និស្សិត​២​រូប​បង្កើត​ឧបករណ៍​និយាយ​ស្វាគមន៍​ភ្ញៀវ​ដោយ​ស្វ័យប្រវត្តិ​

02-02-2021 8:02 pm 622

​ដើម្បី​សម្រួល​ក្នុងការ​ធ្វើ​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវ​ចេញ​ចូល​ភោជនីយដ្ឋាន ឬ​ហាង​ទំនើប​នានា​នោះ យុវជន​មួយ​ក្រុម​បាន​បង្កើត​ឧបករណ៍​ម្យ៉ាង​ដែល​អាច​និយាយ ស្វាគមន៍ និង​អរគុណ ជំនួស​ឲ្យ​បុគ្គលិក​បាន​។ ឧបករណ៍​នេះ នឹង​និយាយ​ពាក្យ​ថា សូម​ស្វាគមន៍ ចំពោះ​ការដើរ​ចូល​របស់​ភ្ញៀវ និង​ពាក្យ សូម​អរគុណ ចំពោះ​ការ​ចាក​ចេញ​មក​វិញ​។ ចង់ដឹង​ឧបករណ៍​នេះ​មាន​ភាព​ឆ្លាត​វៃ​យ៉ាងណា​នោះ​? សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា​ដូចតទៅ​៖ 

​នេះ​ជា​ឧបករណ៍​ស្វាគមន៍​ចំពោះ​ភ្ញៀវ ឬ​មនុស្ស​ដែល​មានឈ្មោះ Hello To You​។ វា​ចេះ​និយាយ​ដោយ​ស្វ័យប្រវត្តិ​នូវ​ពាក្យ​ថា “​ស្វាគមន៍​” និង​“​អរគុណ​” ចំពោះ​មនុស្ស​ដែល​បាន​ដើរ​ឆ្លងកាត់​ពី​មុខ​វា​។ Hello To You ត្រូវបាន​បង្កើតឡើង​ដោយ​និស្សិត​២​រូប សិក្សា​នៅ​ដេប៉ាតេ​ម៉ង់​ទូរគមនាគមន៍ និង​អេឡិចត្រូវនិក នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​យុវជន តឹក សំបូរ ជា​អ្នក​ច្នៃ​បង្កើត​ឧបករណ៍​Hello To You បានបញ្ជាក់​ថា ការបង្កើត​ឧបករណ៍​នេះ​ឡើង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការទទួល​បដិសណ្ឋារកិច្ច​ទៅកាន់​ភ្ញៀវ​ជំនួស​ឲ្យ​បុគ្គលិក​នៅ​តាម​ភោជនីយដ្ឋាន ឬ​ហាង​ផ្សេងៗ ដោយ​វា​និយាយ​នូវ​ពាក្យ “​សូម​ស្វាគមន៍​” ចំពោះ​ការដើរ​ចូល​របស់​ភ្ញៀវ និង​ពាក្យ “​សូម​អរគុណ​” ចំពោះ​ការដើរ​ចាកចេញ​ត្រឡប់មកវិញ​។​

​មុន​នឹង​ឈាន​ដល់​ការបង្កើត​ឧបករណ៍ Hello To You​នេះ យុវជន តឹក សំបូរ បានបញ្ជាក់​ថា ខ្លួន​បាន​ទទួល​គំនិត​យោបល់​ខ្លះៗ​ពី​អ្នក​នៅ​ជុំវិញខ្លួន រួម​នឹង​ការសង្កេតឃើញថា នៅ​តាម​ហាង​ទំនើប​មួយចំនួន គេ​មាន​ដាក់​ឧបករណ៍​បិទ​បើកទ្វារ​ដោយ​ស្វ័យប្រវត្តិ ដូច្នេះ​ប្រសិនបើ​មាន​សម្លេង​និយាយ​ស្វាគមន៍ និង​អរគុណ បន្ថែមទៀត​ដល់​អតិថិ​ជន នោះ​វា​កាន់តែ​ប្រសើរ​។ ហេតុដូច្នេះ​ហើយ​ទើប​យុវជន​រូប​នេះ រួម​នឹង​មិត្ត​រួម​ក្រុម​ម្នាក់ទៀត​សម្រេច​បង្កើត​ឧបករណ៍​នេះ​តែម្តង​។​

​ក្នុង​ការបង្កើត​ឧបករណ៍​Hello To You ត្រូវការ​រយៈពេល​ជាង​១​ខែ ដើម្បី​សិក្សា និង​ស្វែងយល់​ពី​មុខងារ​របស់​វា​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​យុវជន សុង គុណ​អេង អ្នក​ច្នៃ​បង្កើត​ឧបករណ៍​Hello To You​នេះ​។ យុវជន​រូបនេះ​បន្ត​ថា សម្រាប់​ថ្ងៃ​អនាគត​ឧបករណ៍​នេះ អាច​នឹង​មាន​ការបំពាក់​ឧបករណ៍​បន្ថែម និង​បញ្ចូល​មុខងារ​កាន់តែច្រើន​ផងដែរ ដើម្បី​ឲ្យ​វា​កាន់តែ​ទំនើប​។ ហើយ​ប្រសិន​ជា​ទទួល​បាន​ការចាប់​អារម្មណ៍ ការច្នៃ​បង្កើត​ឧបករណ៍​នេះ ដើម្បី​ដាក់​លក់​នៅលើ​ទីផ្សារ​ផង​ដែរ​។​

​គួរបញ្ជាក់​ថា ការច្នៃ​បង្កើត​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេងៗ ពី​សំណាក់​យុវជន​ខ្មែរ គឺជា​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ​ឲ្យ​កាន់តែ​មាន​ភាពជឿនលឿន​ទៅតាម​យុគសម័យ​ឌីជីថល​។ តែ​យ៉ាងណាមិញ យុវជន​ទាំង​២​រូប ដែលជា​អ្នក​ច្នៃ​បង្កើត​ឧបករណ៍​Hello To  You បាន​ស្នើសុំ​ឲ្យមាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា និង​សម្ភារៈ ដើម្បី​ជា​ការលើកទឹកចិត្ត​ក្នុង​ការច្នៃ​បង្កើត​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេងៗ ដែល​មាន​គ្រឿង​បំពាក់​ទំនើបៗ ព្រោះ​បច្ចុប្បន្ន​ពួកគេ​ជា​សិស្ស ពុំមាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ទិញ​ឧបករណ៍​ថ្លៃ ក្នុង​ការបង្កើត​ឧបករណ៍​បច្ចេកវិទ្យា​នោះទេ​៕ ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត