គោលការណ៍​អាស៊ាន​​ពិតជា​​រារាំង​​ស្ថាប័ន​នេះ​​មិនឲ្យ​ចូល​​អន្ដរាគម​ន៍​​នៅ​មី​យ៉ាន់​ម៉ា​?

09-02-2021 6:12 pm 598

​បើ​យោងទៅតាម​គោលការណ៍​របស់​អាស៊ាន ប្រាកដ​ណាស់​ថា​អាស៊ាន​ពិតជា​មិនអាច​លូកដៃ​ចូល​ជ្រៀតជ្រែក​ជួយ​មី​យ៉ាន់​ម៉ា​បានទេ​នៅពេលនេះ​។ មិនអាច​លូកដៃ​ជួយ​អន្ដរាគមន៍ ដោយហេតុថា​អាស៊ាន​ត្រូវមាន​ការ​ឯកច្ឆន្ទ​រវាង​រដ្ឋ​ជា​សមាជិក​១០​ប្រទេស​ជាមុនសិន​មុន​ធ្វើ​អ្វីមួយ ប៉ុន្ដែ​បច្ចុប្បន្ន​មាន​កម្ពុជា​និង​ថៃ​បានចាត់ទុក​នេះ​ជា​បញ្ហា​ផ្ទៃក្នុង​ប្រទេស ដែល​ទាមទារ​ឲ្យមាន​ការដោះស្រាយ​ដោយ​មី​យ៉ាន់​ម៉ា​ខ្លួនឯង​។ ដូច្នេះ​សបញ្ជាក់​ឲ្យឃើញថា កម្ពុជា​និង​ថៃ​មិន​គាំទ្រ​ឲ្យមាន​ការជ្រៀតជ្រែ​ក​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា​ឡើយ​។ បើ​បែបនេះ អាស៊ាន​អាចធ្វើ​អ្វី​បាន​ទៀត​ចំពោះ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​?

​មុន​និយាយថា​តើ​អាស៊ាន​អាច​ធ្វើបាន​ត្រឹម​អ្វីខ្លះ ដើម្បី​ជួយ​សម្រួល​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា យើង​ចាប់អារម្មណ៍​បន្ដិច​សិន​ពី​គោលបំណង​និង​គោលការណ៍​គ្រឹះ​របស់​អាស៊ាន​។ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ចំនួន​៥​មាន​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ប្រទេស​ថៃ នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ក្រោយមកទៀត​ក៏មាន​សមាជិក​ចូលរួម​ជា​បន្ដបន្ទាប់​ដូចជា​ប្រ៊ុយណេ វៀតណាម ឡាវ មី​យា់ន់​ម៉ា និង​កម្ពុជា សរុប​ទៅបាន​១០​ប្រទេស​ដល់​សព្វថ្ងៃ​។​

​គោលបំណង​នៃ​ការបង្កើត​សមាគម​អាស៊ាន​ឡើង គឺ​ដើម្បី​បង្កើនល្បឿន​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​ការអភិវឌ្ឍ​វប្បធម៌​នៅក្នុង​តំបន់​។ លើកកម្ពស់​សន្ដិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់ ជំរុញ​កិច្ចសហប្រតិបត្ដិការ​និង​ការឧបត្ថម្ភ​ជួយ​គ្នា​ទៅវិញទៅមក​ដោយ​មិន​រំពឹង​ផលប្រយោជន៍​តប​ស្នង​។ ផ្ដល់ជំនួយ​ដល់​គ្នា​ទៅវិញទៅមក​ក្នុង​ទម្រង់​ជា​ការបណ្ដុះបណ្ដាល​និង​ការស្រាវជ្រាវ កិច្ចសហប្រតិបត្ដិការ​ដើម្បី​ធ្វើឲ្យមាន​ភាពល្អប្រសើ​រខាង​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន លើកកម្ពស់​ការសិក្សា​នៅ​អាស៊ីអាគ្នេយ៍ រក្សា​មិត្ដភាព​ដើម្បី​ប្រយោជន៍​កិច្ចសហប្រតិបត្ដិកា​រ​ជាមួយ​អង្គការ​អន្ដរជាតិ​ដែលមាន​គោលបំណង​ដូចគ្នា​ឬ​ស្រដៀង​គ្នា​។​

