លោកRyu Hyun-wooអគ្គរដ្ឋទូតស្តីទីកូរ៉េខាងជើងប្រចាំនៅប្រទេសគុយវ៉ែត បានភៀសខ្លួនជាមួយក្រុមគ្រួសារទៅរស់នៅប្រទេសកូរ៉េខាងត្បូង តាំងតែពីខែកញ្ញាឆ្នាំ២០១៩មកម្លេះ។ ការភៀសខ្លួនមកសុំសិទ្ធិជ្រកកោននៅប្រទេសកូរ៉េខាងត្បូង របស់លោកRyu Hyun-wooត្រូវបានរក្សាទុកជាសម្ងាត់តាំងពីពេលនោះមក។ នេះបើតាមលោកTae Yong Hoដែលធ្លាប់ជាឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើងប្រចាំនៅចក្រភពអង់គ្លេស មុនពេលមករស់នៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៦ ហើយត្រូវបានជាប់ឆ្នោតជាសមាជិកសភាកូរ៉េខាងត្បូងកាលពីឆ្នាំមុន។
ជាធម្មតាកម្រមានមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងរត់ចោលប្រទេសណាស់ បើទោះបីជាមានប្រជាជនកូរ៉េខាងជើងប្រហែល១០០០នាក់ ប្រថុយគ្រោះថ្នាក់រត់ចេញពីប្រទេសជារៀងរាល់ឆ្នាំក៏ដោយ។ ប្រជាជនដែលរត់រួចខ្លួនមកបាន គឺមិនងាយស្រួលទេ។ ពួកគេប្រថុយក្នុងការរត់គេចដ៏គ្រោះថ្នាក់ ឆ្លងកាត់ព្រំដែនដែលមានការការពារសន្តិសុខដ៏រឹងមាំ តាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង ឬបើព្យាយាមរត់គេចខ្លួនដោយឆ្លងកាត់ព្រំដែនទៅប្រទេសចិន ដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើង នឹងត្រូវគេចាប់បញ្ជូនត្រឡប់ទៅកូរ៉េខាងជើងវិញ។
បើទោះបីជាករណីកម្រ តែលោកRyu Hyun-wooមិនមែនជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងទីមួយទេ ដែលបានចាកចេញពីប្រទេសដ៏ឯកោបំផុតលើពិភពលោកមួយនេះ។ ពោល មន្ត្រីចុងក្រោយម្នាក់ទៀតបន្ទាប់ពីលោកRyu Hyun-woo គឺលោកJo Song Gilឯកអគ្គរដ្ឋទូតស្តីទីកូរ៉េខាងជើងប្រចាំនៅប្រទេសអ៊ីតាលី ដែលបានបាត់ខ្លួនជាមួយភរិយាពីស្ថានទូត ហើយស្រាប់តែឃើញរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោកRyu Hyun-wooអគ្គរដ្ឋទូតស្តីទីកូរ៉េខាងជើង ប្រចាំនៅប្រទេសគុយវ៉ែតចាប់តាំងពីឆ្នាំ២០១៧ ហើយលោកត្រូវជាកូនប្រសារបស់លោកJon Il Chunដែលជាអតីតប្រធានការិយាល័យទទួលបន្ទុកថវិកាសម្ងាត់របស់ថ្នាក់ដឹកនាំកូរ៉េខាងជើងផងដែរ។ យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ការសម្រេចចាកចេញពីប្រទេសរបស់មន្ត្រីការទូតកូរ៉េខាងជើង មករស់នៅប្រទេសកូរ៉េខាងត្បូង ដើម្បីផ្តល់សេរីភាព និងការកសាងអនាគតដ៏ប្រសើរសម្រាប់កូនៗរបស់ពួកគេ។ លោកTae Yong Hoបានអំពាវនាវឲ្យមន្ត្រីកូរ៉េខាងជើងផ្សេងទៀត ដែលកំពុងបម្រើការងារនៅទូទាំងពិភពលោក បើមានឱកាសគួរតែយកគំរូតាមពួកលោក៕ ដោយ៖អ៊ុន សុខឡា