ពលករខ្មែរ៧នាក់រងគ្រោះដោយសារបាក់ស្រុតស្ពាននៅថៃមិនប៉ះពាល់អាយុជីវិតទេ

25-01-2021 4:32 pm 1094

តាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ពលករខ្មែរចំនួន៧នាក់ ដែលរងគ្រោះក្នុងករណីស្ពានអាកាសបាក់ស្រុតនៅខេត្តនគររាជសីមាប្រទេសថៃនោះ មិនមានគ្រោះថ្នាក់ដល់បាត់បង់ជីវិតទេ ហើយពេលនេះពួកគេកំពុងទទួលបានការព្យាបាលនិងការយកចិត្តទុក្ខដាក់ ព្រមទាំងមានការចុះសួរសុខទុក្ខពីសំណាក់ស្ថានទូតផងដែរ។

ពលករខ្មែរចំនួន៧រូបនោះរួមមានប្រុស៤នាក់និងស្រី៣នាក់។ បើតាមការឲ្យដឹងពីស្ថានទូត ពួកគេបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤៖១៨នាទី ខណៈស្ពានកំពុងសាងសង់ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។

គួរបញ្ជាក់ថា បច្ចុប្បន្នពលករ៣នាក់បានចាកចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងនោះម្នាក់ជាស្ត្រីបានរងរបួសបាក់ជើងស្តាំ ចំណែកម្នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត និងពលករ២នាក់ទៀតត្រូវចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃទី២៥ ខែមករានេះ។ ក្រោយកើតហេតុការណ៍ខាងលើតំណាងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគេ ព្រមទាំងផ្តាំផ្ញើការសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនពលករខ្មែរផងដែរ។

យ៉ាងណាមិញ បើតាមការបញ្ជាក់បន្ថែមពីស្ថានទូត ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជកនិងធានារ៉ាប់រងសង្គមជាអ្នកទទួលខុសត្រូវ។ ចំណែកពលករដែលកំពុងសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាននឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់៕ ដោយ៖ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត

ថវិកា​ប្រមាណ​១.៦​ពាន់​លាន​រៀល​នឹង​ផ្តល់​ជូន​ខេត្ត​១១​ដើម្បី​ឧបត្ថម្ភ​ពលករ​ដែល​វិល​មក​ស្រុក​

ពលករខ្មែរមកពីថៃ៧នាក់ដែលគេចចត្តាឡីស័កត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពលករ​ខ្មែរ​ម្នាក់​ជាន់មីន​ផ្ទុះ​ដាច់​ជើង​ក្រោយ​លួច​ឆ្លងដែន​ពី​ថៃ​ចូល​កម្ពុជា​តាម​ព្រៃភ្នំ​

ពលករខ្មែរនៅកូរ៉េ៦នាក់រងគ្រោះឆេះកន្លែងស្នាក់នៅខ្ទេចគ្មានសល់

 ពលករ​ខ្មែរ​២១​នាក់​ឆ្លងដែន​មកពី​ថៃ​តាម​ច្រក​ខេត្តកោះកុង​អវិជ្ជ​មាន​កូវី​ដ​-១៩​ទាំងអស់​

 លោក​ពេជ្រ ស្រស់ បារម្ភ​ពី​ការកើនឡើង​ករណី​កូវី​ដ​១៩ចំពោះ​ពលករ​ត្រឡប់​ពី​ថៃ​

 រកឃើញមនុស្ស១៣នាក់ទៀតឆ្លងកូវីដ១៩និងជាសះស្បើយថ្មីម្នាក់

គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ស្នើ​ពលករ​ខ្មែរ​នៅ​ថៃ​កុំ​ទាន់​មក​ស្រុក​កំណើត​

 ស្ថានភាពពលករខ្មែរចេញពីថៃ ចូលស្រុកតាមច្រកព្រំដែនខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ

 ២​ថ្ងៃ​មាន​ពលករ​ខ្មែរ​ជាង​៣០០​នាក់​ចាកចេញ​ពី​ថៃ​តាម​ច្រក​អូរ​ស្មាច់​