​អំពី​គោលការណ៍​អាស៊ាន រដ្ឋ​ជា​សមាជិក​ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​ជា​មូលដ្ឋាន​ដែល​មានចែង​ក្នុង​សេចក្ដីថ្លែងការណ៍ កិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា កិច្ច​ស្រុះស្រួល និង​លិខិត​តូប​ក​រណ៍​ដទៃទៀត​របស់​អាស៊ាន​។ អាស៊ាន​និង​រដ្ឋ​សមាជិក​ត្រូវ​អនុវត្ដឲ្យ​ស្រប​តាមគោ​ល​ការណ៍​ដូចជា​៖ គោរព​ឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាព​ទឹកដី និង​អត្ដ​សញ្ញាណ​ជាតិ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​។ ត្រូវ​ចូលរួម​ការប្ដេជ្ញាចិត្ដនិង​ការទ​ទួលខុសត្រូវរួ​ម​គ្នា ក្នុង​ការលើកកម្ពស់​សន្ដិភាព​សន្ដិសុខ និង​វិបុលភាព​ក្នុង​តំបន់ បដិសេធ​នូវ​អំពើ​ឈ្លានពាន​និង​ការគំរាមកំហែង ឬ​ការប្រើប្រាស់​កម្លាំង​ឬ​សកម្មភាព​ទាំងឡាយណា​ក្នុង​លក្ខណៈ​ដែល​មិន​សមស្រប​តាមច្បាប់​អន្ដរជាតិ​។ 

​ក្រៅពីនេះ​ត្រូវប្រកាន់យក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​សមាជិក​អាស៊ាន គោរព​សិទ្ធិ​របស់​រដ្ឋ​សមាជិក​នីមួយៗ​ក្នុង​ការដឹកនាំ​អត្ថិភាព​ជាតិ​របស់ខ្លួន ដោយ​ពុំមាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ ការធ្វើ​វិទ្ធង្សនា និង​ការបង្ខិតបង្ខំ លើកកម្ពស់​ការពិគ្រោះ​យោបល់​លើ​បញ្ហា​ធ្ងន់ធ្ងរ​ទាំងឡាយ ដែលមាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួម​របស់​អាស៊ាន​។ ប្រកាន់ខ្ជាប់​នូវ​នីតិរដ្ឋ អភិបាលកិច្ច​ល្អ គោលការណ៍​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​អាស្រ័យ​រដ្ឋធម្មនុញ្ញ គោរព​សេរី​ភាពជា​មូលដ្ឋាន លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស និង​លើកកម្ពស់​យុត្ដិធម៌​សង្គម​។ 

​បន្ថែម​លើ​នេះ​ត្រូវ​លើកតម្កើង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​និង​ច្បាប់​អន្ដរជាតិ រួមទាំង​ច្បាប់​មនុស្សធម៌​អន្ដរជាតិ​នានា ដែល​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​បាន​យល់ព្រម មិន​ចូលរួម​ក្នុង​គោលនយោបាយ ឬ​សកម្មភាព​ណាមួយ​ដែល​រួមមាន​ការដាក់ឲ្យ​ប្រើប្រាស់​នូវ​ទឹកដី​របស់ខ្លួន​ឲ្យ​រដ្ឋ​ជា​សមាជិក​អាស៊ាន ឬ​រដ្ឋ​មិនមែនជា​សមាជិក​អាស៊ាន ឬ​ឲ្យ​តួអង្គ​ដទៃទៀត​ដែល​ពុំមែន​ជា​រដ្ឋ គំរាមកំហែង​ដល់​អធិបតេយ្យភាព បូរណភាព​ទឹកដី ឬ​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​។ គោរព​វប្បធម៌​ផ្សេងៗ​គ្នា ភាសា និង​សាសនា​របស់​ប្រជាជន​អាស៊ាន ដោយ​សង្កត់ធ្ងន់​ទៅលើ​តម្លៃ​រួម ក្នុង​ស្មារតី​ឯកភាព​ក្នុង​ពហុភាព ត្រូវ​អនុវត្ដឲ្យ​ស្របតាម​ភាពជា​ស្នូល​របស់​អាស៊ាន ក្នុង​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ក្រៅ​តំបន់ ដោយ​រក្សា​ការចូលរួម​ដ៏​សកម្ម ការ​សម្លឹងមើល​ឆ្ពោះទៅ​ខាងក្រៅ ភាព​រួមបញ្ចូល​គ្នា និង​ភាពមិន​រើសអើង និង​ប្រកាន់ខ្ជាប់​នូវ​វិធាន​ពាណិជ្ជកម្ម​ពហុភាគី និង​របប​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​របស់​អាស៊ាន ដើម្បី​អនុវត្ដ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​សេដ្ឋកិច្ច និង​កាត់បន្ថយ​ជា​វិជ្ជមាន​ឆ្ពោះទៅ​លុបបំបាត់​ទាំងស្រុង សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​និង​សេដ្ឋកិច្ច​ទីផ្សារ​។​

​ការបញ្ជាក់​ជា​ហូរហែ​ពី​គោលបំណង​និង​គោលការណ៍​របស់​អាស៊ាន​ដូច្នេះ ដើម្បី​ទាញ​មក​ពន្យល់ថា​តើ​ក្នុងករណី​ដូច​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នៅពេលនេះ អាស៊ាន​អាចធ្វើ​អ្វី​បាន​ខ្លះ​។​

​និយាយ​ពី​ស្ថានការណ៍​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​០១​កុម្ភៈ យោធា​មី​យ៉ាន់​ម៉ា​បាន​ចាប់ខ្លួន​មេដឹកនាំ និង​មន្ដ្រីជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ជាច្រើនរូប ក្នុងនោះ​មាន​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ផងដែរ​។ ភ្លាមៗ​បន្ទាប់ពី​ចាប់ឃុំខ្លួន​មេដឹកនាំ​និង​មន្ដ្រីជាន់ខ្ពស់ យោធា​ក៏​ប្រកាស​ចូល​ក្ដោប​ក្ដាប់​អំណាច​និង​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​មួយឆ្នាំ​។ យោធា​បញ្ជាក់ថា​នេះ​គឺជា​ការឆ្លើយតប​ចំពោះ​ការបោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ ហើយ​ពុំមាន​ដំណោះស្រាយ និង​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​សន្យា​នឹងមាន​ការបោះឆ្នោត​ឡើងវិញ​ប៉ុន្ដែ​មិន​បានបញ្ជាក់​កាលបរិច្ឆេទ​ទេ​។​

​ប៉ុន្ដែ​សម្រាប់​អន្ដរជាតិ​មើលឃើញ​ក្នុងន័យ​ផ្សេង ចាត់ទុកជា​រដ្ឋប្រហារ​ក្នុង​ចេតនា​ប៉ុនប៉ង​ចូល​កាន់អំណាច​ជាថ្មី​របស់​យោធា​។ មេដឹកនាំ​ជាច្រើនរូប​ក្នុង​ពិភពលោក​នាំគ្នា​រិះគន់​និង​ថ្កោលទោស​ទៅលើ​រដ្ឋប្រហារ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​វិល​ទៅរក​ការចរចា និង​ត្រូវ​ធានា​ពី​ប្រជាធិបតេយ្យ​ដែល​ទើប​ដុះ​ឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ 

​និយាយ​ពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ដែល​មី​យ៉ាន់​ម៉ា​ជា​សមាជិក​ដែរនោះ ក៏បាន​ឆ្លើយតប​ទៅនឹង​វិបត្ដិ​ដែល​កំពុង​កើតឡើង​នេះដែរ ប៉ុន្ដែ​ត្រូវបាន​គេ​មើលឃើញថា​ជា​ការឆ្លើយតប​មាន​កម្រិត​។ បន្ទាប់ពី​រដ្ឋប្រហារ​មាន​ការឆ្លើយតប​ផ្សេងៗ​គ្នា​ពី​រដ្ឋ​ជា​សមាជិក​អាស៊ាន ដែល​ហាក់ដូចជា​មាន​ការបែងចែក​។ ម្ខាង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដូចជា​កម្ពុជា​និង​ថៃ បានចាត់ទុក​នេះ​ជា​បញ្ហា​ផ្ទៃក្នុង​ប្រទេស ដែល​ទាមទារ​ឲ្យមាន​ការដោះស្រាយ​ដោយ​ប្រជាជនមី​យ៉ាន់​ម៉ា​ខ្លួនឯង​។ ម្ខាង​ទៀត​មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី បន្ទាប់មក​មាន​ហ្វីលីពីន បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​ជំរុញឲ្យមាន​ការអត់​ធ្ម​ត់​និង​ត្រូវ​ដោះស្រាយ​រឿងនេះ​ដោយ​សន្ដិវិធី​។​

​អ្វីដែល​ជា​ការចាប់អារម្មណ៍ គឺ​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​ខ្លួន​លោក​ផ្ទាល់​ធ្លាប់ជា​អ្នកដឹកនាំ​រដ្ឋប្រហារ​នា​ឆ្នាំ​២០១៤​ក្នុងប្រទេស​ថៃ បែរជា​អ្នក​និយាយថា​ជា​រឿង​សំខាន់​ដែល​អាស៊ាន​ត្រូវមាន​ជំហរ​រួម​លើ​ករណីនេះ​។ រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​មិនទាន់​រំលង​បានយូរ​ប៉ុន្មាន​ទេ​ដែល​អាស៊ាន​ក៏​ត្រូវបាន​គេ​រិះគន់​ដូចគ្នា ជុំវិញ​បរាជ័យ​ក្នុង​ការជួយ​ដោះស្រាយ​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា ដែល​អន្ដរជាតិ​អះអាងថា​ជា​ការព្យាយាម​បោសសម្អាត​ជនជាតិភាគតិច និង​ជា​ការប្រព្រឹត្ដ​អំពើ​ប្រល័​យ​ពូជសាសន៍​របស់​យោធា​មី​យ៉ាន់​ម៉ា​។​

​ការឆ្លើយតប​របស់​អា​ស៊ាន​ទៅលើ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​ពេលនេះ ហាក់ដូចជា​រាំងស្ទះ​ដោយសារ​ប្រទេស​សមាជិក​នីមួយៗ​ប្រកាន់​ជំហរ​ខុសៗ​គ្នា ស្របពេល​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​ប្រកាន់​គោលជំហរ​តឹងរ៉ឹង​ជាង​មុន​។ ក្រុម​ប្រទេស​នៅក្នុង​តំបន់​មាន​ការផ្លាស់ប្ដូរ​តិចតួច អំពី​របៀប​ដែល​ប្រទេស​មី​យ៉ាន់​ម៉ា​ដោះស្រាយ​ស្ថានការណ៍ ហើយ​ថែមទាំង​មិន​បង្ខំ​ឲ្យ​ប្រទេស​នេះ​រៀបចំ​ទៅរក​សណ្ដាប់ធ្នាប់​វិញ​នោះទេ​។ 

​ព្រុយ​ណេក្នុងនាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២១ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​អំពាវនាវ​ឲ្យមាន​ការចរចា​បង្រួបបង្រួ​មនិង​ស្នើឲ្យ​មី​យ៉ាន់​ម៉ាត្រ​ឡប់​ទៅរក​ភាព​ធម្មតា ដោយ​លើកឡើង​ពី​គោលការណ៍​ប្រជាធិបតេយ្យ​របស់​រដ្ឋធម្មនុញ្ញ​អាស៊ាន​។ ធម្មនុញ្ញ​អាស៊ាន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​របស់ខ្លួន ប្រកាន់ខ្ជាប់​នូវ​នីតិរដ្ឋ អភិបាលកិច្ច​ល្អ គោលការណ៍​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​ស្របច្បាប់​។​

​រដ្ឋធម្មនុញ្ញ​អាស៊ាន​ត្រូវបាន​មើលឃើញថា បង្កើតឡើង​ក្នុង​បំណង​លើកកម្ពស់​តម្លៃ​និង​គោលការណ៍​ដែល​បាន​រៀបរាប់​ខាងលើ ប៉ុន្ដែ​ការបង្កើត ការ​អនុវត្ដ និង​ការ​អភិ​រក្សា​គោលការណ៍​ទាំងនេះ គឺ​ស្ថិតនៅក្នុង​ដៃ​នៃ​រដ្ឋ​ជា​សមាជិក​។ ទោះបីជា​អាស៊ាន​បង្កើត​រដ្ឋធម្មនុញ្ញ​នេះ​ឡើង ដែល​ហាក់ដូចជា​ទូលំទូលាយ​សម្រាប់​អ្នកជំនាញ​លោកខាងលិច​រំពឹងទុក ប៉ុន្ដែ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ក៏មាន​ផ្លូវ​សម្រាប់​ខ្លួនឯង​ជ្រើសរើស ដើម្បី​ឆ្លើយតប​នឹង​វិបត្ដិ​ដូច​នៅ​មី​យ៉ាន់​ម៉ា​ដែរ​។ 

​និយាយ​ពី​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​ពេលនេះ ទោះបី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ​មិន​ពេញចិត្ដ ប៉ុន្ដែ​អ្វីដែល​រដ្ឋ​នី​មួយៗ​ត្រូវធ្វើ​ក៏​មិនត្រូវ​រំលោភ​លើ​គោលការណ៍​ជាច្រើន​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​ឡើយ ពិសេស​គឺ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា និង​ការគោរព​អធិបតេយ្យភាព បូរណភាព​ទឹកដី​គ្នា​ទៅវិញទៅមក​។ រឹតតែ​មិនអាច​គឺ​ការលើក​កងទ័ព​ទៅ​ជួយ​អន្ដរាគមន៍​នៅ​មី​យ៉ាន់​ម៉ា​។ ការសម្រេចចិត្ដ​ណាមួយ​ក្នុង​ក្របខណ្ឌ​អាស៊ាន ក៏ត្រូវ​ឈរលើ​គោលការណ៍​ស្រុះស្រួល​គ្នា​ជា​ឯកច្ឆ័ន​ពី​សមាជិក​ទាំង​១០ នោះ​ទើប​អាច​អន្ដរាគមន៍​ឬ​ចាត់វិធានការ​នៅ​មី​យ៉ាន់​ម៉ា​បាន​។​

​អ៊ីចឹង​ទេ​បើ​និយាយ​ដល់​ថា​អាស៊ាន​អាចធ្វើ​អ្វី​បាន​នៅពេលនេះ​សម្រាប់​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា គឺ​គ្មានអ្វី​ក្រៅពី​ការស្នើសុំ​ឬ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ វិល​ទៅ​ចរចា​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្ដិវិធី​តាម​គោលការណ៍​ដែល​ចែង​នោះទេ​។ រដ្ឋ​ជា​សមាជិក​ឃើញច្បាស់​នឹង​ភ្នែក​រហូត​ខ្លះ​បាន​ព្រួយបារម្ភ​ខ្លាំង​ពី​បញ្ហា​នេះ ដែល​តួយ៉ាង​ដូច​បញ្ជាក់​ឈ្មោះ​ខាងលើ​មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី ហ្វីលីពីន ប៉ុន្ដែ​មិន​អាចជួយ​អ្វី​បាន​លើសពីនេះ​ទេ ហើយ​ជាក់ស្ដែង​រហូតដល់​បច្ចុប្បន្ន​ក៏​មិនទាន់មាន​រដ្ឋ​ជា​សមាជិក​អាស៊ាន​ណាមួយ​ចេញ​មុខ​គួរឲ្យកត់សម្គាល់​ដែរ​។​

​យ៉ាងណាមិញ​សម្រាប់​អ្នកវិភាគ​និង​អ្នកជំនាញ​មួយចំនួន បានចង្អុលបង្ហាញ​ពី​គំរូ​នៃ​ការសម្រេចចិត្ដ​ជាឯក​ច្ឆ​ន្ទ​របស់​អាស៊ាន និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ជា​ការរារាំង​ដល់​ការសម្រេច​ចិត្ដនិងស​កម្ម​ភាពរួមគ្នា​របស់​អង្គ​ការ​មួយ​នេះ​។ អ្នកជំនាញ​បញ្ចេញ​ទស្សនៈ​ផងដែ​រថា កង្វះ​យន្ដការ​ដាក់ទណ្ឌកម្ម​បង្ហាញឲ្យឃើញថា​អាស៊ាន​អសមត្ថភាព ក្នុង​ការធ្វើឲ្យ​រដ្ឋជា​សមាជិក​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ ដែល​មិនបាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​របស់​អាស៊ាន និង​ធ្វើឲ្យ​ពួកគេ​ទាំងនោះ​រំលោភបំពាន​សិទ្ធិមនុស្ស​។ អ៊ីចឹង​តាមរយៈ​ការឆ្លើយតប​នឹង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា អាច​យល់បាន​កាន់តែច្បាស់​ពី​សមត្ថភាព​របស់​អាស៊ាន​ហាក់​នៅ​ទាប​។​

​លោក​Bilahari Kausikan អតីតមន្ដ្រី​ទូត​ជាន់ខ្ពស់​សិង្ហ​បុរី​បាន​កត់សម្គាល់ថា សមាជិកភាព​នៅក្នុង​អាស៊ាន​មិនគួរ​ត្រូវ​បាន​ផ្ដល់ឲ្យ​ទេ ប៉ុន្ដែ​គួរ​ដកហូត​វិញ​ប្រសិនបើ​នៅពេល​រដ្ឋ​ជា​សមាជិក​មាន​ឥរិយាបថ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួម​របស់​អាស៊ាន​។ លោក​Mathew Davies​អ្នកជំនាញ​អូស្ដ្រាលី​ផ្នែក​កិច្ចការ​អាស៊ាន ធ្លាប់បាន​លើកឡើង​នៅក្នុង​អត្ថបទ​មួយ​ចេញផ្សាយ​ក្នុង​ឆ្នាំ​២០១២​ថា ភាព​គ្មាន​ប្រសិទ្ធភាព​របស់​អាស៊ាន​ក្នុង​ការរស់នៅ​តាម​ការ​ប្ដេជ្ញាចិត្ដ វា​មិន​អាស្រ័យទៅលើ​ស្ថាប័ន​ឬក៏​បទដ្ឋាន​អ្វី​នោះទេ​។ ផ្ទុយទៅវិញ​តាម​ទស្សនៈ​លោក​Davies យុទ្ធសាស្ដ្រ​នយោបាយ​របស់​អាស៊ាន​បាន​រងគ្រោះ​ពី​ការជាប់គាំង ពីព្រោះ​អាស៊ាន​និង​រដ្ឋ​ជា​សមាជិក​នៅតែ​មានការ​ព្រួយបារម្ភ​បន្ថែម​ជាមួយនឹង​ការបង្កើត​ជំហរ​ឯកភាព​ប្រឆាំងនឹង​សម្ពាធ​ខាងក្រៅ ជាជាង​ការបង្កើត​គោលនយោបាយ​តែមួយ​ឆ្ពោះទៅ​មី​យ៉ាន់​ម៉ា​។ ការលើកឡើង​ស្របពេល​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អំពាវនាវ​ឲ្យ​អាស៊ាន​មាន​គោលជំហរ​រួម​លើ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​ដូច្នេះ តើ​រដ្ឋ​សមាជិក​អាស៊ាន​នឹង​ងាក​ទៅ​ប្រឆាំង​ពិភពលោក​ខាងក្រៅ​ក្នុង​ការការពារ​រដ្ឋាភិបាល​ថ្មីថ្មោង​ទើប​បង្កើតឡើង​នៅ​មី​យ៉ាន់​ម៉ា ឬក៏​រួមគ្នា​ដាក់​សម្ពាធ​មី​យ៉ាន់​ម៉ា​ក្នុងទិសដៅ​វិជ្ជមាន​? ជម្រើស​ទាំងអស់​គឺជារ​បស់​អាស៊ាន​។​

​មេដឹកនាំ​រដ្ឋប្រហារ​មី​យ៉ាន់​ម៉ា​លោក​Min Aung Hlaing ប្រាកដ​ណាស់​ថា​លោក​គ្មាន​ចេតនា​បង្វែរ​វឌ្ឍនភាព​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​ទេ ប៉ុន្ដែ​មី​យ៉ាន់​ម៉ា​ទំនងជា​រង​ការវាយប្រហារ​ពី​ការដាក់ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​លោកខាងលិច ដែល​កំពុង​រិះគន់​របប​យោធា​មី​យ៉ាន់​ម៉ា​មិន​សំចៃ​មាត់ ហើយ​ខណៈពេល​នេះ​យោធា​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​បង្ក្រាប​ក្រុម​តវ៉ា ចង់​ឬ​មិន​ចង់​នឹងមាន​ការដាក់បន្ទុក​លើ​បញ្ហា​សិទ្ធិមនុស្ស​ទៀត​។ ការណ៍​នេះ​ផ្ដល់ឲ្យ​អាស៊ាន​នូវ​ការបើកចំហ​ដើម្បី​បន្ដ​យន្ដការ​អនុវត្ដ​យូរអង្វែង​របស់ខ្លួន នៃ​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​អន្ដរកម្ម​ជាមួយមី​យ៉ាន់​ម៉ា និង​ធ្វើឲ្យ​វា​ឆ្ពោះទៅរ​កការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។ 

​លោក​Jürgen Rüland ជា​អ្នកសិក្សា​កិច្ចការ​អាស៊ីអាគ្នេយ៍​បានលើកឡើង​ថ្មីៗ​នេះ អាស៊ាន​មាន​គោលបំណង​ក៏​សាង​មុខមាត់​របស់ខ្លួន​ជា​អន្ដរជាតិ ក្នុងនាម​ជា​ពលរដ្ឋ​ដ៏​ល្អ​របស់​ពិភពលោក​។ អាស៊ាន​មិន​បានធ្វើ​អ្វីដែល​ល្អប្រសើរ​នោះទេ​ចំពោះ​វិបត្ដិ​ក្រុម​មូស្លីម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា តែ​សង្ឃឹមថា​លើក​នេះ​អាស៊ាន​នឹងធ្វើ​បានល្អ​ជាង​មុន​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត