ដំណើរការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លើកដំបូង​ពុំ​មាន​នរណា​ម្នាក់​មាន​បញ្ហា​សុខភាព​ទេ​

10-02-2021 12:51 pm 295

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​ថ្លែង​បញ្ជាក់ថា ក្នុង​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​ជា​លើកដំបូង​បំផុត​ក្នុង​ប្រទេស​កម្ពុជា គឺ​មិន​មាន​ថ្នាក់ដឹកនាំ​ឬ​មន្ត្រី​ណា​ម្នាក់​មាន​បញ្ហា​សុខភាព ខណៈ​កំពុង​ទទួល​ការចាក់​វ៉ាក់សាំង​នោះឡើយ​។ លោក​រដ្ឋមន្ត្រី​សុខាភិបាល​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​ជូន​ដល់​ថ្នាក់ដឹកនាំ​មួយចំនួន និង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​ជាមួយ​គ្នា​លោក​ម៉ម ប៊ុនហេង បាន​លើកឡើង​ថា ដោយសារ​តែ​ចំនួន​វ៉ាក់សាំង​នៅមានកម្រិត ដូច្នេះ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ពុំ​ទាន់​អាច​ទទួលបាន​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​កូវី​ដ​-១៩​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​អះអាងថា នៅពេលដែល​មាន​វ៉ាក់សាំង​មកដល់​កម្ពុជា​បន្ថែម​ទៀត នោះ​ជំហាន​បន្ទាប់ៗ​កម្ពុជា​នឹង​អនុវត្ត​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​ឲ្យបាន​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​។​

សំឡេង​លោក​ម៉ម ប៊ុនហេង​៖ 

​សូមបញ្ជាក់​ថា ការទទួល​វ៉ាក់សាំង​កូវី​ដ​-១៩​ដែល​ជា​វ៉ាក់សាំង​របស់​ប្រទេស​ចិន​ឈ្មោះថា សី​ណូ​ហ្វាម (Sinopharm) ក្នុង​ការចាក់​ជូន​ថ្នាក់​ដឹកនាំ​កម្ពុជា​ជា​លើកដំបូង​នេះ ធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត​នៅ​តាម​ទីតាំង​ចំនួន​៤ រួមមាន ទី​១.​មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​។ ទី​២.​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​។ ទី​៣.​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត និង​ទី​៤.​មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​អ្នកសារព័ត៌មាន​។​

​យ៉ាងណា នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ថ្នាក់ដឹកនាំ​ស្ថាប័ន​ចំណុះឲ្យ​ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ រហូតដល់​អាយុ​លើសពី​៥៩​ឆ្នាំ ក៏​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ នៅ​មន្ទីរពេទ្យ​កេតុ​មាលា​។​

​គួរ​ជម្រាប​ដែរ​ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​របស់​ចិន​ផ្ដល់​ឲ្យ​កម្ពុជា​នេះ​មាន​ចំនួន ៦​សែន​ដូស បាន​បញ្ជូន​មក​ដល់​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​។ តួ​យ៉ាង​ក្រោយ​ពេល​មកដល់​កម្ពុជា វ៉ាក់សាំង​នេះ ត្រូវបាន​ប្រគល់ជូន​ក្រសួង​ការពារជាតិ​ចំនួន ៣​សែន​ដូស និង​ប្រគល់ជូន​ក្រសួង​សុខាភិបាល​ចាត់ចែង​ចំនួន ៣​សែន​ដូស​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត