លោក​Jeff Bezo​​នឹង​លាឈប់​​ពី​តំណែង​​នាយក​ប្រតិ​ប​ត្ដិ​​ក្រុមហ៊ុន​Amazon

03-02-2021 10:30 pm 738
រូបភាពលោកBezos

​ក្រុមហ៊ុន​លក់ទំនិញ​តាម​អ៊ី​ន​ធឺ​ណេត​និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​Amazon បាន​ប្រកាស​ថា​លោក​Jeff Bezo​ជា​ស្ថាបនិក​ក្រុមហ៊ុន​នឹង​លាឈប់​ពី​តំណែង​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​(CEO)​នៅ​ចុងឆ្នាំ​នេះ ហើយ​នឹង​ធ្វើ​ជា​ប្រធាន​ប្រតិ​ប​ត្ដិ​វិញ​។ លោក​Bezo​បាន​បញ្ជាក់​ដល់​បុគ្គលិក​ពី​ការលាឈប់​នេះ​កាលពី​ថ្ងៃ​អង្គារ តាមរយៈ​ការ​បង្ហោះ​នៅក្នុង​blog​របស់លោក​។ លោក​និយាយថា លោក​ចង់​ផ្ដោតទៅលើ​ផលិតផល​ថ្មី​និង​គំនិត​ផ្ដួចផ្ដើម​ដំបូង​របស់​ក្រុមហ៊ុន​Amazon​។ 

​លោក​ក៏​មាន​គម្រោង​ផ្ដោត​ទៅ​លើ​ក្រុមហ៊ុន​ធ្វើដំណើរ​អវកាស ក៏​ដូចជា​ការគ្រប់គ្រង​ទៅលើ​កាសែត​The Washington Post ដែល​លោក​បាន​ទិញ​កាលពី​៨​ឆ្នាំមុន​។ តំណែង​CEO​របស់​Bezos​នឹង​ជំនួស​ដោយ​លោក​Andy Jassy ដែល​បច្ចុប្បន្ន​ជា​នាយក​ប្រតិ​ប​ត្ដិ​ផ្នែក​សេវាកម្ម​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​Amazon(CEO of Amazon Web Services)​។​

​គួរ​ជម្រាបជូន​ថា លោក​Jeff Bezo​បាន​បង្កើត​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិច​Amazon​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ មាន​ទីតាំង​ចេញពី​យានដ្ឋាន​របស់លោក​ក្នុង​ទីក្រុង​Seattle​។ លោក​ជា​នាយក​ប្រតិ​ប​ត្ដិ​ដែល​កាន់កាប់​ភាគហ៊ុន​១១,១​ភាគរយ​។ បើ​គិត​ពី​ទ្រព្យសម្បត្ដិ​របស់​លោក​ត្រឹម​ខែ​មករា​ឆ្នាំ​២០២១ មាន​ចំនួន​១៨៥.៧​ពាន់​លាន​ដុល្លារ​អាមេរិក ជា​អ្នក​មាន​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក​បន្ទាប់ពី​លោក​Elon Musk៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ជីវិតលោក​JeffBezo

ព័ត៌មានផ្សេងទៀត