ទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា​ស្នើ​សាលាក្រុង​គាំទ្រ​ក្រុមហ៊ុន​កូរ៉េ​វិនិយោគ​លើ​សំរាម​

29-01-2021 3:04 pm 916

​លោក ផាក ហ៊ឹង​ខ្យង់ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​ជំរុញ និង​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​របស់​កូរ៉េ ដើម្បី​ឲ្យ​ក្រុមហ៊ុន​បាន​វិនិយោគ កែច្នៃ​សំរាម​ឲ្យទៅជា​អគ្គិសនី​ប្រេងកាត ឧស្ម័ន និង​ហ្គាស​ជាដើម​។​​ ការលើកឡើង​បែប​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​លោ​ក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា​នេះ​។​

​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​រូប​នេះ បាន​លើកឡើង​ថា ក្រុមហ៊ុន​វិយោគ​របស់​កូរ៉េ សុំ​ធ្វើ​ការវិនិយោគ ដោយ​កែច្នៃ​សំរាម​ទៅជា​អគ្គិសនី ប្រេងកាត ឧស្ម័ន និង​ហ្គាស ដោយ​ក្រុមហ៊ុន​បាន​ទំនាក់ទំនង និង​វិនិយោគ​លើ​ការងារ​នេះ​ប្រមាណ​១០​ឆ្នាំ​មកហើយ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​ផ្លែផ្កា​ជុំវិញ​ការវិនិយោគ​សំរាម​នូវឡើយ​ទេ​។​

​ជុំវិញ​បញ្ហា​នេះ លោក​អគ្គរដ្ឋទូត​ស្នើសុំ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គាំទ្រ និង​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​របស់​កូរ៉េ បាន​ធ្វើ​ការវិនិយោគ​លើ​ការកែច្នៃ​សំរាម​នេះ​។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​នេះ​ពិតជា​មាន​បទពិសោធន៍​ច្រើន ទៅលើ​ការកែច្នៃ​សំរាម ដោយ​ធ្វើ​ការដុត​កំដៅ​សំរាម​រហូតដល់​៤០០ អង្សារ​សេ និង​មិន​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន​នោះទេ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ គាំទ្រ​ជា​និច្ច​ចំពោះ​ការវិនិយោគ​កែច្នៃ​សំរាម របស់​ក្រុមហ៊ុន​កូរ៉េ ដែល​មាន​បំណង​ចង់​វិនិយោគ​សំរាម នៅ​រាជធានី​ភ្នំពេញ​នេះ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ក្រុមហ៊ុន​ត្រូវ​បញ្ចេញ​សមត្ថភាព ដើម្បី​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​បាន​មើលឃើញ​ពី សមត្ថភាព​របស់​ក្រុមហ៊ុន នោះ​ក្រុមហ៊ុន នឹង​បានទទួល​សិទ្ធិ​លើ​ការវិនិយោគ​ពី​រាជរដ្ឋាភិបាល​។ 

​គួរបញ្ជាក់​ថា បើ​តាម​គម្រោង​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ គ្រោង​នឹង​បង្កើត​ទីលាន​ចាក់សំរាម​ថ្មី និង​ធំ​មួយទៀត​នៅ​ក្នុង​ភូមិ​ទួល​ព្រិច ផ្លូវ​លេខ​៥១ ដែលមាន​ផ្ទៃ​ដី​រហូតដល់ ជាង​១០០​ហិកតា ដើម្បី​ចាក់​សំរាម​នៅ​ទីនោះ​។ ដូច្នេះ​ក្រោយពី​ក្រុមហ៊ុន​របស់​កូរ៉េ បាន​ធ្វើ​ការវិនិយោគ​ទៅលើ​សំរាម​នេះ​ហើយ នៅ​រាជធានី​ភ្នំពេញ មិន​ខ្វះ​សំរាម​ដើម្បី​កែច្នៃ​នោះទេ​។ លោក​អភិបាល​ថា សម្រាប់​រាជធានី​ភ្នំពេញ បើ​ប្រមូល​សំរាម​ឲ្យអស់​ក្នុង​មួយ​ថ្ងៃ​សំរាម មិនតិច​ជាង​៤​ពាន់​តោន​នោះទេ​៕

ព័ត៌មានផ្សេងទៀត