សាលាចតុមុខត្រូវជ្រើសរើសជាសាលាគំរូអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ

03-02-2021 12:40 pm 192

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្រកាសជាផ្លូវការជ្រើសយកសាលាបឋមសិក្សាចតុមុខ ជាសាលាគំរូក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ ដោយការជ្រើសរើសនេះគឺស្របតាមយុទ្ធសាស្ត្រទាំង៩ ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា។ 

លោករដ្ឋមន្ត្រីបានបន្ថែមថា នៅពេលដែលសាលានេះបានអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយហើយនោះ សាលាផ្សេងៗទៀតក៏អាចយកធ្វើជាគំរូនិងរៀនសូត្រតាមបាន បើទោះមិនបានពេញលេញ ក៏បានមួយចំនួនដើម្បីធ្វើយ៉ាងណាថែរក្សាសុខភាពសិស្សានុសិស្ស ជាពិសេសក្នុងបរិបទកូវីដ១៩។ លោករដ្ឋមន្ត្រីបានលើកឡើងថា សុខភាពអ្នកសិក្សាគឺជាកត្តាដ៏សំខាន់មួយដែលរួមចំណែកដល់ការធានាឲ្យបាននូវគុណភាព និងការកើនឡើងនៃអត្រាបញ្ចប់ការសិក្សា ហេតុដូចនេះហើយការលើកកម្ពស់សុខភាពសិក្សា មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាមូលដ្ឋានគ្រឺះដ៏រឹងមាំនិងមិនអាចខ្វះបាន។

សាលាគំរូសុខភាពសិក្សាគ្រប់ក្រុងជ្រោយ ត្រូវមានគណៈកម្មាការសុខភាពសិក្សាមួយដែលមានការចូលរួមពីមាតាបិតាសិស្ស អាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាពនិងគណៈគ្រប់គ្រងសាលាដោយមានបន្ទប់សុខភាពមួយសម្រាប់ឲ្យសិស្សពិនិត្យសុខភាព រួមមានវាស់កម្ពស់ ថ្លឹងទម្ងន់ ពិនិត្យសុខភាពសិស្ស មានសម្ភារសង្គ្រោះបឋមសម្រាប់ជួយសង្គ្រោះនៅពេលសិស្សមានបញ្ហាសុខភាពស្រាលជាដើម។

សូមបញ្ជាក់ថា សាលាចតុមុខបានអនុវត្តសកម្មភាពសិក្សាជ្រុងជ្រោយមុនគេ ដែលរួមមានការអភិវឌ្ឍ ក្របខណ្ឌច្បាប់និងយន្តការការលើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សានិងបុគ្គលិកអប់រំ ការលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ការលើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាពនិងមេត្រីភាព។ ក្រៅពីនេះមានការលើកកម្ពស់សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សា ការលើកកម្ពស់ការអប់រំសុខភាព ការលើកកម្ពស់ការអនុវត្តបំណិនសុខភាព និងការលើកកម្ពស់ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ។

សាលាបឋមសិក្សាចតុមុខគឺជាសាលារៀនដំបូងគេ ដែលបានបើកបវេសនកាលជាប្រវត្តិសាស្ត្រដើម្បីប្រមូលសិស្សានុសិស្សចូលរៀនវិញ ក្រោយថ្ងៃជ័យជ្នះ៧ មករា ១៩៧៩ ហើយបច្ចុប្បន្ន សាលាបឋមសិក្សាចតុមុខបានផ្តល់ការអប់រំដល់សិស្សានុសិស្សជាច្រើននាក់រួចមកហើយ៕

ដោយ៖ភិន សុភី

ព័ត៌មានផ្សេងទៀត