បេសកជន​UN​ធ្វើដំណើរ​ទៅ​អ៊ីរ៉ង់​លើកដំបូង​ដើម្បី​ពិភាក្សា​ពី​វិបត្តិ​យេមែន​

07-02-2021 4:22 pm 196

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ឲ្យដឹង​នៅ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២១​ថា បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN)​សម្រាប់​ប្រទេស​យេមែន​លោក​Martin Griffiths បាន​ធ្វើដំណើរ​មកដល់​ប្រទេស​អ៊ីរ៉ង់ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ ហើយ​ចន្លោះ​ពេលនេះ​លោក​នឹង​ជួប​មន្ត្រី​អ៊ីរ៉ង់​មួយចំនួន​ផងដែរ​។ ការិយាល័យ​របស់លោក​Griffiths ឲ្យដឹងថា​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ការទូត ដើម្បី​គាំទ្រ​ដំណោះស្រាយ​នយោបាយ​ដែល​បាន​ចរចារ​ចំពោះ​ជម្លោះ​នៅ​យេមែន​។ សេចក្តីប្រកាស​ព័ត៌មាន​បានឲ្យដឹងថា អាទិភាព​ដំបូង​របស់លោក​Griffiths គឺ​គាំទ្រ​កិច្ចព្រមព្រៀង​រវាង​ភាគី​ដែល​កំពុង​ធ្វើសង្គ្រាម ស្តីពី បទ​ឈប់​បាញ់ វិធានការ​មនុស្សធម៌​បន្ទាន់​និង​ការចាប់ផ្តើម​ដំណើរការ​នយោបាយ​ឡើងវិញ​។​

​លោក​Griffiths​កំពុងតែ​ព្យាយាម​ប្រមូល​ការគាំទ្រ​ផ្នែក​ការទូត​ក្នុង​តំបន់​និង​អន្តរជាតិ​បន្ថែមទៀត ដើម្បី​បិទ​បញ្ចប់សង្គ្រាម​យេមែន​។ ការឈាន​ជើង​ជាន់​លើ​ទឹកដី​អ៊ីរ៉ង់​ជា​លើកដំបូង​ដោយ​បេសកជន​ពិសេស​រូបនេះ កើតឡើង​ភ្លាមៗ​ក្រោយ​ប្រធានាធិបតី​អាមេរិក​លោកចូ បាយដិន​នៅ​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២១ បានប្រកាស​បញ្ឈប់​ការគាំទ្រ​ចំពោះ​យុទ្ធនាការ​យោធា​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីតនៅ​យេមែន ក្នុង​បំណង​ស្វែងរក​ការផ្សះផ្សារ បិទ​បញ្ចប់​សង្គ្រាមស៊ីវិល​រយៈ​ពេល​ជាង​៦​ឆ្នាំ​នៅ​ក្នុងប្រទេស​យេមែន​។ លោក​បាយដិ​នក៏​បានតែងតាំង​អ្នកការទូត​ជើង​ចាស់មួយ​រូប គឺ​លោក​Timothy Lenderkingជា​បេសកជន​ពិសេស​របស់​សហរដ្ឋអាមេរិក សម្រាប់​ប្រទេស​យេមែន ក្នុង​គោលបំណង​បង្កើន​ការទូត​អាមេរិក ដើម្បី​បញ្ចប់សង្គ្រាម​នៅ​យេមែន​។​

​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​រូបនេះ បាន​និយាយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច ទៅកាន់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា «​សង្គ្រាម​នេះ​ត្រូវតែ​បញ្ចប់ ហើយ​ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​យើង យើង​នឹង​បញ្ចប់​រាល់​ការគាំទ្រ​របស់​អាមេរិក សម្រាប់​ប្រតិបត្តិការ​វាយលុក​នៅក្នុង​សង្គ្រាម​នៅ​យេមែន រួមទាំង​ការកាត់បន្ថយ​ការលក់​អាវុធ​ផងដែរ​»​។ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក ក៏​កំពុង​ពិនិត្យឡើងវិញ​នូវ​ការ​ចាត់បញ្ចូល​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ទៅជា​អង្គការ​ភេរ​វករ​បរទេស​ដោយ​រដ្ឋបាល​របស់លោក​ត្រាំ​កាលពី​ខែ​មុន​ផងដែរ​។​

​ជំហរ​ដ៏​រឹងប៉ឹង​របស់លោក​បាយ​ដិន ចំពោះ​សន្តិភាព​យេមែន​យ៉ាង​ដូច្នេះ ទទួលបាន​ការស្វាគមន៍​ពី អា​រ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​។ នៅ​ថ្ងៃ​សៅរ៍​អ៊ីរ៉ង់​បាន​ស្វាគមន៍ ចំពោះ​ចំណាត់ការ​របស់​ប្រធានាធិបតី​ចូ បាយ​ដិន នៅក្នុង​ការបញ្ឈប់​ការគាំទ្រ​របស់​ក្រុង​វ៉ាស៊ីនតោន ចំពោះ​ប្រតិបត្តិការ​វាយលុក​នៅក្នុង​យុទ្ធនាការ​យោធា ដែល​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីតនៅ​យេមែន ដែលជា​ជំហាន​ឆ្ពោះទៅ​ការកែ​កំហុស​អតីតកាល​។ 

​សង្គ្រាម​រវាង​ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល​យេមែន ​​បានចាប់ផ្តើម​នៅពេល​ក្រុម​ឧទ្ទាម វាយលុក​ប្រទេស​យេមែន​ក្នុង​ចុងឆ្នាំ​២០១៤ ហើយ​កាន់កាប់​បាន​ទីក្រុង​និង​តំបន់​មួយចំនួន​របស់​ប្រទេស រហូត​បង្ខំ​ឲ្យ​ប្រធានាធិបតី​យេ​មែន​និរទេស​ខ្លួន​ទៅ​ជ្រកកោន​នៅ​ក្រៅប្រទេស​។ ប្រធានាធិបតី​យេមែន​លោក Abdrabbuh Mansur Hadi ​ក៏​បានស្នើ​អន្តរជាតិ​ឲ្យជួយ​រំដោះ​ប្រទេស​យេមែន​ពី​កណ្តាប់ដៃ​ក្រុម​ឧទ្ទាម​។ ឆ្លើយតប​តាម​សំណើរ​របស់​ប្រធានាធិបតី​យេមែន សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត បានធ្វើ​អន្តរាគមន៍​យោធា​នៅ​ក្នុងប្រទេស​យេមែន​ក្នុង​ឆ្នាំ​២០១៥ ដោយបាន​គាំទ្រ​កងកម្លាំង​រដ្ឋាភិបាល​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​

​សង្គ្រាម​បង្ហូរឈាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បានធ្វើឲ្យ​សេដ្ឋកិច្ច រូបិយប័ណ្ណ​បាន​ដួលរលំ ប្រជាជន​ស៊ីវិល​ជាច្រើន​នាក់​បាន​ស្លាប់ ហើយ​ប្រទេស​បាន​រងទុក្ខវេទនា​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត នៅពេល​មានការ​រាតត្បាត​ដោយ​ជំងឺ​កូវី​ដ​-១៩​។ ក្រៅពីនេះ បានធ្វើឲ្យ​ប្រទេស​យេមែន​ធ្លាក់​ចូលក្នុង​វបត្តិ​មនុស្សធ​ម៌ដ៏ធំ​បំផុត​ក្នុងពិភពលោក​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  យេមែន សង្រ្គាមស៊ីវិល

ព័ត៌មានផ្សេងទៀត