សូម​ប្រយ័ត្ន​មេរោគ​ថ្មី​ដែល​កំពុង​វាយលុក​តាមរយៈ​កម្មវិធី​WhatsApp!

26-01-2021 11:15 am 925

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៅ​ថ្ងៃទី​២៦​មករា​នេះ បានឲ្យដឹង​នៅលើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការថា នាពេល​ថ្មីៗ​ក្រុម​អ្នកស្រាវជ្រាវ​ទើបតែ​បាន​រកឃើញ​កម្មវិធី​មេរោគ​ថ្មី​សម្រាប់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ដែល​អាច​ឆ្លង​រីក​រាលដាល​ដោយ​ស្វ័យប្រវត្តិ​តាមរយៈ​កម្មវិធី​WhatsApp​។ 

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក៏បាន​បញ្ជាក់ទៀតថា វិធីសាស្ត្រ​នៃ​ការចម្លង​មេរោគ​នេះ​គឺ​ពួកគេ​បាន​ប្រើ​មុខងារ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ ដែលមាន​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​Android និង​កម្មវិធី​WhatsApp​។ ការចម្លង​មេរោគ​នេះ​ទៀតសោត​នៅពេល​ទូរស័ព្ទ​មាន​មេរោគ​ទទួលបាន​សារ​តាមរយៈ​កម្មវិធី​WhatsApp វា​នឹង​ឆ្លើយតប​ទៅ​អ្នក​ផ្ញើ​វិញ​ជាមួយនឹង​តំណ​ភ្ជាប់​ឱ្យ​បញ្ចូល​កម្មវិធី​ក្លែងក្លាយ "Huawei Mobile" តាមរយៈ​គេហទំព័រ​ក្លែងក្លាយ​ដែលមាន​រូបរាង​ស្រដៀង​គ្នា​ទៅនឹង​គេហទំព័រ Google Play Store​។ 

​បន្ទាប់ពី​លោកអ្នក​បញ្ចូល​កម្មវិធី​មេរោគ​នេះ វា​នឹង​ស្នើសុំ​ដើម្បី​អាច​ផ្ញើ​សារ​ចេញ​ដោយ​ស្វ័យប្រវត្តិ ដែល​នេះ​ធ្វើឱ្យ​ទូរស័ព្ទ​លោកអ្នក​ក្លាយទៅជា​ឧបករណ៍​សម្រាប់​ចែកចាយ​មេរោគ​បន្តទៅ​ទូរ​សព្ទ​ផ្សេងៗ​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ផងដែ​រថា មេរោគ​នេះ​ក៏​អាច​បន្ថែម​ស្គ្រីន​ទៅលើ​កម្មវិធី​ផ្សេងៗ​ទៀត​ដើម្បី​លួច​យក​ព័ត៌មាន​សំខាន់ៗ​ដូចជា​ឈ្មោះ​និង​លេខ​សម្ងាត់​ជាដើម​។​

 ​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​កម្មវិធី​មេរោគ​ថ្មី​អាច​ចម្លង​តែ​តាមរយៈ​កម្មវិធី​WhatsApp ប៉ុន្តែ​ជនខិលខូច​ក៏​អាចធ្វើ​ការកែសម្រួល​វា ដែល​អាចឱ្យ​ដំណើរការបាន​ជាមួយនឹង​កម្មវិធី​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ទៀត​នៅ​ពេលអនាគត​។ ដូច្នេះ​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា សូមកុំ​ទាញយក​កម្មវិធី​ពី​តំណ​ភ្ជាប់​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ហើយ​លោកអ្នក​គួរតែ​ទាញយក​កម្មវិធី​តែ​ពី​ក្នុង​កម្មវិធី​ផ្លូវការ​ដែលមាន​ស្រាប់​នៅក្នុង​ទូរស័ព្ទ​៕ ដោយ​៖ ម៉ៅ សុភ័ក្ត្រា​

 

 

ព័ត៌មានផ្សេងទៀត