ជី​វប្រ​វត្ដិ​ស្ដ្រី​ទីមួយ​​អាមេរិក​​លោកស្រី​​Jill Biden

07-02-2021 10:44 am 555
​ស្ដ្រី​ទីមួយ​អាមេរិក​លោកស្រី​Jill Biden

​ស្ដ្រី​ទីមួយ​អាមេរិក​លោកស្រី​Jill Biden ដែលជា​ភរិយា​លោក​ប្រធានាធិបតី​Joe Biden ជា​មនុស្ស​ដែល​ស្រឡាញ់​ការងារ​ជា​គ្រូបង្រៀន​យ៉ាងខ្លាំង មិន​ថា​ខ្លួន​មាន​ឋានៈ​ខ្ពង់ខ្ពស់​យ៉ាងណាក៏ដោយ​។ ផ្ដើមចេញពី​អាជីព​ដំបូង​ជា​គ្រូបង្រៀន​តាំងពី​មិនទាន់​រៀបការ​ជាមួយ​លោក​Joe Biden លោកស្រី​ចាត់ទុក​ការងារ​នេះ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​លោកស្រី​ដើម្បី​ជួយផ្ដល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស ពិសេស​សិស្ស​និស្សិត​នៅតាម​សហគមន៍​។ លោកស្រី​ក៏​ជា​ស្ដ្រី​ម្នាក់​ដែលមាន​តំណែង​ជា​ស្ដ្រី​ទីពីរ​អាមេរិកផង​និង​ស្ដ្រី​ទីមួយ​អាមេរិក​ផង​។ 

​លោកស្រី​Jill Biden​មានឈ្មោះ​ដើម​ថា​Jill Tracy Jacobs​កើត​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​១៩៥១ នៅក្នុង​ទីក្រុង​Hammonton រដ្ឋ​New Jersey សហរដ្ឋអាមេរិក​។ ក្នុង​វ័យ​កុមារភាព​លោកស្រី​រស់នៅក្នុង​តំបន់​Hatboro រដ្ឋ​Pennsylvania សហរដ្ឋអាមេរិក​។ លោកស្រី​គឺជា​កូនស្រី​ច្បង​ក្នុងចំណោម​បងប្អូន​ស្រី​៥​នាក់​។ ឪពុក​លោកស្រី​ឈ្មោះ​Donald Carl Jacobs ជា​បុគ្គលិក​ផ្នែក​ផ្ដល់ព័ត៌មាន​ក្នុង​ធនាគារ និង​ជា​មន្ដ្រី​កងទ័ពជើងទឹក​អាមេរិក​ក្នុងសម័យ​សង្គ្រាមលោកលើកទី​២​។ ម្ដាយ​លោកស្រី​មានឈ្មោះ​Bonny Jean​ជា​មេផ្ទះ​។​

​ទាក់ទង​នឹង​ការសិក្សា លោកស្រី​បាន​ចូលរៀន​នៅ​វិទ្យាល័យ​Upper Moreland ស្ថិតក្នុង​រដ្ឋ​Pennsylvania​។ កាលនោះ​Jacobs​ជា​សិស្ស​ម្នាក់​ដែល​ឧស្សាហ៍​រៀនសូត្រ និង​ស្រឡាញ់​ការសិក្សា​ផ្នែក​ភាសា​អង់គ្លេស​។ Jacobs​បានបញ្ចប់​ថ្នាក​វិទ្យាល័យ​នៅ​ឆ្នាំ​១៩៦៩​។ ក្រោយ​ចប់​វិទ្យាល័យ​Jacobs​បាន​បន្ដ​ចូលរៀន​ថ្នាក់​មហាវិទ្យាល័យ​ស្ថិតក្នុង​រដ្ឋ​Pennsylvania​ដដែល​បាន​មួយ​ឆមាស ដោយ​ចង់​រៀន​ជំនាញ​ផ្សព្វផ្សាយ​និង​ផ្នែក​លក់ ប៉ុន្ដែ​ក្រោយមក​ក៏​ផ្លាស់ប្ដូរ​មុខជំនាញ​ដោយ​គិតថា​មិនល្អ​សម្រាប់​ខ្លួនឯង​។ 

Jacobs​បាន​ប្ដូរ​ទៅ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​រដ្ឋ​Delaware​វិញ ក្នុង​មហាវិទ្យាល័យ​សិល្បៈ​និង​វិទ្យាសាស្ដ្រ ចាប់យក​មុខជំនាញ​ភាសា​អង់គ្លេស​ដែល​ស្រឡាញ់​តាំងពី​រៀន​ថ្នាក់​វិទ្យាល័យ​។ ប៉ុន្ដែ​និស្សិត​Jacobs​បាន​សម្រាក​រៀន​នៅ​សាកលវិទ្យាល័យ​មួយឆ្នាំ ទៅធ្វើ​ការងារ​មួយចំនួន​សម្រាប់​ទីភ្នាក់ងារ​ក្នុង​ទីក្រុង​Wilmington​រដ្ឋ​Delaware​។ ក្រោយ​សម្រាក​Jacobs​បាន​ចូល​បន្ដ​ការសិក្សា​វិញ និង​បានបញ្ចប​បរិញ្ញាបត្រ​អង់គ្លេស​ពី​សាកលវិទ្យាល័យ​Delaware​ក្នុង​ឆ្នាំ​១៩៧៥​។ 

​និស្សិត​Jacobs​ចាប់ផ្ដើម​ការងារ​ជា​គ្រូ​ជំនួស​នៅ​សាលា​ក្នុង​ក្រុង​Wilmington ក្រោយមក​បាន​ចូល​បង្រៀន​ភាសា​អង់គ្លេស​ពេញ​ម៉ោង​នៅ​ថ្នាក់​វិទ្យាល័យ​។ លោកស្រី​Jacobs​បន្ដការងារ​ជា​គ្រូបង្រៀន និង​រៀន​បន្ថែម​យក​ថ្នាក់អនុបណ្ឌិត​។ លោកស្រី​បញ្ចប់​ថ្នាក់អនុបណ្ឌិត​អប់រំ​ពី​មហាវិទ្យាល័យ​West Chester State​នៅ​ឆ្នាំ​១៩៨១ ហើយ​បន្ដ​សិក្សា​ថ្នាក់បណ្ឌិត​ថែមទៀត ចប់​បណ្ឌិត​នៅ​ឆ្នាំ​២០០៧​ក្នុង​វ័យ​៥៥​ឆ្នាំ ពី​សាកលវិទ្យាល័យ​Delaware​។​

​ងាក​មក​និយាយ​បន្ដិច​ពី​អាពាហ៍ពិពាហ៍​របស់លោក​ស្រី​Jill Tracy Jacobs​។ រៀបការ​ដំបូង​ក្នុង​ឆ្នាំ​១៩៧០​ជាមួយ​លោក​Bill Stevenson ជា​អតីត​កីឡាករ​បាល់ទាត់​នៅ​មហាវិទ្យាល័យ​។ ក្រោយមក​លោកស្រី​បាន​ជួប​លោក​Joe Biden​នៅ​ខែ​មីនាឆ្នាំ​១៩៧៥​។ កាលនោះ​ទោះបីជា​លោក​Joe Biden​អាយុ​បង​លោកស្រី​Jacobs​ជិត​៩​ឆ្នាំ ប៉ុន្ដែ​លោកស្រី​មាន​អារម្មណ៍​ថា​លោក​Biden​ខុសប្លែក​ពី​បុរស​ដែល​បាន​ជួប​នៅ​មហាវិទ្យាល័យ​។

ក្រោយ​ជួបគ្នា​លើកដំបូង​Jacobs​ប្រាប់​ទៅ​ម្ដាយ​ថា ខ្លួន​បាន​ជួប​សុភាពបុរស​ពិត​ហើយ​។ ខណៈពេល​នោះ​លោកស្រី​បាននិងកំពុង​លែងលះ​ជាមួយ​ស្វាមី​មុន​លោក​Stevenson​។ ការ​លែងលះ​របស់​អ្នក​ទាំងពីរ​មានរឿង​ក្ដីក្ដាំ​រហូតដល់​តុលាការ ហើយ​តុលាការ​បញ្ចប់​រឿងក្ដី​ដោយ​លោកស្រី​មិន​ទទួលបាន​ចំណែក​ទ្រព្យសម្បត្ដិ​ពាក់កណ្ដាល នៃ​ការ​បើកហាង​ផឹកស៊ី​មួយ​ឈ្មោះ​Stone Balloon​ជាមួយ​លោក​Stevenson​ទេ​។ លិខិត​លែងលះ​ផ្លូវការ​ត្រូវបាន​ផ្ដល់ឲ្យ​នៅ​ខែឧសភា​ឆ្នាំ​១៩៧៥​។​

​ការ​លែងលះ​ជាមួយ​ស្វាមី​មុន​ចប់សព្វគ្រប់​ជា​ផ្លូវការ លោកស្រី​Jacobs​បាន​រៀបការ​ជាមួយ​លោក​Biden​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​១៩៧៧​។ លោក​Biden​បាន​ស្នើសុំ​លោកស្រី​Jacobs​រៀបការ​ជា​ច្រើនដង​ទម្រាំ​លោកស្រី​ព្រម ព្រោះ​លោកស្រី​នៅ​បារម្ភ​ពី​ខ្លួនឯង​ផង ពី​ការងារ​ផង ហើយ​ត្រូវ​ចិញ្ចឹម​កូនប្រុស​លោក​Biden​ដល់​ទៅ​ពីរ​នាក់​ទៀត ក្រោយពេល​ភរិយា​មុន​និង​កូនស្រី​ម្នាក់​របស់លោក​Biden បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​។ លោក​Biden​និង​លោកស្រី​Jacobs​មាន​កូនស្រី​ម្នាក់​ឈ្មោះ​Ashley Blazer Biden​កើត​ក្នុង​ឆ្នាំ​១៩៨១​។ 

​ទាក់ទង​នឹង​ការងារ​ជា​គ្រូបង្រៀន អាច​និយាយបានថា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​លោកស្រី​Jacobs គឺ​លោកស្រី​នៅ​បន្ដ​បង្រៀន​ដដែល​ទោះបី​រៀបការ​ជាមួយ​លោក​Biden  មាន​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ក្ដី​។ លោកស្រី​សុខចិត្ដ​ឆ្លៀតពេល​ជួយ​ធ្វើ​ការងារ​ស្វាមី ប៉ុន្ដែ​មិន​បោះបង់ចោល​អាជីព​ជា​គ្រូបង្រៀន​ដាច់ខាត​។ លោកស្រី​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាច្រើន​ជាមួយ​ស្វាមី និង​ចាំ​លើក​ទឹកចិត្ដ​ស្វាមី​ជា​ដរាប​ផងដែរ​។​

​បន្ទាប់ពី​លោក​Joe Biden​ត្រូវបាន​ជ្រើសរើស​និង​ស្បថ​ចូល​កាន់តំណែង​អនុ​ប្រធានាធិបតី​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០០៩ ជាមួយ​លោក​Barack Obama​ជា​ប្រធានាធិបតី លោកស្រី​Jacobs​ក៏​ក្លាយជា​ស្ដ្រី​ទីពីរ​សហរដ្ឋអាមេរិ​ក​។ ដល់​ការបោះឆ្នោត​អាណត្ដិ​ថ្មី​ឆ្នាំ​២០១២ លោក​Obama​បន្ដ​ជាប់ឆ្នោត​អាណត្ដិទី លោក​Biden​ក៏​នៅ​បន្ដ​តំណែង​អនុ​ប្រធានាធិបតី ដូច្នេះ​លោកស្រី​Jacobs​ក៏​នៅ​ជា​ស្ដ្រី​ទីពីរ​អាមេរិក​ដដែល​។ ទាំង​អាណត្ដិទី​មួយនិង​ទីពីរ​ទោះបី​ក្លាយជា​ស្ដ្រី​ទីពីរ​អាមេរិក លោកស្រី​នៅតែ​មិន​ចោល​កិច្ចការ​ជា​គ្រូបង្រៀន​។​

​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០ លោកស្រី​Jacobs​ត្រូវបាន​គេ​ចាត់ទុកជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​របស់លោក​Biden ដែល​ជួយ​លោក​ក្នុង​ការសម្រេចចិត្ដ​លើ​កិច្ច​ការនានា ហើយ​លោកស្រី​ក៏​រំភើបចិត្ដ​ជាខ្លាំង​ដែល​លោក​Biden​បាន​ជាប់​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ត្រៀម​ចូល​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក ព្រោះនេះ​ក៏​ជា​បំណង​លោកស្រី​ជា​យូរណាស់​មកហើយ​។ ទស្សនាវដ្ដី​អាមេរិក​Town and Country បានប្រកាសថា​លោកស្រី​Jacobs​ជា​ទ្រព្យសម្បត្ដិ​នយោបាយ​ដ៏​អស្ចារ្យ​បំផុត​របស់លោក​Joe Biden​។ 

​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ទោះបី​លទ្ធផល​ចម្រូងចម្រាស​បន្ដិច​ជាមួយ​លោក​Donald Trump ប៉ុន្ដែ​លោក​Biden​បាន​ក្លាយជា​ប្រធានាធិបតី​ស្របច្បាប់​ទី​៤៦​របស់​អាមេរិក ហើយ​លោកស្រី​Jacobs​ឬ​Jill Biden​ក៏​ក្លាយជា​ស្ដ្រី​ទីមួយ​អាមេរិក​វិញ​ម្ដង​។ លោកស្រី​គឺជា​មនុស្ស​ទីមួយ​បន្ទាប់ពី​លោកស្រី​Barbara Bush មាន​តំណែង​ជា​ស្ដ្រី​ទី​ពីរផង​និង​ទីមួយ​ផង​របស់​អាមេរិក និង​មនុស្ស​ទីមួយ​បន្ទាប់ពី​លោកស្រី​Pat Nixon​ដែលមាន​តួនាទី​នេះ​មិន​ជាប់​គ្នា​។ ក្រៅពីនេះ​ស្ថិតក្នុង​វ័យ​៦៩​ឆ្នាំ​លោកស្រី​Jill Biden​ជា​ស្ដ្រី​ទីមួយ​ចូល​កាត់​តំណែង​ក្នុង​វ័យ​ចំណាស់​ជាងគេ​។ 

​មាន​តំណែង​ជា​ស្ដ្រី​ទីមួយ​អាមេរិក លោកស្រី​Jill Biden​នៅតែ​មិន​បំភ្លេច​ពី​ការងារ​ជា​គ្រូបង្រៀន​ទៀត​។ លោកស្រី​បានប្រកាសថា​នឹង​នៅតែ​បន្ដ​បង្រៀន​នៅ​មហាវិទ្យាល័យ​សហគមន៍​Northern Virginia ជា​កន្លែង​លោកស្រី​ធ្លាប់​បង្រៀន​ពេញ​ម៉ោង​កាល​នៅ​តំណែង​ជា​ស្ដ្រី​ទីពីរ​អាមេរិក​។ លោកស្រី​គឺជា​ស្ដ្រី​ទីមួយ​អាមេរិក​តែ​ម្នាក់​គត់ ដែល​ត្រូវ​ថ្លឹងថ្លែង​រវាង​អាជីព​របស់ខ្លួន​ផង និង​តួនាទី​ជា​ស្ដ្រី​ទីមួយ​អាមេរិក​ផង​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត