លោកចូ បាយដិ​ន​គួរ​ដោះស្រាយ​​បញ្ហា​ប្រឈម​​នឹង​កូរ៉េខាងជើង​​យ៉ាងណា​?

26-01-2021 5:27 pm 712

ទទួលជោគជ័យ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​០៣​វិច្ឆិកា ហើយ​បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២០​មករា ប៉ុន្ដែ​ទន្ទឹមគ្នា​លោកចូ បាយដិន​ក៏ត្រូវ​ប្រឈម​បញ្ហា​ស្មុគស្មាញ​ធំៗ​មួយចំនួន​បង្កឡើង​ក្នុងពេល​លោក​ដូណាល់ ត្រាំ​កាន់តំណែង​៤​ឆ្នាំ​កន្លងមកនេះ​។ បញ្ហា​ស្មុគស្មាញ​ទាំងនោះ​ជាអាទិ៍​មាន​ការស្ដារ​មុខមាត់​អាមេរិក​ក្នុង​ឆាក​អន្ដរជាតិ​ឡើងវិញ ក្រោយ​ធ្លាក់​តម្លៃ​ដោយសារ​ការដឹកនាំ​រប​ស់លោក​ត្រាំ ការស្ដារ​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ដ​ឡើងវិញ​ដូចជា​នៅ​អឺរ៉ុបនិង​អាស៊ី និង​រឿង​ធំ​មួយទៀត​នោះ​គឺ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​កូរ៉េខាងជើង​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​។​

​អ្នកតាមដាន​ស្ថានការណ៍​ជាច្រើនរូប​បាន​បញ្ចេញ​ទស្សនៈ​ថា ជុំវិញ​វិបត្ដិ​កូរ៉េខាងជើង​លោកចូ បាយដិន​ត្រូវតែ​ពិនិត្យមើល​របៀ​ប​ក្នុង​ការដោះស្រាយ​ឡើយ​វិញ និង​ពិនិត្យមើល​ពី​ឥទ្ធិពល​ដែល​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​សម្ព័ន្ធមិត្ដ​នៅអាស៊ី តួយ៉ាង​មាន​ជប៉ុន កូរ៉េខាងត្បូង​។​

​លោក​ដូណាល់ ត្រាំ​បានជ្រើសរើស​យក​គោលនយោបាយ​មិនធម្មតា​ជាមួយ​កូរ៉េខាងជើង ដែល​ត្រូវបាន​កំណត់ដោយ​ការ​សង្កត់ធ្ងន់​ទៅលើ​ទំនាក់ទំនង​រវាង​មេដឹកនាំ​និង​មេដឹកនាំ ហើយ​ចាប់ផ្ដើម​អនុវត្ដ​តែម្នាក់ឯង​ដោយបាន​ប្រឹក្សា​តិចតួច​ប៉ុណ្ណោះ​ជាមួយ​ភាគី​ពាក់ព័ន្ធ​។ ស្របពេល​លទ្ធផល​នៃ​គោលនយោបាយ​របស់លោក​ដូណាល់ ត្រាំ បង្កើតឲ្យមាន​កិច្ច​ជំនួប​៣​ដង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ប៉ុន្ដែ​កិច្ច​ជំនួប​មិនបាន​ដឹកនាំ​ឈានទៅរក​ការដកចេញ​នូវ​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​គួរឲ្យកត់សម្គាល់​ណាមួ​យរបស់​កូរ៉េខាងជើង​ឡើយ​។ ផ្ទុយទៅវិញ​កិច្ចព្រមព្រៀង​ក្នុងជំនួប​លើកទីមួយ​នៅ​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០១៨​ត្រូវ​ជាប់គាំង មិនអាច​អនុវត្ដ​បន្ដ​ទៅមុខ​បាន​ដោយសារ​ខ្វែងគំនិត​លើ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​។​

​ហេតុដូច្នេះ​ហើយ​ទើប​លោកចូ បាយដិ​ននឹងត្រូវ​ប្រឈម​រឿង​បរាជ័យ​ការទូត​ជាមួយ​កូរ៉េខាងជើង និង​រឿង​ដែល​រដ្ឋ​មួយ​នេះ​នៅ​ប្ដេជ្ញា​បន្ដ​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់គេ​ដដែល​។ ដើម្បី​បង្កើត​ឱកាស​បន្ដដំណើរ​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង នៅពេល​អនាគត​លោក​បាយដិ​នគួរ​ស្វែងរ​កកិច្ចសហប្រតិបត្ដិកា​រដ៏ល្អប្រសើរ​ជាមួយ​សម្ព័ន្ធមិត្ដ​អាមេរិក មាន​កូរ៉េខាងត្បូង​និង​ប្រទេស​ជប៉ុន ជា​កិច្ចសហការ​ល្អ​ជាង​លោក​ត្រាំ​ធ្លាប់បាន​ធ្វើ​កន្លងមក​។ លោក​បាយដិ​នក៏ចាំ​បាច់​ត្រូវ​ស្វែងរ​កកិច្ចសហកា​រ​ពី​ប្រទេស​ចិន​ផងដែរ ដោយ​ឲ្យ​ចិនជា​អ្នក​ដើរតួនាទី​សំខាន់​មួយ​។​

​លោកចូ បាយដិន​ជា​មនុស្ស​ធ្លាប់​រិះគន់​លោក​ត្រាំ​ចំពោះ​ការរៀបចំ​កិច្ច​ជំនួប​ជាមួយ​លោក​គីម ទំនង​នឹងមិន​ដើរ​តាម​បែបបទ​ការទូត​លោក​ត្រាំ​នោះទេ​។ លោក​បាយដិន​បញ្ជាក់ថា​លោកនឹង​អាចជួប​លោកគី​មបាន ប្រសិនបើ​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​យល់ព្រម​ដកហូត​សមត្ថភាព​នុយក្លេអ៊ែរ​។​

ឥរិយាបថ​ព្រលែង​ចង្កូត​របស់លោក​ត្រាំ​ជាមួយ​លោក​គីម​

​យ៉ាងណាមិញ​នៅ​មិនទាន់​ដឹង​ទេ​ថា​នឹងមាន​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង​កើតឡើង​ទៀត​ឬ​អត់ ឬក៏​កូរ៉េខាងជើង​នឹង​បន្ដ​ចរចា​ជាមួយ​អាមេរិក​ទៀត​ឬ​យ៉ាងណា​នៅពេល​លោក​ត្រាំ​ចប់​អាណត្ដិ​ហើយ​នោះ​។ កូរ៉េខាងជើង​ពេញចិត្ដ​វិធីសាស្ដ្រ​ជាមួយ​លោក​ត្រាំ ដោយ​ផ្ដោត​សំខាន់​លើ​ការចរចា​លក្ខណៈ​ផ្ទាល់ខ្លួន​រវាង​មេដឹកនាំ ជាជាង​ការចរចា​ដែល​លាតត្រដាង​ព័ត៌មាន​គ្រប់យ៉ាង​។ លោក​គីម​ទំនងជា​គិតថា​របៀប​ធ្វើ​ការលែង​ចង្កូត​របស់លោក​ត្រាំ ដែល​រាប់បញ្ចូល​ការដកចេញ​កិច្ចចរចា​ថ្នាក់ក្រោមៗ អាច​នឹង​ផ្ដល់​លទ្ធផល​គាប់ចិត្ដ​សម្រាប់​លោក​។ 

​កង្វះ​ការតាមដាន​គឺជា​ផ្នែក​មួយ​ដែល​បាន​កើតឡើង​នៅក្នុង​គោលនយោបាយ​របស់លោក​ត្រាំ​ផងដែរ ដែល​បាន​បង្កើតឲ្យមាន​សេចក្ដីថ្លែងការ​ណ៍ ប៉ុន្ដែ​គ្មាន​លទ្ធផល​រំលាយ​នុយក្លេអ៊ែរ​ច្បាស់លាស់​ទេ​។ ខណៈដែល​កូរ៉េខាងជើង​មិនបាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាមួយ​រដ្ឋបាល​ថ្មី ប៉ុន្ដែ​ប្រទេស​នេះ​បានបញ្ជាក់​ច្បាស់​ណាស់​ថា​ចង់ឃើញ​អាមេរិក​ធ្វើ​សម្បទាន​។​

​នៅក្នុង​ការបិទ​បញ្ចប់​សមាជ​បក្ស​ពលករ​កូរ៉េខាងជើង​កាលពីដើម​ខែ​មករា លោក​គីម ជុង​អ៊ុន​បានដាក់​អាមេរិក​ជា​សត្រូវ​ធំ​បំផុត​របស់​កូរ៉េខាងជើង ហើយ​ប្រកាសថា​គន្លឹះ​ដែល​អាចបង្កើត​ទំនាក់ទំនង​ទ្វេភាគី​ជាថ្មី សម្រាប់​អាមេរិក​គឺ​ត្រូវ​ដកចេញ​គោលនយោបាយ​អរិភាព​។ ឃ្លា​នេះ​ចង់​សំដៅ​ដល់​វិធានការ​មួយចំនួន រួមបញ្ចូល​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​អាមេរិក​ដាក់​លើ​កូរ៉េខាងជើង និង​បញ្ចប់​សមយុទ្ធ​យោធា​រួមគ្នា​អាមេរិក​-​កូរ៉េខាងត្បូង​។​

