទើបស្វែងរកអតិថិជន ប៉ុន្តែភាគច្រើននៅពេលសព្វថ្ងៃនេះ ក្រុមហ៊ុនកំពុងកំណត់ពីអតិថិជនគោលដៅនិងតម្រូវការពិតប្រាកដរបស់អតិថិជន ហើយបន្ទាប់មកងាកមកឬត្រឡប់មកផលិតទំនិញ ឬសេវាកម្មដោយផ្អែកទៅលើអ្វីដែលអតិថិជនចង់បាន។ មួយវិញទៀត គន្លឹះជោគជ័យដ៏សំខាន់បំផុតនៅក្នុងការបង្កើតទីផ្សារថ្មី គឺសួរអតិថិជនរបស់អ្នកថា តើគាត់ជួបបញ្ហាអ្វី ប្រសិនបើអ្នកសួរពីផលិតផល ពួកគេនឹងភ្ជាប់បញ្ហារួចអ្នកអាចរកភាពសំខាន់ភ្ជាប់ជាមួយផលិតផល និងសេវាកម្មរបស់អ្នក ។

នៅក្នុងសៀវភៅ យុទ្ធសាស្ត្រអាជីវកម្មមួយក្បាលនេះ អ្នកនិពន្ធបានស្រង់យកតែយុទ្ធសាស្ត្រជោគជ័យរបស់ម្ចាស់អាជីវកម្មជាច្រើនបញ្ចូលគ្នា ដោយអ្នកអានអាចយកគន្លឹះ ព្រមទាំងវិធីសាស្ត្រទាំងនោះមកដកពិសោធន៍នៅក្នុងអាជីវកម្មរបស់លោកអ្នកបាន ដែលគំនិតទាំងអស់សុទ្ធសឹងតែជាប្រយោជន៍ធ្វើឱ្យអាជីវកម្មរបស់លោកអ្នកទទួលបានជោគជ័យ៕ដោយ៖ភិន សុភី 

ព័ត៌មានផ្សេងទៀត