ឧស្សាហ៍ភើដឹងទេថាបណ្ដាលមកពីអ្វី?

27-01-2021 4:40 pm 759

ភើជាការបញ្ចេញខ្យល់តាមបំពង់អាហារ ហើយចាប់ផ្ដើមពីកមកដល់ក្រពះដែលមានចលនាធ្វើដំណើរឆ្លងកាត់បំពង់បញ្ជូនអាហារមកដល់ក្រពះ ហើយក្រពះបានធ្វើចលនាបញ្ចេញសារជាតិមួយ ដែលអាចសម្លាប់មេរោគឬធ្វើឲ្យអាហារទន់ល្អនៅពេលដែលអ្នកទទួលទានហើយទំពារមិនបានម៉ត់។ បន្ទាប់មក ក្រពះក៏ធ្វើសកម្មភាពកិនដោយបញ្ចេញនូវជាតិអាស៊ីតដើម្បីបញ្រ្ជាបអាហារទាំងនោះចូលទៅក្នុងខ្លួនដើម្បីចិញ្ចឹមសរីរាង្កកោសិកា ហើយចង្វាក់ជាតិអាស៊ីតដែលធ្វើចលនានេះហើយដែលបង្កឲ្យមានអាការៈភើ។

អាការៈដែលធ្វើឲ្យភើអាចកើតមានឡើងជាច្រើនមូលហេតុដូចជា៖ បណ្ដាលមកពីរលាកក្រពះដោយកើតឡើងដោយឯកឯងតែម្ដង ឬមកពីការដែលលោកអ្នកអត់ងងុយគេងមិនបានគ្រប់គ្រាន់បង្កឲ្យជាតិអាស៊ីតមិនដែលមានតួនាទីច្របាច់ចំណីអាហារធ្វើចលនាប៉ះទង្គិចនឹងក្រពះក៏បណ្ដាលឲ្យរលាកតែម្ដង។ យ៉ាងណាមិញកត្តានេះក៏បានជំរុញឲ្យខ្យល់ចេញមកខាងក្រៅមានជាតិជូរនឹងឧស្សាហ៍ភើទៀតផង។ នេះបើតាមគេហ័ទំព័រទស្សនាវដ្ដីសុខភាពយើង។

ភើក៏អាចបង្ករឡើងដោយការដកខ្យល់ចូលក្នុងពោះ។ មនុស្សម្នាក់ៗមានខ្យល់និងឧស្ម័នផ្សេងៗប្រហែល១ពែង នៅក្នុងក្រពះនិងពោះវៀនតូច ហើយរាងកាយបន្តទទួលយកខ្យល់និងឧស្ម័នបន្ថែមទៀតតាមរយៈមាត់ឬផលិតវាដោយខ្លួនឯង ដែលសរុបទាំងអស់ទៅមានចំណុះប្រហែល១០ ពែង។ ដូច្នេះហើយទើបខ្យល់និងឧស្ម័នដែលលើសចំនួន៩ពែង នោះស្វែងរកច្រកចេញ ហើយច្រកមួយក្នុងចំណោមច្រកទាំងអស់គឺការភើនេះឯង។ យ៉ាងណាយើងអាចកាត់បន្ថយវាបានដោយការហ្វឹកហាត់គ្រប់គ្រងចំនួនខ្យល់ដែលយើងបានលេបចូលដូចជា៖ចៀសវាងការទទួលទានភេសជ្ជៈមានជាតិកាបូណាត, ទទួលទានយឺតៗ និងទំពារអាហារឱ្យម៉ត់ល្អមុននឹងលេប, រាល់ពេលទំពារអាហារត្រូវតែបិទមាត់, ចៀសវាងការទទួលទានស្ករកៅស៊ូ, មិនត្រូវទទួលទានដោយប្រើបំពង់បឺត ឬទឹកនៅក្នុងកំប៉ុង ឬដប, ចៀសវាងទទួលទានអាហារណាដែលមានផ្ទុកជាតិខ្យល់ច្រើនដូចជាស្រាបៀរ, ការ៉េមជាដើម។

ភើគ្រាន់តែជាអាការៈមួយបង្ហាញពីរោគសញ្ញានៃជំងឺតែប៉ុណ្ណោះដូចជាជំងឺក្រពះ ក្រពះបិទមិនជិតឬក្រពះយារ និងរលាកក្រពះជាដើម។ ទោះជាយ៉ាងណាអាការៈភើអាចបង្កជាផលប៉ះពាល់ដូចជា៖ធ្វើឲ្យការទទួលទានអាហាររបស់អ្នកពុំបានរលូននឹងមិនសូវមានរសជាតិឆ្ងាញ់, ភើជាការបង្ហាញនូវរោគសញ្ញារបស់ជំងឺក្រពះស្រាលឬធ្ងន់។ ជាធម្មតាមនុស្សយើងច្រើនតែបរិភោគច្រើនពេកនិងលឿនពេក ដែលធ្វើឱ្យយើងភើ។ ប៉ុន្តែវាខុសគ្នាពីមនុស្សមួយចំនួនដែលភើមិនឈប់ឈរ។ ចំពោះអ្នកដែលភើមិនឈប់ឈរនោះ វិធីការពារអ្នកគួរតែបរិភោគអាហារដែលផលិតជាតិហ្គាសក្នុងប្រព័ន្ធរំលាយអាហារផ្នែកខាងលើតិច ដែលអាហារទាំងនោះរួមមានជាតិខ្លាញ់និងប្រេង ដូចជាប្រេងសាឡាដ និងប្រេងរុក្ខជាតិ។

យ៉ាងណាមិញ ដើម្បីព្យាបាលអាការៈភើនេះលោកអ្នកគួរទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាល និងទប់ទល់នូវអាការៈនេះ ក៏ដូចជាទប់ស្កាត់ជាតិអាស៊ីត និងទឹកក្រពះកុំឲ្យចេញច្រើន ។ ជាងនេះទៅទៀតលោកអ្នកដែលមានអាការៈភើជាញឹកញាប់ គួរតែប្រើរប្រាស់ថ្នាំដែលមានប្រយោជន៍ដល់ក្រពះ ព្រោះអាការៈនេះផ្ដើមចេញពីជំងឺក្រពះ។ បន្ថែមលើនេះ ដើម្បីកុំឲ្យមានអាការៈភើកើតឡើង ឬកើតឡើងសារជាថ្មីបាន លោកអ្នកគួរព្យាបាលជំងឺក្រពះឲ្យបានជាសះស្បើយឬប្រើប្រាស់ថ្នាំជាប្រចាំ ខណៈមានអាការៈភើនេះកើតឡើងម្ដងម្កាល។ គួរជៀសវាងចំណីអាហារណាដែលរឹងធ្វើឲ្យពិបាកដល់ការរំលាយអាហារនាំឲ្យមានជំងឺក្រពះ៕ 

 

ព័ត៌មានផ្សេងទៀត