​នៅក្នុង​កិច្ចប្រជុំ​ដដែល​នោះ កូរ៉េខាងជើង​បានបញ្ជាក់​ថា​ខ្លួន​នឹង​បន្ដ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​គុណភាព​និង​បរិមាណ​នៃ​កម្លាំង​នុយក្លេអ៊ែរ​និង​សព្វាវុធ​ផ្សេងៗ​ទៀត​។ កូរ៉េខាងជើង​បាន​និយាយ​ពី​បញ្ជី​លម្អិត​នៃ​អាវុធ​មិនធម្មតា​របស់ខ្លួន ដែល​កំពុងស្ថិត​ក្នុងកា​រ​អភិវឌ្ឍ​រួមមាន​អាវុធ​នុយក្លេអ៊ែរ​បច្ចេក​វិទ្យា​ខ្ពស់ និង​មី​ស៊ី​ល​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ ទីក្រុង​ព្យុងយ៉ាង​ទំនងជា​ជឿជាក់ថា​ពេលវេលា​គឺ​ស្ថិតនៅលើ​ខ្លួន មាន​អាវុធ​កាន់តែច្រើន​មិនមែន​គ្រាន់តែ​អាច​បង្កើន​សមត្ថភាព​ការពារ​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏មាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន​ផងដែរ​នៅក្នុង​ការចរចា​ការទូត​ណាមួយ​នា​ពេលអនាគត​។​

​ការសម្រេចចិត្ដ​បញ្ច្រាស​ពីមុន

ជារួម​ជម្រើស​មួយ​ដែល​លោកចូ បាយដិន​ជួបប្រទះ​ក្នុងពេ​លកាន់​តំណែង​ប្រធានាធិបតី​ដំបូង គឺថា​តើ​ត្រូវ​ដើរ​បញ្ច្រាស​ការសន្យា​ដែល​លោក​ត្រាំ​បានធ្វើ​បន្ទាប់ពី​កិច្ចប្រជុំ​លើកដំបូង​ជាមួយ​លោក​គីម​នៅ​សិង្ហ​បុរី​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៨​ឬ​យ៉ាងណា​។ លោក​ត្រាំ​ប្រកាស​នៅពេលនោះ​ថា​លោក​នឹង​បញ្ឈប់​សមយុទ្ធ​យោធា​រួមគ្នា​អាមេរិក​-​កូរ៉េខាងត្បូង ជា​សមយុទ្ធ​កូរ៉េខាងជើង​ចាត់ទុកជា​ការ​បង្កហេតុ ទោះបី​ពុំមាន​ការដោះដូរ​ណាមួយ​មកវិញ​គួរឲ្យ​កត់សម្គាល់ក៏ដោ​យ​។​

​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ចាប់តាំងពី​ពេល​នោះមក បាន​ផ្អាក​និង​រៀបចំ​ទ្រង់ទ្រាយ​តូច​បំផុត​សមយុទ្ធ​ធំៗ​ធ្លាប់ធ្វើ​រួមគ្នា​ពីមុន​។ ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​បាន​បន្ដ​ធ្វើឲ្យប៉ះពាល់​ដល់​សមយុទ្ធ​យោធា​រួម​គ្នា​បន្ដទៀត​ក្នុង​ឆ្នាំ​២០២០​។ ការចាប់ផ្ដើម​ឡើងវិញ​នូវ​សមយុទ្ធ​យោធា​អាចជួយ​ឲ្យ​កងកម្លាំង​អាមេរិក​និង​កូរ៉េខាងត្បូង​ត្រៀម​ទុក​មុន សម្រាប់​សកម្មភាព​ដែល​កើតឡើង​ជា​យក​ថា​ហេតុ​។ ប៉ុន្ដែ​ទីក្រុង​ព្យុងយ៉ាង​ក៏​អាច​យក​ឱកាស​នេះ ធ្វើជា​លេស​បន្ដសកម្មភាព​បង្កហេតុ​ថ្មី​ណាមួយ​ដែរ​។​

​ជា​ការសម្រេចចិត្ដដ៏​ងាយ​ស្រួល​មួយ​សម្រាប់​លោក​បាយដិន​គឺថា គោលនយោបាយ​ការបរទេស​របស់លោក​ត្រូវតែ​ប្រឹក្សា​ឲ្យបាន​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធ​មិត្ដ​កូរ៉េខាងត្បូង​និង​ជប៉ុន ទៅលើ​បញ្ហា​សន្ដិសុខ​ទូទៅ​និង​ពិសេស​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​។ កូរ៉េខាងត្បូង​ហាក់​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​លោក​ត្រាំ​ប្រកាស​ផ្អាក​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង​ដោយ​ពុំមាន​ពិភាក្សា​ជាមួយ​ខ្លួន​។ ចំណែក​ជប៉ុន​វិញ​ក៏​បារម្ភ​ពី​ការដែល​អាមេរិក​ដកទ័ព​ចេញពី​កូរ៉េខាងត្បូង ដែល​ធ្វើ​ដូច្នេះ​អាច​បង្កបញ្ហា​សន្ដិសុខ​ធ្ងន់ធ្ងរ​សម្រាប់​កូរ៉េខាងត្បូង​។ 

​អ្វីដែល​លោក​ត្រាំ​បានធ្វើ​ដូច​រៀបរាប់ អាចធ្វើឲ្យ​កូរ៉េខាងជើង​កេង​ចំណេញបាន​។ អ៊ីចឹង​ទេ​ដើម្បី​ធានា​ស្ថិរភាព​ក្នុង​តំបន់ អាមេរិក​ចាំបាច់​ត្រូវ​អនុវត្ដ​ការប្រឹក្សា​យោបល់​គ្នា​ឲ្យ​ជិតដិត​បំផុត​ជាមួយ​សម្ព័ន្ធមិត្ដ ទាំង​ទម្រង់​នៃ​ការចរចា​ជាមួយ​កូរ៉េខាងជើង និង​ការធ្វើសម្បទាន​ដែល​អាច​ជះឥទ្ធិពល​ដល់​គោលនយោបាយ​នៅ​ពេលអនាគត​។ លោក​បាយដិ​នក៏​នឹងត្រូវ​ការផង​ដែរ​ការស្វែងរក​កិច្ចសហការ​ជាមួយ​ប្រទេស​ចិន​ដូច​បញ្ជាក់​ខាងដើម ទោះបីជា​អាមេរិក​និង​ចិន​មាន​ទំនាក់ទំនង​ពុំសូវល្អ​ក្នុង​រយៈពេល​ចុងក្រោយ​។ នៅពេល​អាមេរិក​និង​ចិន​មិនទាន់​ឯកភាព​លើ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ឬ​ប្រហែលជា​នឹង​មិនអាច​ឯកភាព​ក្ដី ប៉ុន្ដែ​មហាអំណាច​ទាំងពីរ​ក៏​ធ្លាប់​ចាប់ដៃ​កំណត់​បាន​រួចទៅហើយ លើ​ឥរិយាបថ​របស់​កូរ៉េខាងជើង​នា​ពេលកន្លងមក​។​

​លោក​បាយដិន​ចាំបាច់​ត្រូវ​ស្វែងរក​ឲ្យបាន​នូវ​ចំណុ​ចនេះ​ជាមួយ​ចិន ដើម្បី​រក្សា​ដំណោះស្រាយ​ប្រកបដោយ​ស្ថិរភាព​ទាក់ទង​នឹង​បញ្ហា​កូរ៉េខាងជើង​។ ពឹង​ចិន​ព្រោះ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់បំផុត និង​ជា​សម្ពន្ធមិត្ដ​នយោបាយ​ចា​ក់ទឹក​មិនលិច​របស់​កូរ៉េខាងជើង​។  ទោះ​ពុំទាន់​មាន​ភាពច្បាស់​ការ​ថា​នឹង​អាចមាន​គោលនយោបាយ​ណាមួយ​កើតឡើង​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង តែ​លោក​បាយដិន​គួរតែ​ប្រាកដថា​រដ្ឋបា​ល​របស់លោក​បាន​សហការ​យ៉ាង​ពេញដៃពេញជើង ជាមួយ​សម្ពន្ធមិត្ដ​សំខាន់ៗ​ដែល​ពាក់ព័ន្ធ នោះ​ទើប​ជា​រឿង​ល្អ​បំផុត​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត